កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Man City ប៉ះ PSG ដែលមាន Messi ឯ Man Utd នៅពូលជាមួយ Villarreal, Atalanta និង Young Boys
27, Aug 2021 , 7:34 am        
រូបភាព
 
Manchester City នឹងត្រូវតទល់ជាមួយ Paris St-Germain, RB Leipzig និង Club Bruges ក្នុងការប្រកួតវគ្គចែកពូលពានរង្វាន់ UEFA Champions League រដូវកាល ២០២១-២២។ ក្រុមចំណោម៨ពូល Manchester United ស្ថិតក្នុងពូលដែលមានក្រុមកម្រិតមធ្យមច្រើនដែលរួមមាន Villarreal, Atalanta និង Young Boys។



នាពិធីចាប់ឆ្នោតរើសពូលការប្រកួតពានរង្វាន់អឺរ៉ុបរដូវកាលថ្មី ដែលរៀបចំឡើងនៅក្រុងអ៊ីស្តាន់ប៊ុល ប្រទេសតួកគី នាយប់ថ្ងៃទី២៦ ខែសីហា ក្រុមម្ចាស់ការពារតំណែងជើងឯក Chelsea ស្ថិតក្នុងពូល H ជាមួយក្រុមយក្សអ៊ីតាលី Juventus ក្លបរុស្ស៊ី Zenit St Petersburg និងក្រុម Malmo របស់ស៊ុយអែត។

ពូល B ត្រូវបានគេមើលឃើញថាពូលគីឡូធ្ងន់ ឬពូលមរណ ដែលមានការជួបគ្នារវាងក្រុមខ្លាំងប្រចាំលីគដូចជា Atletico Madrid ដែលជាម្ចាស់ជើងឯក La Liga រួមជាមួយ Liverpool, FC Porto និង AC Milan។

ផ្ទុយទៅវិញ ក្រុមបិសាចក្រហម Man Utd ចាប់ឆ្នោតបានពូល F ដែលមានក្រុមកម្រិតមធ្យមដូចជាក្រុមអ៊ីតាលី Atalanta និង Young Boys ក្រុមស្វីស រួមជាមួយ Villarreal ដែលជាម្ចាស់ជើងឯក Europa League រដូវកាលមុន។ Villarreal លើកពានលំដាប់ទីពីរអឺរ៉ុប ដោយការយកឈ្នះ Man Utd នៅវគ្គផ្តាច់ព្រ័ត្រ។

ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola នឹងត្រូវប៉ះ PSG ដែលទើបយកបាន Lionel Messi នៅក្នុងពូល A រួមជាមួយ RB Leipzig និង Club Bruges។ ក្រុមមេឃខៀវ នៅរដូវកាលមុនបានធម្លាក់ PSG នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌកំពូលអឺរ៉ុបនេះ ដោយលទ្ធផលទាំងពីរជើង ៤-១។ រដូវកាលនេះ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ នឹងត្រូវប្រឈមមុខជាថ្មីជាមួយគូប្រជែងចាស់ រូមជាមួយអតីតកូនក្រុមចាស់ Messi ផងដែរ។

ខាងក្រោមនេះជាក្រុមទាំង៣២ដែលត្រូវប្រជែងគ្នានៅវគ្គជម្រុះតាមពូលពី A ដល់ H៖

- Group A៖ Manchester City, Paris St-Germain, RB Leipzig និង Club Bruges
- Group B៖ Atletico Madrid, Liverpool, Porto និង AC Milan
- Group C៖ Sporting Lisbon, Borussia Dortmund និង Ajax, Besiktas
- Group D៖ Inter Milan, Real Madrid, Shakhtar Donetsk និង Sheriff Tiraspol
- Group E៖ Bayern Munich, Barcelona, Benfica និង Dynamo Kyiv
- Group F៖ Villarreal, Manchester United, Atalanta និង Young Boys
- Group G៖ Lille, Sevilla, FC Salzburg និង Wolfsburg
- Group H៖ Chelsea, Juventus, Zenit St Petersburg និង Malmo៕




Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com