អន្តរជាតិ
សមាជិកណាតូ ចង់បានពេលបន្ថែមដើម្បីជម្លៀសមនុស្សអាហ្វហ្កានីស្ថាន ខណៈអាម៉េរិកកំណត់ត្រឹមចុងខែសីហា
21, Aug 2021 , 11:59 am        
រូបភាព
អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ Jens Stoltenberg ។ រូបថត AFP
អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ Jens Stoltenberg ។ រូបថត AFP
រដ្ឋសមាជិកសម្ព័ន្ធយោធាណាតូមួយចំនួន នៅថ្ងៃទី២០ ខែសីហា ទទូចឱ្យពន្យារពេលជម្លៀសមនុស្សពីអាហ្វហ្កានីស្ថានឱ្យហួសពីថ្ងៃទី៣១ ខែសីហា ដែលជាពេលអាម៉េរិកបញ្ចប់ការដកទ័ពចុងក្រោយ។ ការស្នើនេះ ក៏ព្រោះតែនៅមានមនុស្សជាច្រើនទៀតដែលនៅជាប់គាំងក្នុងទីក្រុងកាប៊ុលមិនអាចធ្វើដំណើរទៅកាន់ព្រលានយន្តហោះបាន។

 
ខណៈដែលប្រជាជនអាហ្វហ្កានីស្ថានរាប់ពាន់នាក់ មានវាសនាចូលដល់ព្រលានយន្តហោះ Hamid Karzai ដើម្បីចាកចេញពីប្រទេស មនុស្សជាច្រើនទៀតដែលមានសិទ្ធិត្រូវជម្លៀសដែរនោះ នៅជាប់គាំងក្នុងទីក្រុងកាប៊ុលនៅឡើយ។​ ក្នុងចំណោមនោះ មានទាំងប្រជាជនអាហ្វហ្កានីស្ថានដែលធ្វើការឱ្យអាម៉េរិក សម្ព័ន្ធយោធាណាតូ និងជនបរទេសផងដែរ។ ខណៈការដកទ័ពរបស់អាម៉េរិកត្រូវបញ្ចប់ត្រឹមថ្ងៃទី៣១ ខែសីហា រដ្ឋសមាជិកណាតូខ្លះ ចង់ឱ្យការជម្លៀសមនុស្សនេះ បន្តធ្វើឡើងទៀត។
 
អគ្គលេខាធិការណាតូ Jens Stoltenberg និយាយក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសណាតូនៅថ្ងៃទី២០ ខែសីហា ស្ថានការណ៍នៅក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ពិតជាពិបាកមើលណាស់។ លោក ទំនងចង់សំដៅស្ថានភាពរបស់ជនបរទេសដែលមិនអាចធ្វើដំណើរទៅកាន់អាកាសយានដ្ឋានបាន ក្រោយក្រុមតាលីបង់ចូលកាន់កាប់រដ្ឋធានីកាលពីចុងសប្ដាហ៍មុន។
 
«អាម៉េរិកបញ្ជាក់ថា កាលបរិច្ឆេទចាកចេញនៅថ្ងៃទី៣១ ខែសីហា ប៉ុន្តែសម្ព័ន្ធមិត្តយើងមួយចំនួបបានលើកឡើងពីភាពចាំបាច់ក្នុងការបន្ត [ការជម្លៀស] ដើម្បីឱ្យមនុស្សកាន់តែច្រើនចាកចេញបាន។» លោក Stoltenberg និយាយបែបនេះក្រោយកិច្ចប្រជុំបន្ទាន់។ លោកបន្ថែមថា សមាជិកណាតូជាច្រើន បានបញ្ជូនយន្តហោះទៅកាន់អាហ្វហ្កានីស្ថានដើម្បីជម្លៀសមនុស្ស ប៉ុន្តែការដឹកមិនបានច្រើនឡើយ ដោយសារបញ្ហានៅក្រៅព្រលាន។
 
ប្រមុខសម្ព័ន្ធណាតូរូបនេះ ទទូចឱ្យក្រុមតាលីបង់បើកផ្លូវសុវត្ថិភាពសម្រាប់ជនបរទេស និងប្រជាជនអាហ្វហ្កានីស្ថានដែលចង់ចាកចេញ។ មន្រ្តីណាតូម្នាក់បញ្ជាក់ថា មកទល់ពេលនេះ មនុស្សប្រមាណ១៥០០០នាក់ ត្រូវបានដឹកចេញពីអាហ្វហ្កានីស្ថានហើយ។
 
ទាក់ទងរឿងជម្លៀសមនុស្សនេះ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ធ្លាប់បង្ហើបថា កងទ័ពអាមេរិកអាចបន្តឈរជើងនៅអាហ្វហ្កានីស្ថានហួសថ្ងៃទី៣១ ខែសីហា ដើម្បីការពារ និងសម្របសម្រួលការជម្លៀសប្រជាជនអាមេរិក៕

Tag:
 អាមេរិក
  តាលីបង់
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com