ជាតិ
រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី លោក ហ្សាការីយ៉ា អាដាម ទទួលមរណភាពក្នុងអាយុ ៧០ឆ្នាំ
25, Aug 2021 , 9:51 am        
រូបភាព
រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី លោក ហ្សាការីយ៉ា អាដាម បានទទួលមរណភាពក្នុងអាយុ ៧០ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យក្នុងប្រទេសម៉ាឡេស៊ី។



លោក ហ្សាការីយ៉ា អាដាម បានបាត់មុខទាំងក្នុងឆាកនយោបាយ និងសហគមន៍ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារជាប់សម្រាកព្យាបាលជំងឺ ហើយចុងក្រោយ លោកបានចាកចេញទៅព្យាបាលជំងឺនៅប្រទេសម៉ាឡេស៊ី។ លោកទទួលមរណភាព នៅវេលាម៉ោង ៣ និង៤៩នាទី ព្រឹក ថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២១ នាប្រទេសម៉ាឡេស៊ី។

លោក ហ្សាការីយ៉ា អាដាម មាន​ស្រុកកំណើតនៅភូមិខ្ពប២ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។

មុនកាន់តួនាទីជារដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី លោក ហ្សាការីយ៉ា អាដាម ធ្លាប់ជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងតំណាងរាស្រ្ដមណ្ឌលកណ្ដាលផងដែរ។ បន្ថែមពីលើនេះ លោកមានតួនាទី​ជា អនុប្រធានចលនាសាសនិកឥស្លាមកម្ពុជា និងជាចាងហ្វាងរងនៃគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា។

នៅលើបណ្តាញសង្គម មានសាររំលែកទុក្ខជាច្រើនដែលបានសម្ដែងអារម្មណ៍សោកស្ដាយ ចំពោះការបាត់បង់ធនធានបញ្ញាវន្តមួយរូបសម្រាប់សហគមន៍ខ្មែរឥស្លាម និងប្រជាជាតិខ្មែរទាំងមូល៕




© រក្សាសិទ្ធិដោយ thmeythmey.com