អន្តរជាតិ
តបទៅអាម៉េរិក! ចិនថា​ តៃវ៉ាន់ និងអាហ្វហ្កានីស្ថានពិតជាមិនដូចគ្នាមែន
21, Aug 2021 , 8:29 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying នាសន្និសីទសារព័ត៌មានថ្ងៃទី២០ ខែសីហា។ រូបថតពីវេបសាយក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying នាសន្និសីទសារព័ត៌មានថ្ងៃទី២០ ខែសីហា។ រូបថតពីវេបសាយក្រសួងការបរទេសចិន
ក្រសួងការបរទេសចិន នៅថ្ងៃទី២០ ខែសីហា បានប្រតិកម្មតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ដែលថា ការតាំងចិត្តរបស់អាម៉េរិកចំពោះសម្ព័ន្ធមិត្តមានតៃវ៉ាន់ជាដើម មិនដូចអាហ្វហ្កានីស្ថានឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying អះអាងថា តៃវ៉ាន់ និងអាហ្វហ្កានីស្ថាន ពិតជាមិនដូចគ្នាមែន ព្រោះតៃវ៉ាន់ជាទឹកដីរបស់ចិនដែលត្រូវបង្រួបបង្រួមដាច់ខាត។

 
ការដកទ័ពពីអាហ្វហ្កានីស្ថានដែលនាំឱ្យប្រទេសនេះធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ក៏នាំឱ្យមានការជជែកពីការប្ដេជ្ញាចិត្តរបស់អាម៉េរិកចំពោះសម្ព័ន្ធមិត្តឯទៀតក្នុងករណីមានការវាយប្រហារណាមួយ ពិសេសតៃវ៉ាន់ដែលប្រឈមមុខការគំរាមរបស់ចិន។ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និយាយការពារថា វាមានភាពខុសគ្នារវាងតៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុបជាមួយអាហ្វហ្កានីស្ថាន។
 
សម្ដីអធិប្បាយរបស់ប្រធានាធិបតីអាម៉េរិកដែលរាប់បញ្ចូលតៃវ៉ាន់ផងនោះ ត្រូវបានអ្នកសារព័ត៌មានចោទសួរទៅកាន់អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២០ ខែសីហា។ 
 
«វាពិតជាមានភាពខុសគ្នាជាមូលដ្ឋានរវាងអាហ្វហ្កានីស្ថាន និងតៃវ៉ាន់មែន។ អាហ្វហ្កានីស្ថានជារដ្ឋអធិបតេយ្យ ឯតៃវ៉ាន់​ ជាទឹកដីមិនអាចបំបែកបានរបស់ចិន។» លោកស្រី Hua ឆ្លើយបែបនេះទៅសំណួររបស់អ្នកសារព័ត៌មាន China Review News មុនបន្តថា គោលនយោបាយចិនតែមួយ ជាបន្ទាត់ក្រហមដែលមិនអាចឆ្លងកាត់បានដាច់ខាត។
 
អ្នកនាំពាក្យរូបនេះ ក៏រំឭកទៀតថា ចិនត្រូវតែបង្រួបង្រួមដាច់ខាត ហើយប្រទេសណាក៏ដោយ មិនគួរមើលរំលងការតាំងចិត្ត ឆន្ទៈ និងសមត្ថភាពដ៏ខ្លាំងរបស់ប្រជាជនចិនក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីចិនដែរ។ នេះជាមិនមែនជាលើកទីមួយឡើយដែលចិនប្រកាសជំហរខ្លាំងៗបែបនេះទាក់ទងបញ្ហាតៃវ៉ាន់។ បើទោះជាប្រកាន់យកជំហរបង្រួបបង្រួមដោយសន្តិវិធីក្ដី មេដឹកនាំចិនតែងប្រកាសហើយប្រកាសទៀតថា ការប្រើប្រាស់កម្លាំង ក៏មិនត្រូវបានបោះបង់ដែរ។ 
 
ក្រោយព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថាន ចិនបានរិះគន់អាម៉េរិកខ្លាំងចំពោះគោលនយោបាយយោធានិយម និងការយកគុណតម្លៃលោកខាងលិចទៅអនុវត្តក្នុងប្រទេសដែលមានបរិបទមិនដូចគ្នា។ ចិនក៏រិះគន់ការដកទ័ពបែបប្រញាប់ប្រញាល់របស់អាម៉េរិកទៀតផង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com