កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ចរចាជម្លៀសអ្នកអាជីពបាល់ទាត់ និងអត្តពលិក ចេញពីអាហ្វហ្គានីស្ថាន
27, Aug 2021 , 4:24 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់ន្តរជាតិ (FIFA) អះអាងថាខ្លួនកំពុងចរចាជុំវិញការជម្លៀសកីឡាករ កីឡាការិនីបាល់ទាត់ និងអត្តពលិកចេញពីទឹកដីអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ឡើងកាន់អំណាច។


 
អត្ថបទទាក់ទង
 
រដ្ឋាភិបាលអូស្រ្តាលី បានជម្លៀសអត្តពលិកស្រ្តីអាហ្វហ្គានីស្ថានចំនួន ៥០ នាក់រួចមកហើយនៅថ្ងៃទី២៤ ខែសីហា បន្ទាប់ពីកីឡាការិនីទាំងនោះ បានបង្ហាញការភ័យខ្លាចចំពោះសុវត្ថិភាពពួកគេ ក្រោមរបបដឹកនាំដោយក្រុមតាលីបង់។ ក្រៅពីនោះ ក៏មានការចុះផ្សាយថា កីឡាបាល់ទាត់ស្ត្រីនៃប្រទេសនេះជាច្រើននាក់ បានលាក់ខ្លួនដើម្បីសុវត្ថិភាពផងដែរ។
 
ជុំវិញករណីនេះ FIFA អះអាងថា ខ្លួនក៏កំពុងធ្វើការជាមួយរដ្ឋាភិបាលនៃប្រទេសមួយចំនួនផ្សេងទៀត និងអង្គការពាក់ព័ន្ធ ដើម្បីជម្លៀសកីឡាករ កីឡាការិនីចេញពីប្រទេស ដែលញាំញីដោយសារវិបត្តិនយោបាយមួយនេះ។ នេះបើតាមការផ្សាយរបស់កាសែត BBC។
 
ការលើកឡើងរបស់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក អំពីការជម្លៀសអ្នកកីឡាបាល់ទាត់ និងអត្តពលិកផ្សេងៗ ស្របពេលមានការបំផ្ទុះគ្រាប់បែកនៅ​ខាងក្រៅ​អាកាសយានដ្ឋាន​​ក្រុង​កា​ប៊ុល ដែលធ្វើឱ្យជនស៊ីវិលជាង៦០នាក់ស្លាប់ និងទាហានអាមេរិក១៣នាក់ស្លាប់ផងដែរ។
 
FIFA ធ្លាប់បានសរសេរលិខិតទៅកាន់រដ្ឋាភិបាលមួយចំនួន កាលពីដើមខែសីហានេះ ដើម្បីស្នើសុំឱ្យមានការជម្លៀសកីឡាករកីឡាការិនី ចេញពីអាហ្វហ្គានីស្ថានទៅកាន់ប្រទេសពួកគេ ក្នុងគោលបំណងជួយពួកគេគេចផុតពីការធ្វើបាបរបស់ក្រុមតាលីបង់ និងដើម្បីជួយពួកគេបន្តអាជីពផង។
 
«ថ្នាក់ដឹកនាំរបស់ FIFA បានចូលរួមដោយផ្ទាល់ក្នុងការចរចាជម្លៀសកីឡាករបាល់ទាត់និងអត្តពលិកដទៃទៀតដែលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យ FIFA មុនបន្ថែមថា ក្នុងនាមជាអ្នកដឹកនាំ FIFA ត្រូវចូលរួមដោយផ្ទាល់នៅក្នុងការបញ្ចុះបញ្ចូល ដើម្បីអាចជម្លៀសកីឡាករបាល់ទាត់និងអត្តពលិកដទៃទៀតចេញពីអាហ្វហ្គានីស្ថាន៕
 

Tag:
 FIFA
  អាហ្វហ្គានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com