អន្តរជាតិ
អ្វីទៅជាច្បាប់សារីអះ (Sharia Law)?
23, Aug 2021 , 11:25 am        
រូបភាព
បុរសម្នាក់ ត្រូវបានវាយនឹងរំពាត់នៅខេត្តអាឆេ ឥណ្ឌូណេស៊ី។ រូបថត AFP
បុរសម្នាក់ ត្រូវបានវាយនឹងរំពាត់នៅខេត្តអាឆេ ឥណ្ឌូណេស៊ី។ រូបថត AFP
ច្បាប់សារីអះ (Shariah Law)! អ្វីទៅជាច្បាប់សារីអះ? ច្បាប់នេះមានលក្ខណៈដូចគ្នា ឬខុសគ្នាដូចម្ដេចទៅនឹងច្បាប់រដ្ឋនានា? ច្បាប់នេះ ក្លាយជាចំណាប់អារម្មណ៍ជាថ្មីក្រោយក្រុមតាលីបង់ឡើងកាន់អំណាចជាថ្មីនៅអាហ្វហ្កានីស្ថាន ហើយប្រកាសដឹកនាំប្រទេសតាមច្បាប់សារីអះនេះដូចកាលពីអំឡុងការដឹកនាំចន្លោះឆ្នាំ១៩៩៦-២០០១ ដែរ។ ហេតុអ្វីបានជាគេបារម្ភពីការអនុវត្តច្បាប់នេះ ពិសេសទាក់ទងសិទ្ធិស្រ្តី?

 
សារីអះ ជាប្រព័ន្ធច្បាប់ក្នុងសាសនាឥស្លាមដែលកំណត់អាកប្បកិរិយា ជំនឿ ទង្វើ សម្ដីសម្ដៅ និងការរស់នៅរបស់ឥស្លាមសាសនិកទាំងអស់។ តាមភាសាអារ៉ាប់ សារីអះ មានន័យថា ផ្លូវ ។ បញ្ញត្តិក្នុងច្បាប់នេះ​ ដកស្រង់ចេញពីគម្ពីរកូអាន់ (Quran) ដែលជាសៀវភៅពិសិដ្ឋរបស់ឥស្លាម ការទេសនារបស់ព្យាការីមហាម៉ាត់ និងការបកស្រាយរបស់បព្វជិតឥស្លាមលើបញ្ហាជាក់លាក់ខ្លះ។ 
 


បុរសម្នាក់កំពុងអានគម្ពីរកូអាន។ រូបថត Xinhua 

យ៉ាងណាមិញ ការអនុវត្តច្បាប់នេះ ប្រែប្រួលទៅតាមស្ថានភាព បរិបទសង្គម វប្បធម៌ក្នុងប្រទេស ឬតំបន់នីមួយៗដែលធ្វើឱ្យច្បាប់នេះខុសគ្នាទៅតាមនោះដែរ។ ករណីខ្លះ សារីអះ ក្លាយជាច្បាប់រដ្ឋដូចនៅអាហ្វហ្កានីស្ថានចន្លោះឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ d។ នៅខេត្តអាឆេ ឥណ្ឌូណេស៊ីវិញ ច្បាប់នេះ ត្រូវបានអនុវត្តជាទូទៅ និងតឹងរ៉ឹងបំផុត។  
 
បញ្ញត្តិទូទៅខ្លះៗនៃសារីអះ
 
ស្រ្តីត្រូវឃ្លុំខ្លួន និងមុខ ព្រោះច្បាប់សារីអះចែងថា ការបង្ហាញរូបសម្ផស្សជារឿងខុសច្បាប់។ តន្រ្តី ត្រូវហាមឃាត់ដែរ។ ពេលដើរក្រៅផ្ទះ ពួកគេត្រូវមានសមាជិកគ្រួសារជាបុរសទៅជាមួយ។ ស្ត្រីក៏អាចទទួលបានការអប់រំនៅផ្ទះរបស់ពួកគេ តែមិនមែននៅសាលារៀនឡើយ។ ការរួមភេទភេទដូចគ្នា ជារឿងខុសច្បាប់។ 
 

ស្រ្តីឥណ្ឌូណេស៊ីកំពុងកាន់ដៃកូន។ រូបថត Xinhua
 
ប្រភេទនៃទោស
 
មិនខុសពីប្រព័ន្ធច្បាប់ទាំងឡាយដែរ សារីអះ ក៏មានតុលាការដើមម្បីកាត់ក្ដីដែរ។ ក្រោមច្បាប់សារីអះ ការដាក់ទោសមាន៣របៀប។ ទីមួយ គឺតាហ្សៀ (Tazir) សម្រាប់បទល្មើសស្រាល ហើយការកាត់ទោស អាស្រ័យលើចៅក្រម។ បទល្មើសស្រាលៗមានការខ្ចីលុយមិនសង កុហក លួចមិនបានសម្រេច និងលួចទ្រព្យសម្បត្តិសមាជិកគ្រួសារខ្លួនឯង។ បទល្មើសបែបនេះ មិនមានការកំណត់ទោសជាក់លាក់ឡើយ។ 
 

