ជាតិ
សេដ្ឋកិច្ច
ផ្លែមៀន ប័រ ស្ករត្នោត និងដំណាំ៦ទៀតរបស់កម្ពុជា មានតម្រូវការទីផ្សារខ្ពស់ នៅចិន អូស្ត្រាលី EU...
25, Aug 2021 , 10:59 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជា មានផ្លែឈើនិងផលិតផលកសិកម្មចំនួន៩មុខ ដែលមានតម្រូវការទីផ្សារខ្ពស់ នៅប្រទេសអូស្រ្តាលី ណូវែលសេឡង់ ចិន សហភាពអឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ាន។ នេះបើយោងតាមសិក្សាស្រាវជ្រាវពីទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា ដោយកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី( CAVAC)។

 
ផ្លែមៀន ប័រ ស្វាយ ស្ករត្នោត ចន្ទី ម្ទេស ល្ង  ដំឡូវជ្វា និងចេកក្រៀម ជាប្រភេទដំណាំដែលមានតម្លៃ និងតម្រូវការខ្ពស់ នៅលើទីផ្សារបរទេសដោយនៅក្នុងមានទីផ្សារប្រទេសចិន អូស្រ្តាលី ណូវែលសេឡង់ សហភាពអឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ាន។ នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពីទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា នាព្រឹកថ្ងៃទី២៥សីហា លោក Pieter Bossink ប្រធានកម្មវិធីCAVAC បានលើកឡើងថា កសិផលរបស់កម្ពុជាទាំង៩នេះ  គឺបានសិក្សាយ៉ាងលម្អិតពីទំហំទីផ្សារ, សក្កានុពលនៃកំណើន និងចំណង់ចំណូលចិត្តអ្នកប្រើប្រាស់។ ជាពិសេសបច្ចេកទេសនៃវិធានការអនាម័យ និងភូតគាមអនាម័យ រួមទាំងឧបសគ្គនានាក្នុងការពាណិជ្ជកម្មក្រៅពីការបង់ពន្ធ ផងដែរ។


 លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

លោក Pieter Bossink បាននិយាយដូច្នេះ៖« ការស្រាវជ្រាវនេះ នឹងផ្តល់ជាព័ត៌មានពាណិជ្ជកម្មដែលមានប្រយោជន៍សម្រាប់ក្រសួងពាក់ព័ន្ធ, ដៃគូអភិវឌ្ឍ និងស្ថាប័នឬក្រុមហ៊ុនក្នុងវិស័យឯកជន ក្នុងការសម្រេចចិត្តធ្វើពាណិជ្ជកម្មនាំចេញផលិតផលកសិកម្មទាំងអស់»។ 
 
ជាមួយគ្នានេះ លោក Pablo Kang ដែលជាឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថា វិស័យកសិកម្មបានផ្តល់ឱ្យកម្ពុជានូវស្ថិរភាព ដែលត្រូវការជាចាំបាច់ក្នុងអំឡុងពេលកូវីដ-១៩ និងជាចំណុចកណ្តាលនៃការស្តារសេដ្ឋកិច្ចឡើងវិញ។ 
 
បើតាមឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជារូបនេះ ការសិក្សារបស់CAVAC លើផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជានេះ ជាមគ្គុទេសន៍ថ្មីមួយសម្រាប់ការរីកចម្រើននាពេលអនាគត តាមរយៈការលើកទឹកចិត្តវិស័យឧស្សាហកម្ម ក្នុងការធ្វើពិពិធកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់ការនាំចេញ ទៅជាប្រភេទដំណាំប្រកបដោយភាពច្នៃប្រឌិត ដូចជា ផ្លែប័រ និងគ្រាប់ស្វាយចន្ទី។ លោក Pablo Kang បានបញ្ជាក់យ៉ាងដូច្នេះ៖«ទាំងនេះនឹងជួយធ្វើឱ្យវិស័យកសិកម្មកម្ពុជាមានភាពធន់និងការប្រកួតប្រជែង»។


លោក Pablo Kang ដែលជាឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា និង លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
 
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សង្ឃឹមថាភាគីពាក់ព័ន្ធរបស់កម្ពុជា ជាពិសេសវិស័យឯកជន នឹងអាចសិក្សាពីឱកាសទីផ្សារនានានៅក្នុងប្រទេសចិន អូស្រ្តាលី ណូវែលសេឡង់ សហភាពអឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ាន ដែលមានតម្រូវខ្ពស់នៃដំណាំទាំង៩ប្រភេទនេះ។ 
 
លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ដូច្នេះ៖« លទ្ធផលនៃការស្រាវជ្រាវនេះ នឹងផ្តល់ជាធាតុចូលឱ្យភាគីពាក់ព័ន្ធរបស់យើងក្នុងការសិក្សាអំពីផលិតផលកសិកម្មថ្មីៗនិងឱកាសទីផ្សារ ដើម្បីសម្រេចចិត្តវិនិយោគនិងការពង្រីកធុរៈកិច្ចបន្ថែមទៀត  ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិកូវីដ-១៩»៕ 
 

Tag:
 កសិកម្ម
  ដំណាំ
© រក្សាសិទ្ធិដោយ thmeythmey.com