អន្តរជាតិ
នាយករដ្ឋមន្រ្តីវៀតណាមប្រាប់ទូតចិន​៖ វៀតណាមមិនចាប់ដៃប្រទេសមួយប្រឆាំងប្រទេសមួយទៀតទេ
25, Aug 2021 , 10:53 am        
រូបភាព
នាយករដ្ឋមន្រ្តីវៀតណាម ផាម មិញឈិញ (ស្ដាំ) ស្វាគមន៍អគ្គរដ្ឋទូតចិន សុង ប៉ នាជំនួបថ្ងៃទី២៤ ខែសីហា។ រូបថតពីវេបសាយកាសែតរដ្ឋាភិបាលវៀតណាម
នាយករដ្ឋមន្រ្តីវៀតណាម ផាម មិញឈិញ (ស្ដាំ) ស្វាគមន៍អគ្គរដ្ឋទូតចិន សុង ប៉ នាជំនួបថ្ងៃទី២៤ ខែសីហា។ រូបថតពីវេបសាយកាសែតរដ្ឋាភិបាលវៀតណាម
នាយករដ្ឋមន្រ្តីវៀតណាម ផាម មិញឈិញ នៅថ្ងៃទី២៤ ខែសីហា អះអាងថា​ វៀតណាម នឹងមិនចាប់ដៃប្រទេសមួយដើម្បីប្រឆាំងប្រទេសមួយទៀតឡើយ។ លោក ឈិញ អះអាងបែបនេះនាជំនួបជាមួយអគ្គរដ្ឋទូតចិនប្រចាំទីក្រុងហាណូយ ដែលធ្វើឡើងមុនទស្សនកិច្ចរបស់អនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស នៅវៀតណាម។

 
លោក ផាម មិញឈិញ នាយករដ្ឋមន្ត្រីវៀតណាម បានជួបលោក សុង ប៉ អគ្គរដ្ឋទូតចិនប្រចាំវៀតណាមនៅវិមានរដ្ឋាភិបាលនៅថ្ងៃទី២៤ ខែសីហា។ ជំនួបនេះ ត្រូវបានដឹងថា មិនមានគ្រោងទុកមុនឡើយ។ 
 
បើតាមកាសែតរដ្ឋាភិបាលវៀតណាម ក្នុងជំនួបនេះលោក ឈិញ បានអរគុណចិនដែលផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់វៀតណាមចំនួន២លានដូសនាពេលកន្លងមក។ ប្រមុខរដ្ឋាភិបាលវៀតណាម ចាត់ទុកជំនួយនេះ ជាការឆ្លុះបញ្ចាំងទំនាក់ទំនងប្រពៃណីប្រទេសទាំងពីរក្នុងគ្រាលំបាក ហើយក៏ស្នើឱ្យចិនបន្តជួយផ្គត់ផ្គង់វ៉ាក់សាំង និងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង និងឱសថដល់វៀតណាម ក៏ដូចជាប្រាប់ពីបទពិសោធដោះស្រាយវិបត្តិកូវីដ-១៩ ផងដែរ។
 
នាជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម ក៏ប្រាប់អ្នកការទូតចិនពីគោលនយោបាយការបរទេសរបស់វៀតណាមដែលប្រកាន់ខ្ជាប់គោលការណ៍ឯករាជ្យ ពឹងផ្អែកខ្លួនឯង ពិពិធកម្មទំនាក់ទំនងក្រៅប្រទេស និងចូលរួមយ៉ាងសកម្មក្នុងសមាហរណកម្មអន្តរជាតិ។ ត្រង់នេះ កាសែតរដ្ឋាភិបាលវៀតណាមស្រង់សម្ដីលោក ឈិញ ថា៖ «វៀតណាម មិនចូលរួមក្នុងសម្ព័ន្ធណាមួយ ឬចាប់ប្រទេសណាមួយដើម្បីប្រឆាំងប្រទេសមួយទៀតឡើយ។»
 
មេដឹកនាំវៀតណាម ទំនងជាចង់ប្រាប់តំណាងទីក្រុងប៉េកាំងថា បើទោះជាខ្លួនកំពុងមានទំនាក់ទំនងជិតស្និទ្ធជាមួយអាមេរិកក្ដី វៀតណាមនៅតែរក្សាចំណងមិត្តភាពជាប្រពៃណីជាមួយចិន។ ដោយចិនជាដៃគូយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់វៀតណាម វៀតណាមចាត់ទុកទំនាក់ទំនងជាមួយចិនជាជម្រើសអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។
 
ជំនួបរវាងនាយករដ្ឋមន្រ្តីវៀតណាម និងអគ្គរដ្ឋទូតចិន ធ្វើឡើងមុនដំណើរទស្សនកិច្ចរបស់លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាម៉េរិកនៅទីក្រុងហាណូយ។ ដំណើរទស្សនកិច្ចនេះ ត្រូវមើលឃើញថា​ ជាការប្រឹងប្រែងរបស់រដ្ឋការក្រុងវ៉ាស៊ីនតោនក្នុងទាក់ទាញប្រទេសក្នុងតំបន់ក្នុងការប្រឈមមុខនឹងចិន ខណៈដែលវៀតណាមមានបញ្ហាជាមួយចិនរឿងសមុទ្រចិនខាងត្បូងផងនោះ។ ទំនាក់ទំនងរវាងវៀតណាម និងអាម៉េរិក ក៏ជិតស្និទ្ធខ្លាំងក្នុងរយៈពេលចុងក្រោយនេះដែរ។
 
លោកស្រី ហារីស បានទៅដល់វៀតណាមនៅយប់ថ្ងៃទី២៤ ខែសីហាដើម្បីធ្វើទស្សនកិច្ចបីថ្ងៃ។ លោកស្រីក៏នឹងអញ្ជើញបើកដំណើរការទីស្នាក់ការប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់មជ្ឈមណ្ឌលបង្ការជំងឺឆ្លងអាមេរិក (CDC) ផងដែរ៕
 
 
 
 

Tag:
 វៀតណាម
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com