ជាតិ
ទឹកទន្លេសាបចាប់ផ្តើមឡើងបន្ដិច តែបរិមាណទឹកភ្លៀងនៅទាប
21, Aug 2021 , 3:01 pm        
រូបភាព
ទឹកទន្លេសាបហាក់ឡើងបន្ដិចនៅក្នុងសហគមន៍កំពង់ភ្លុក ដែលថតនៅថ្ងៃទី១៤ សីហា ឆ្នាំ២០២១។
ទឹកទន្លេសាបហាក់ឡើងបន្ដិចនៅក្នុងសហគមន៍កំពង់ភ្លុក ដែលថតនៅថ្ងៃទី១៤ សីហា ឆ្នាំ២០២១។
សៀមរាប៖ ទឹកទន្លេសាបហាក់ឡើងបន្ដិចនៅក្នុងខែសីហានេះ ដែលបរិមាណនេះ ត្រូវបានគេមើលឃើញថា ខ្ពស់ជាងឆ្នាំទៅមិញ។ រីឯរបបទឹកភ្លៀងវិញ តាមការបញ្ជាក់ពីមន្រ្តីធនធានទឹក និងឧតុនិយម គឺនៅទាបនៅឡើយ ដែលបង្កជាក្ដីបារម្ភជាខ្លាំងសម្រាប់កសិករ។

 
អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប លោក យិន សុវណ្ណ មានប្រសាសន៍ថា កម្ពស់ទឹកទន្លេសាប គិតត្រឹមថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២១ មានកម្ពស់ ២.៣៨ម៉ែត្រ ធៀបនឹងឆ្នាំ២០២០ ខុសគ្នាជិត២ម៉ែត្រ គឺឆ្នាំទៅក្នុងបរិមាណត្រឹម ០,៤៨ម៉ែត្រប៉ុណ្ណោះ  ក្នុងរយៈពេលដូចគ្នានេះ។ លោកបន្ថែមថា ការឡើងនេះដោយសារកម្ពស់ទឹកពីអាងទន្លេមេគង្គ ដែលហូរជន់ពីផ្នែកខាងលើ។ 
 
ចំណែកបរិមាណទឹកភ្លៀងវិញ តាមការបញ្ជាក់ពីមន្រ្តីធនធានទឹកខេត្តសៀមរាប មកដល់ថ្ងៃទី២០ សីហា បរិមាណ ៦៨៦,៤មីលីម៉ែត្រប៉ុណ្ណោះ ដែលជាមធ្យមមានបរិមាណ ១,៣០០ ទៅ១,៣៥០មីលីម៉ែត្រ។ លោក យិន សុវណ្ណ បញ្ជាក់ថា ក្នុងខែកក្កដា និងខែ សីហា ភ្លៀងបានរាំងរយៈពេលយូរ ដែលក្ដីបារម្ភមួយសម្រាប់កសិករ ដែលស្រូវជាច្រើនកំពុងជួបបញ្ហា ស្វិតខូចជាដើម។ 
 
ទាក់ទងនឹងរបបទឹកភ្លៀងនេះ លោក យិន សុវណ្ណ ពន្យល់ថា នៅមិនទាន់អាចសរុបពីបរិមាណទឹកភ្លៀងក្នុងឆ្នាំនេះថាបានកម្រិតណានៅឡើយ ដោយរង់ចាំរហូតផុតខែ តុលា៕

Tag:
 របបទឹកភ្លៀង
  ទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com