កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe បដិសេធបន្តកិច្ចសន្យាជាមួយ PSG ម្ដងទៀត ខណៈ Real និងក្លិបធំៗទៀតរង់ចាំ
24, Aug 2021 , 4:42 pm        
រូបភាព
ក្លិបបាល់ទាត់រហ័ស្សនាមជាក្រុមអ្នកមាននៅប្រទេសបារាំង បានរំពឹងដោយមុតមាំថាការមកដល់របស់ខ្សែប្រយុទ្ធ Lionel Messi រួមទាំងខ្សែការពារ Sergio Ramos អាច អន្ទងចិត្តខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ Kylian Mbappe ឲ្យបន្តស្នាក់នៅជាមួយក្លិប Paris Saint Germain។ ប៉ុន្តែក្នុងពេលថ្មីនេះ Mbappe ត្រូវបានសារព័ត៌មានមួយរាយការណ៍ថា មិនព្រមបន្តកិច្ចសន្យាថ្មីជាមួយក្លិប Paris Saint Germain ឡើយ។

 
ក្លិប PSG បានជោគជ័យក្នុងការដោះដូរកីឡាករក្នុងឆ្នាំ ២០២១នេះ ដោយបាននាំយកមកនៅកីឡាករដ៏សំខាន់ៗដូចជា Messi,Ramos,Wijnaldam,Hakimi,និងអ្នកចាំទី Donnarumma ប៉ុន្តែក្លិបបែរជាបរាជ័យក្នុងការបញ្ចុះបញ្ចូល Mbappe ទៅវិញ ខណៈកិច្ចសន្យាកីឡាករខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះ នៅសល់ជាង ១២ខែទៀត ពោលគឺផុតកុងត្រា នៅថ្ងៃទី៣០ ខែមិថុនា ​ឆ្នាំក្រោយ។ Mbappe ដែលចូលរួមជាមួយក្លិប PSG តាំងពីឆ្នាំ២០១៧ អាចត្រូវបានក្លិប PSG ពិចារណាលក់រូបគេ នៅក្នុងទីផ្សារដោះដូរ ដែលហៀបនឹងបិទក្នុងរយៈពេល១សប្តាហ៍ទៀតនេះ។ 
 
ក្លិបដែលស្ថិតនៅទីក្រុងប៉ារីសមួយនេះ ព្យាយាមលួងលោម Mbappe ឲ្យបន្តស្នាក់នៅ PSGសិន ក៏ព្រោះមិនចង់ឲ្យ Mbappe ចាកចេញទៅដោយគ្មានតម្លៃខ្លួន នៅពេលផុតកុងត្រាផងដែរ។
 
បើយោងតាមសារព័ត៌មានកីឡា RMC Sports ក្លិប PSG បានផ្តល់កិច្ចសន្យាថ្មីមួយទៅកាន់ Mbappe ដោយក្នុងកិច្ចសន្យានោះ អាចឲ្យរូបគេបន្តស្នាក់នៅជាមួយក្លិបរយៈពេល ៥ឆ្នាំ អាចបូករួម១ ឆ្នាំបន្ថែម ព្រមទាំងបន្ថែមប្រាក់ពលកម្មទៀតផង។ បើសិនបន្ថែមប្រាក់ពលកម្មទៀតនោះ Mbappe នឹងក្លាយជាកីឡាករ មានប្រាក់ពលកម្មខ្ពស់ទី៣ នៅក្លិប PSG។
 
ក្នុងសេចក្តីរាយការណ៍នោះទៀតសោត កីឡាករខ្សែប្រយុទ្ធដ៏មានទេពកោសល្យ Mbappe បានបដិសេធលើសំណើ ដែលបានស្នើមកពីក្លិបទៅកាន់រូបគេ ដែលអាចធ្វើឲ្យក្លិប PSG នឹងត្រូវបង្ខំចិត្តលក់រូបគេចេញក្នុងពេលឆាប់ៗ ដើម្បីជៀសវាងការផ្ទេររូបគេ ដោយគ្មានតម្លៃខ្លួននាឆ្នាំក្រោយ។
 
PSG ក៏កំពុងសម្លឹងមើលកីឡាករខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបស្ករគ្រាប់ Everton គឺកីឡាករ Richarlison មកជំនួស Mbappe ប្រសិនបើការចាកចេញបានកើតឡើងពិតមែន។ កីឡាករខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar JR ក៏បានណែនាំក្លិប PSG ឲ្យយក Richarlison មកកាន់ទឹកដីប្រទេសបារាំងផងដែរ។
 
Kylian Mbappe ដែល​ចង់ចាកចេញពីក្លិប PSG ត្រូវបានក្លិបជាច្រើនចាប់អារម្មណ៍ទៅលើរូបគេ រួមមានក្លិប Real Madrid ដែលត្រូវបានគេស្មានថា អាចជាគោលដៅធំបំផុតនាំយក Mbappe ទៅទឹកដីអេស្ប៉ាញ។ ប៉ុន្តែ Real Madrid មិនទាន់បានដាក់សំណើអ្វី មកកាន់ក្លិប PSG នៅឡើយ។ ក្លិបនៅក្របខណ្ឌ Premier League ប្រទេសអង់គ្លេស Liverpool និង Manchester United ក៏បានបង្ហាញចំណាប់អារម្មណ៍លើ Mbappe ដូចគ្នាដែរ៕
 

Tag:
 Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com