កីឡាអន្តរជាតិ
អន្តរជាតិ
Kane ៖ ខ្ញុំនឹងបន្តនៅជាមួយ Spurs ទៀត ដើម្បីជួយសម្រេចក្តីស្រមៃក្រុម
26, Aug 2021 , 3:26 pm        
រូបភាព
ស្របពេលដែលទីផ្សារដោះដូរកីឡាករ សល់ពេលមិនដល់១សប្តាហ៍ផងនោះ ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំ Harry Kane ដែលកំពុងមានពាក្យចរចាមអារ៉ាមថា នឹងចាកចេញពី Tottenham Hotspur នោះ បានចេញមុខបកស្រាយចម្ងល់ថា រូបគេនឹងស្នាក់នៅជាមួយក្លិបមាន់ក្នាយមាសនេះ មួយរដូវកាលទៀត។

 
ក្លិបមេឃខៀវ Manchester City គឺជាក្រុមតែ១គត់ ដែលចាប់អារម្មណ៍នឹងចង់បាន Harry Kane ខ្លាំងបំផុត។ ក្រុមរហ័ស្សនាមមេឃខៀវនេះ ហ៊ានចំណាយទឹកប្រាក់រហូតដល់ទៅ ១៥០លានផោន(២០៧លានដុល្លារ) សម្រាប់នាំយក Kane មកកាន់ទឹកដី Etihad Stadium ។ ប៉ុន្តែដោយសារបញ្ហាទីផ្សារដោះដូរខិតកាន់តែកៀក បានធ្វើឲ្យការចរចារវាងក្លិបMan City និង Harry Kane ត្រូវបានខកខាន។
 
Harry Kane ខ្សែប្រយុទ្ធក្រុមមាន់ក្នាយមាសនេះ បានចេញមកបកស្រាយជុំវិញរឿងរ៉ាវទាំងនេះ ដោយបានសរសេនៅលើបណ្តាញសង្គម Tweet ថា៖«ពិតជាមិនគួរឲ្យជឿនៅពេលដែលបានឃើញការស្វាគមន៍ពីសំណាក់អ្នកគាំទ្រ Spur ទាំងអស់កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ហើយខ្ញុំបានអានសារជាច្រើនដែលបានផ្ញើមកកាន់រូបខ្ញុំ នៅប៉ុន្មានសប្តាហ៍ក្រោយនេះ។ ខ្ញុំនឹងស្នាក់នៅជាមួយ Spur ក្នុងរដូវកាលនេះ ហើយខ្ញុំក៏នឹងផ្តោតអារម្មណ៍ក្នុងការជួយក្រុមសម្រេចបាននៅអ្វីដែលយើងធ្លាប់ស្រមៃចង់បានជាយូឆ្នាំមកហើយ»។
 
សូមជម្រាបដែរថា ក្រោយការប្រកួតពានរង្វាន់ Euro 2020 ត្រូវបានបញ្ចប់នោះ ខ្សែប្រយុទ្ធ និងជាប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ធ្លាប់បាននិយាយពីបំណងចង់ស្វែងរកបទពិសោធន៍ថ្មីក្នុងអាជីពរបស់គេ ហើយក៏ត្រូវបានលោក Pep Guardiola គ្រូបង្វឹក Man City បានចាប់អារម្មណ៍លើរូបគេតែម្ដង ដើម្បីមកបំពេញតំបន់ប្រយុទ្ធ។

© រក្សាសិទ្ធិដោយ thmeythmey.com