កីឡាអន្តរជាតិ
អន្តរជាតិ
រដ្ឋឥណ្ឌា Punjab ដូរឈ្មោះសាលា១០តាមឈ្មោះសមាជិកក្រុមហុគគីដែលឈ្នះមេដាយសំរឹទ្ធអូឡាំពិក
25, Aug 2021 , 8:29 am        
រូបភាព
ក្រុម​កីឡាករហុគគីឥណ្ឌាឈ្នះមេដាយសំរឹទ្ធពី Tokyo 2020។ រូបថត Xinhua
ក្រុម​កីឡាករហុគគីឥណ្ឌាឈ្នះមេដាយសំរឹទ្ធពី Tokyo 2020។ រូបថត Xinhua
ដោយ: ធីតា
រដ្ឋាភិបាលរដ្ឋ Punjab នៃប្រទេសឥណ្ឌា បានផ្តួចផ្តើមគំនិតប្តូរឈ្មោះសាលារៀនចំនួន១០ទៅតាមឈ្មោះកីឡាករហុគគីដែលបានឈ្នះមេដាយសំរឹទ្ធពីព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ។ នេះជាការឈ្នះមេដាយដំបូងបំផុតរបស់ក្រុមកីឡាហុកគីឥណ្ឌាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក បើគិតចាប់តាំងពីឆ្នាំ១៩៨០មក។

 
 
ក្រុមហុគគីបុរសឥណ្ឌា បានឈ្នះអាល្លឺម៉ង់ នាការប្រកួតដណ្តើមមេដាយសំរឹទ្ធ មុនពេលដែលបែលហ្ស៊ិកឈ្នះអូស្ត្រាលី ក្នុងការប្រជែងយកមេដាយមាស។ ថ្វីត្បិតត្រឹមមេដាយសំរឹទ្ធ តែវាជាការរង់ចាំអស់រយៈពេល៤១ឆ្នាំ របស់ឥណ្ឌាក្នុងកីឡាហុកគីនាព្រឹត្តិការណ៍កីឡាអូឡាំពិក ដោយកាលពីឆ្នាំ១៩៨០ នៅមូស្គូ ពួកគេបានឈ្នះមេដាយមាសជាលើកទី៨។
 
រដ្ឋាភិបាលឥណ្ឌា បានផ្តល់ប្រាក់រង្វាន់ និងការលើកទឹកចិត្តផ្សេងៗរួចទៅហើយ។ ក្នុងចំណោមសមាជិកកីឡាករហុកគី១៦នាក់ មាន១០នាក់រស់នៅក្នុងរដ្ឋ Punjab ដូច្នេះរដ្ឋដែលនៅជាប់ព្រំដែនប៉ាគីស្ថានមួយនេះ បានសម្រេចផ្តល់កិត្តិយសជាពិសេសសម្រាប់ពួកគេតាមរយៈការប្តូរឈ្មោះសាលារៀន។
 


តាមការផ្សាយរបស់សារព័ត៌មាន SportsCafe Desk របស់ឥណ្ឌា សាលារៀនមួយចំនួនដែលត្រៀមប្តូរឈ្មោះរួចរាល់ហើយនោះមានដូចជា សាលារដ្ឋ The Government Senior Secondary School (GSSS) ត្រូវទៅជា Olympian Manpreet Singh Government Senior Secondary School ទៅតាមឈ្មោះប្រធានក្រុមហុគគី Manpreet Singh រីឯសាលាមួយទៀតនៅ Amritsar ដាក់តាមឈ្មោះអនុប្រធានក្រុម Harmanpreet Singh ជាដើម។
 
ឥណ្ឌាជាប្រទេសដ៏ធំដោយមានប្រជាជនជាង១.៣ពាន់លាននាក់ ប៉ុន្តែនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ១២១ឆ្នាំដែលពួកគេឈ្នះមេដាយចំនួន៧ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកតែមួយ។ កីឡាករចោលលំពែងឥណ្ឌា Neeraj Chopra បានឈ្នះមេដាយមាស រីឯ មេដាយប្រាក់២ បានលើកីឡាការិនីលើកទម្ងន់ Saikhom Mirabai Chanu និងកីឡាករចំបាប់ Ravi Kumar Dayiya មេដាយសំរឹទ្ធមាន៤ដែលរកបានដោយ កីឡាការិនីវ័យសី Pusarla Venkata Sindhu, កីឡាការិនីប្រដាល់ Lovina Borgohain, កីឡាករលើកទម្ងន់ Bajrang Punia និងក្រុមកីឡាហុគគីបុរស៕
 

Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com