កីឡាអន្តរជាតិ
អន្តរជាតិ
មេ FIFA ស្នើក្រុមលីគអង់គ្លេសនិងអេស្ប៉ាញឱ្យកីឡាករទៅជួយជម្រើសជាតិនៅជម្រុះ World Cup
26, Aug 2021 , 10:29 pm        
រូបភាព
លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ស្នើក្រុមនៅលីគកំពូលអង់គ្លេស Premier League និង La Liga របស់អេស្ប៉ាញអនុញ្ញាតឱ្យកីឡាករទៅជួយក្រុមជម្រើសជាតិក្នុងការប្រកួតជម្រុះ World Cup ផង ដើម្បីជាការផ្តល់យុត្តិធម៌ដល់កីឡាករ។ អវត្តមានរបស់កីឡាករឆ្នើម នឹងជះឥទ្ធិពលដល់ការប្រកួតបាល់ទាត់ពិភពលោក។


ក្របខណ្ឌ Premier League បានបដិសេធឱ្យកីឡាករដែលធ្វើដំណើរទៅកាន់បណ្តាប្រទេសដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់ចក្រភពអង់គ្លេស ដើម្បីជួយក្រុមជម្រើសជាតិពួកគេអំឡុងជម្រុះ World Cup ខែក្រោយឡើយ ដ្បិតបារម្ភពីការឆ្លងជំងឺកូវីដ-១៩ និងច្បាប់តម្រូវធ្វើចត្តាឡីស័កពេលត្រឡប់មកវិញ។
 
ច្បាប់តឹងរ៉ឹងរបស់អង់គ្លេសតម្រូវឲ្យ កីឡាករត្រូវនៅដាច់ដោយឡែករយៈពេល១០ថ្ងៃនៅពេលពួកគេវិលត្រឡប់មកវិញ ដោយគ្មានការលើកលែងចំពោះកីឡាករបាល់ទាត់រូបណាឡើយ។
ដោយឡែក ក្របខណ្ឌ La Liga បានគាំទ្រក្លិបរបស់ខ្លួន ដែលមិនអនុញ្ញាតឱ្យកីឡាករទៅកាន់ការប្រកួតជម្រុះនៅអាមេរិកខាងត្បូងដូចគ្នា។ ទាំងលីគកំពូលអង់គ្លេស និងអេស្ប៉ាញ ត្រូវបានគេដឹងថា សម្បូទៅដោយកីឡាករល្បីៗលំដាប់ពិភពលោកច្រើនជាងគេ ក្នុងចំណោមលីគកំពូលទាំង៥នៅអឺរ៉ុប។
 
ជុំវិញការហាមប្រាមនេះ លោក Infantino មិនយល់ស្របនោះទេ។ ប្រធាន FIFA រូបនេះ ស្នើឱ្យលីគ និងក្លិបទាំងពីរនេះបន្ធូបន្ថយការរឹតត្បឹតកីឡាករបើទោះត្រូវគោរពច្បាប់ប្រទេសក្តី ដើម្បីឱ្យកីឡាអាចទៅជួយជម្រើសជាតិ សម្រាប់ការប្រកួតលំដាប់ពិភពលោកផង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
«ខ្ញុំសូមអំពាវនាវឱ្យមានការបង្ហាញសាមគ្គីភាពពីគ្រប់សហព័ន្ធសមាជិកគ្រប់លីគ និងគ្រប់ក្លិបដើម្បីធ្វើអ្វីដែលត្រឹមត្រូវ និងយុត្តិធម៌សម្រាប់កីឡាករ និងការប្រកួតជាសកល។ កីឡាករឆ្នើម ៗ ជាច្រើនលើលោកកំពុងប្រកបអាជីពក្នុងលីគនៅអង់គ្លេស និងអេស្ប៉ាញ ហើយយើងជឿជាក់ថាប្រទេសទាំងពីនេះក៏ត្រូវចូលរួមចែករំលែកការទទួលខុសត្រូវ ដើម្បីការពារសុចរិតភាពកីឡា នាការប្រកួតនៅជុំវិញពិភពលោក»។ នេះបើតាមការបញ្ជាក់របស់លោក Infantino។
 
ប្រធាន FIFA សញ្ជាតិស៊្វីសរូបនេះ បន្ថែមអវត្តមានរបស់កីឡាករឆ្នើម មិនត្រូវមិនអាចជួយក្រុមពួកគេទៅកាន់វគ្គបន្តប៉ុណ្ណោះ ប៉ុន្តែក៏ធ្វើឱ្យប្រជាប្រិយភាពការប្រកួតជម្រុះ FIFA World Cup ធ្លាក់ចុះផងដែរ។
 
លីគកំពូលអង់គ្លេស ប្រកាសថា កីឡាករជិត ៦០ នាក់នឹងត្រូវធ្វើដំណើរទៅកាន់ ២៦ ប្រទេសក្នុងបញ្ជីក្រហមរបស់អង់គ្លេស ខណៈដែល La Liga មានកីឡាករ ២៥ នាក់មកពីក្លិបចំនួន ១៣ ផ្សេងគ្នា ដើម្បីទៅជួយជម្រើសជាតិនៅវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក។
 
ការប្រកួតអន្តរជាតិ នឹងចាប់ផ្តើមពីដើមខែកញ្ញា បន្ទាប់ពីការប្រកួតលីគចុងសប្តាហ៍នេះរួចរាល់ មុនពេលលីគដំណើរការធម្មតាវិញនៅពីរសប្តាហ៍បន្ទាប់ ក្នុងនោះ Premier League នឹងចាប់ផ្តើមវិញនៅថ្ងៃទី១១ ខែកញ្ញា ដូចគ្នានឹង La Liga ដែរ៕
 

Tag:
 Premier League
  La Liga
  Gianni Infantino
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com