ជាតិ
សេដ្ឋកិច្ច
កម្ពុជាអាចនាំផលិតផលកសិកម្មទៅ១៤ប្រទេស បន្ទាប់ពី«RCEP»ចូលជាធរមាននៅដើមឆ្នាំ២០២២
26, Aug 2021 , 8:59 pm        
រូបភាព
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបថត៖ MoC
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបថត៖ MoC
ភ្នំពេញ៖ កិច្ចព្រមពៀងពាណិជ្ជកម្មសេរីក្នុងតំបន់ «RCEP» រវាងប្រទេសទាំង១០នៅអាស៊ាន ជាមួយនឹងប្រទេសចំនួន៥ទៀត នឹងចូលជាធរមាននៅ ថ្ងៃទី១មករា ឆ្នាំ២០២២។ នេះជាការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយបានបញ្ជាក់ថា បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន កម្ពុជាគឺអាចនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារនៃប្រទេសគោលដៅបានដោយត្រង់។


សូមស្តាប់ប្រសាសន៍របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ខាងក្រោម៖ 




 
Regional Comprehensive Economic Partnership (RCEP) ជាកិច្ចព្រមពៀងពាណិជ្ជកម្មសេរីក្នុងតំបន់ ដែលមានប្រទេសចំនួន១៥ចូលរួម ដោយនៅក្នុងនោះមានប្រទេស១០ទាំងរបស់អាស៊ាន រួមជាមួយ ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ក្រោយពី RCEP ចូលជាធរមាននៅដើមឆ្នាំ២០២២ កម្ពុជា ក៏ដូចប្រទេសទាំង១៤ទៀត គឺមានសិទ្ធិស្មើគ្នាក្នុងការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារប្រទេសណាដែលមានសក្កានុពល។ 
 
«RCEP នឹងអាចចូលជាធរមាននៅថ្ងៃទី១ខែមករា ឆ្នាំ២០២២»។ នេះជាការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពីទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា ដោយកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី(CAVAC) កាលពីថ្ងៃទី២៥សីហា ឆ្នាំ២០២១។ 
 
បើតាមលោក ប៉ាន សូរស័ក្តិ កម្ពុជានឹងអាចដោះស្រាយនូវបញ្ហានាំចេញ ជាពិសេសកសិផលដែលមានសក្កានុពល ក្រោយRCEP លេចចេញរូបរាងនោះ។ ផលិតផលកសិកម្មរបស់កម្ពុជា ដែលមានសក្កានុពលនាំចេញទៅប្រទេសទាំងនោះកន្លងមក រួមមានផ្លែមៀនប៉ៃលិន(តាង៉ែន) ប័រ ស្វាយ ស្ករត្នោត ចន្ទី ម្ទេស ល្ង  ដំឡូវជ្វា និងចេកក្រៀម រួមទាំងផលិតផលកសិកម្មផ្សេងទៀត ដែលស្ថិតនៅក្នុងបញ្ជីឈ្មោះរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 
 
លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ដូច្នេះ៖«ខ្ញុំជឿថានៅឆ្នាំ២០២២ នឹងមានការផ្លាស់ប្តូរច្រើនដើម្បីជំរុញនូវការនាំចេញកសិផលស្រស់ឬកែច្នៃរបស់យើង ទៅកាន់ប្រទេសគោលដៅដោយត្រង់»។ 
 
រដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះ បានបញ្ជាក់ផងដែរថា ថ្វីដ្បិតតាមរយៈRCEPនេះ កម្ពុជាអាចនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចំនួន១៤ក្នុងតំបន់ បានដោយត្រង់ក៏ពិតមែន ប៉ុន្តែកម្ពុជាចាំបាច់ត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេស អនាម័យ និងភូតគាមអនាម័យរបស់ប្រទេសនីមួយៗ រួមទាំងរបាំងមិនមែនគយពន្ធផ្សេងៗទៀត៕ 
 

Tag:
 កសិកម្ម
  RCEP
  លោក ប៉ាន សូរស័ក្តិ
© រក្សាសិទ្ធិដោយ thmeythmey.com