ជាតិ
ស្រូវវស្សានៅស្រុកក្រឡាញ់ចំនួន ២០១២ ហិកតា រងប៉ះពាល់ដោយសារគ្រោះរាំងស្ងួត
22, Aug 2021 , 3:19 pm        
រូបភាព
សៀមរាប៖ ស្រូវវស្សានៅក្នុងភូមិសាស្រ្ដស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួន ២០១២ហិកតា  កំពុងប្រឈមនឹងការខូចខាតទាំងស្រុង ប្រសិនបើពុំមានភ្លៀងធ្លាក់នារយៈពេលខ្លីខាងមុខនេះ។

 
អភិបាលស្រុកក្រឡាញ់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក លោកស្រី ម៉ននី រង្សី បានឱ្យដឹងថា ស្រូវវស្សាក្នុងឃុំចំនួន៣ នៃស្រុកក្រឡាញ់ សរុប ២០១២ ហិកតា ក្នុងនោះ ស្រូវកណ្ដាល ១៦៦៨ ហិកតា និងស្រូវធ្ងន់ ៣៤៤ ហិកតា កំពុងរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត។ ក្នុងរបាយការណ៍ដែលផ្ញើជូនអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានជម្រាបថា ឃុំដែលកំពុងប៉ះពាល់នេះ រួមមាន ឃុំស្រណាល ស្នួល និងឃុំក្រូចគរ ដែលស្មើនឹង ១៧ភូមិ ប៉ះពាល់លើគ្រួសារចំនួន ១,៣២៨ គ្រួសារ។ 
 
លោកស្រីអភិបាលស្រុកបានបញ្ជាក់ថា ការវាយតម្លៃនេះធ្វើឡើងនៅថ្ងៃទី២០ ខែ សីហា ដោយមន្រ្តីជំនាញនៃមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រឡាញ់។ លោកស្រី ម៉ននី រង្សី ពន្យល់ថា ឃុំទាំង៣ដែលកំពុងរងផលប៉ះពាល់នេះ ដោយសារពុំមានប្រព័ន្ធធារាសាស្រ្ដស្រោចស្រពគ្រប់គ្រាន់ គឺពឹងអាស្រ័យលើទឹកភ្លៀងទាំងស្រុង ហើយបើពុំមានភ្លៀងចន្លោះពី៧ថ្ងៃ ទៅ១០ថ្ងៃខាងមុខទៀតទេនោះ ដំណាំស្រូវខាងលើនឹងខូចខាតទាំងស្រុង។
 
ជាមួយគ្នានេះ លោកស្រីអភិបាលស្រុកបញ្ជាក់ទៀតថា រដ្ឋបាលស្រុកពុំមានលទ្ធភាពជួយសង្រ្គោះស្រូវខាងលើនោះទេ ដ្បិតប្រភពទឹកធំៗពីស្ទឹង ក៏ដូចជាទំនប់អាតោនៅផ្នែកខាង ពុំទាន់មានទឹកនៅឡើយ ហើយបើពឹងលើទឹកតាមប្រឡាយក្នុងស្រុកសព្វថ្ងៃ គឺអាចជួយសង្រ្គោះបានត្រឹម ៤ ទៅ៥ ហិកតាប៉ុណ្ណោះ។ លោកស្រី ម៉ននី រង្សី ប្រាប់ថា ក្នុងកាលៈទេសៈនេះ រដ្ឋបាលស្រុកមិនអាចធ្វើអ្វីបាននោះទេ មានតែត្រៀមផ្តល់ពូជស្រូវថ្មីឱ្យពលរដ្ឋរងគ្រោះតែប៉ុណ្ណោះ៕

Tag:
 គ្រោះរាំងស្ងួត
  ស្រូវវស្សា
© រក្សាសិទ្ធិដោយ thmeythmey.com