ប៉ូលិសអនុវត្តច្បាប់សារីអះនៅឥណ្ឌូណេស៊ី។ រូបថត AFP 

ទីពីរ គឺគីសាស (Qisas) ។ គីសាស ជាការអនុវត្តទោសដូចគ្នានឹងបទល្មើស។ ឧទាហរណ៍ បើបុគ្គលម្នាក់ ត្រូវរកឃើញថា មានកំហុសសម្លាប់មនុស្ស ទោសរបស់គេ ក៏អាចជាការប្រហារជីវិតវិញដែរ។ ទីបី គឺហ៊ូឌូដ (Hudud) ។​ ហ៊ូឌូដ ជាការដាក់ទោសសម្រាប់ករណីធ្ងន់ធ្ងរដូចជា ការកាត់ដៃជើងសម្រាប់ការលួច ឬប្លន់, ការវាយរំពាត់សម្រាប់ករណីសហាយស្មន់ ឬគប់ដុំថ្ម និងទោសប្រហារជីវិតសម្រាប់បទល្មើសធ្ងន់ធ្ងរមួយចំនួនទៀត។ សម្រាប់បែបនេះ គេត្រូវការព័ស្តុតាងរឹងមាំច្រើនដើម្បីសម្រេចក្ដី។
 
ការអនុវត្តសារីអះនៅលើពិភពលោក
 
ប្រទេសដែលកាន់សាសនាឥស្លាមលើពិភពលោក តិចឬច្រើនសុទ្ធតែអនុវត្តច្បាប់សារីអះនេះ ហើយពេលខ្លះបញ្ចូលច្បាប់នេះក្នុងប្រព័ន្ធយុត្តិធម៌របស់ខ្លួនតែម្ដង។
 
-អ៊ីរ៉ង់៖ ប្រព័ន្ធច្បាប់ប្រទេសនេះអនុវត្តទាំងស្រុងតាមច្បាប់សារីអះតែម្ដង។ នៅអ៊ីរ៉ង់ ការដាក់ទោសភាគច្រើន គឺការដាក់ពន្ធនាគារ បើទោះជាករណីមួយចំនួនឈានដល់ការប្រហារជីវិតក្ដី។ ការវាយរំពាត់ និងការកាត់ដៃជើង ក៏ត្រូវបានអនុវត្តជារឿយៗដែរ។
 

ស្រ្តីអាហ្វហ្កានីស្ថានឃ្លុំខ្លួនជិតឈឹងនៅតាមទីសាធារណៈ។ រូបថត AFP 

-អារ៉ាប៊ីសាអូឌីត៖ សារីអះ ជាមូលដ្ឋានគ្រឹះនៃច្បាប់ទាំងអស់នៅអារ៉ាប៊ីសាអូឌីត។ ការរួមភេទភេទដូចគ្នា​ ជាទោសប្រហារជីវិត តែភាគច្រើនជនល្មើស ត្រូវវាយរំពាត់ ឬដាក់គុកក៏មានដែរ។ ការប្រហារជីវិត ឬការកាត់ដៃជើង តែងធ្វើឡើងនៅថ្ងៃសុក្រមុនការថ្វាយបង្គំព្រះ។
 
-ព្រុយណេ៖ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ប្រកាសអនុវត្តច្បាប់សារីអះដ៏តឹងរ៉ឹងនៅឆ្នាំ២០១៩ ដែលធ្វើឱ្យមានការរិះគន់ខ្លាំង។ ការផឹកស្រា សហាយស្មន់ សុទ្ធតែជាបទល្មើសធ្ងន់ធ្ងរ។
 
-អាហ្វហ្កានីស្ថាន (ឆ្នាំ១៩៩៦-២០០១)៖ ក្រុមតាលីបង់ អនុវត្តច្បាប់សារីអះតឹងរ៉ឹងបំផុតពេលគ្រប់អាហ្វហ្កានីស្ថានលើកដំបូង។ សិទ្ធិមនុស្ស ត្រូវបានបំពានយ៉ាងធ្ងន់ធ្ងរ ពិសេសសិទ្ធិស្រ្តី។ សិទ្ធិស្ត្រីត្រូវបានរឹតត្បិតខ្លាំង ការប្រហារជីវិតសាធារណៈមានមិនចេះដាច់៕  


រូបថត Xinhua 

© រក្សាសិទ្ធិដោយ thmeythmey.com