COVID-19
ជាតិ
កុមារជិត១៣ម៉ឺននាក់នៅសៀមរាប ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
20, Aug 2021 , 9:59 pm        
រូបភាព
យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារនៅក្នុងក្រុងសៀមរាប។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារនៅក្នុងក្រុងសៀមរាប។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ កុមារអាយុចាប់ពី១២ ដល់១៧ឆ្នាំ ប្រមាណជិត១៣ម៉ឺននាក់ បាន​​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងខេត្តសៀមរាប។

 
រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងពីការចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារអាយុចាប់ពី១២ ដល់១៧ឆ្នាំ នៅទូទាំងខេត្ត។ តាមមន្រ្តីនៃសាលាខេត្តសៀមរាបបានបញ្ជាក់ថា កុមារដែលដល់អាយុចាក់វ៉ាក់សាំង សរុបទាំងអស់មានចំនួន ១២៨,៥៨១នាក់ នៅតាមក្រុង និងស្រុកទាំង១២ និងនៅតាមទីតាំងសរុបចំនួន ២២កន្លែង។
 
លោក សុខ ថុល បានបញ្ជាក់ក្នុងរបាយការណ៍ដែលបានរៀបចំសម្រាប់ការចាក់វ៉ាក់សាំងខាងលើ ក្នុងនោះមានស្រុកខ្លះបានចាប់ផ្តើមចាក់ពីថ្ងៃទី១៨មក ឯខ្លះទៀតចាប់ផ្តើមនៅថ្ងៃទី១៩ និងខ្លះទៀតចាប់ផ្តើមចាក់នៅថ្ងៃទី២០ ខែ សីហា។ យុទ្ធនាការចាក់ដូសទី១នេះ ចាប់ផ្តើមពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី៥ ខែ កញ្ញា។ 
 
តាមរបាយការណ៍ខាងលើបង្ហាញថា ក្រុងសៀមរាបមានកុមារដល់អាយុចាក់ច្រើនជាងគេ គឺចំនួន ២៩,៨២៧នាក់ បន្ទាប់មកស្រុកពួក មាន ១៨,២១៦នាក់ ស្រុកជីក្រែង មាន ១៦,០៦៨នាក់ និងស្រុកសូទ្រនិគម ១៤,១៤២នាក់។ ក្រៅពីនេះ ស្រុកប្រាសាទបាគង ៩,១៥៧នាក់ ស្រុកក្រឡាញ់ ៧,៤៥៦នាក់ ស្រុកអង្គរជុំ ៧,២៩៣នាក់ ស្រុកស្វាយលើ ៦,១១៨នាក់ ស្រុកបន្ទាយស្រី ៥,៩៦៧នាក់ ស្រុកស្រីស្នំ ៥,៤២០នាក់ ស្រុកវ៉ារិន ៥,១២០នាក់ និងស្រុកអង្គរធំ ៣,៧៩៧នាក់៕
 
 
 
 
 

Tag:
 វ៉ាក់សាំងកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com