អន្តរជាតិ
លោកស្រី មឺហ្គែល ស្នើលោក ពូទីន ដោះលែងអ្នកនយោបាយប្រឆាំង ណាវ៉ាល់នី ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន ស្វាគមន៍អធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល ។ រូបថត AFP
× អធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល នៅថ្ងៃទី២០ ខែសីហា បានស្នើត្រង់ៗទៅកាន់ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន ឱ្យដោះលែងអ្នកនយោបាយប្រឆាំង អាឡិចស៊ី ណាវ៉ាល់នី (Alexei Navalny) ។ សំណើនេះ ធ្វើឡើងចំខួប១ឆ្នាំនៃការបំពុលលោក ណាវ៉ាល់នី តែម្ដង។ រដ្ឋាភិបាលរុស្ស៊ី ត្រូវចោទថា នៅពីក្រោយសកម្មភាពប្រឆាំងលោក ណាវ៉ាល់នី ដែលត្រូវបានសង្រ្គោះដោយគ្រូពេទ្យអាល្លឺម៉ង់។
«ខ្ញុំទាមទារឱ្យមេដឹកនាំរុស្ស៊ីដោះលែងលោក ណាវ៉ាល់នី។» អធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល និយាយបែបនេះក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន ក្រោយជំនួបទ្វេភាគីនៅថ្ងៃទី២០ ខែសីហា។ លោក អាឡិចស៊ី ណាវ៉ាល់នី កំពុងជាប់ខ្លួនក្រោយរងចោទការប្រកាន់ជាច្រើន។
លោកស្រីអធិការបតីអាល្លឺម៉ង់ ធ្វើទស្សនកិច្ចលើកចុងក្រោយនៅរុស្ស៊ីមុនចុះចេញពីតំណែង។ បញ្ហាអ្នកនយោបាយប្រឆាំងខាងលើ ជារបៀបវារៈសំខាន់មួយក្នុងជំនួបចរចាជាមួយមេដឹកនាំរុស្ស៊ីនៅវិមានក្រេមឡាំង។ លោកស្រី មឺហ្គែល ដែលជួបលោក ពូទីន ជាច្រើនលើកមកហើយនោះ ចាត់ទុកបញ្ហាទាក់ទងអ្នកនយោបាយប្រឆាំង ជាទុក្ខសោកមួយ ហើយអាល្លឺម៉ង់ នឹងបន្តទាមទារឱ្យទីក្រុងមូស្គូដោះលែងសកម្មជនរូបនេះ។
តបលោកស្រី មឺហ្គែល លោក ពូទីន ដែលហៅលោក ណាវ៉ាល់នី ជាចុងចោទនោះ និយាយថា អ្នកប្រឆាំងរូបនេះ ជាប់ឃុំដោយសារសកម្មភាពឧក្រិដ្ឋ មិនមែនសកម្មភាពនយោបាយឡើយ ហើយក៏ស្នើឱ្យមានការគោរពប្រព័ន្ធយុត្តិធម៌របស់រុស្ស៊ី។ សម្រាប់លោក ពូទីន កិច្ចការប្រឆាំងអំពើពុករលួយរបស់លោក ណាវ៉ាល់នី មិនគួរក្លាយជាមធ្យោបាយសម្រេចគោលដៅនយោបាយឡើយ។
មេដឹកនាំទាំងពីរ ក៏និយាយដល់ស្ថានការណ៍នៅអាហ្វហ្កានីស្ថានដែលកំពុងក្ដៅគគុកបន្ទាប់ពីក្រុមតាលីបង់ក្ដោបក្ដាប់អំណាចជាថ្មីក្រោយត្រូវអាម៉េរិកផ្ដួលរំលំកាលពី២០ឆ្នាំមុន។ លោក ពូទីន ហៅជ័យជម្នះរបស់ក្រុមតាលីបង់ជាតថភាពថ្មីដែលពិភពលោកត្រូវទទួលយក។ ដោយមិននិយាយចំឈ្មោះអាមេរិក ប្រមុខរដ្ឋរុស្ស៊ី ក៏បានរិះគន់គោលនយោបាយគ្មានការទទួលខុសត្រូវចំពោះការអនុវត្តគុណតម្លៃខាងក្រៅនៅអាហ្វហ្កានីស្ថានផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com