កីឡាអន្តរជាតិ
អន្តរជាតិ
អស្ចារ្យ! អត្តពលិកកីឡាជិះកង់អង់គ្លេស ប្តីនិងប្រពន្ធ ឈ្នះមេដាយមាសប៉ារ៉ាឡាំពិករៀងៗខ្លួន
29, Aug 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
កីឡាករជិះកង់ Neil Fachie បានឈ្នះមេដាយមាសពីព្រឹត្តិការណ៍ Tokyo Paralympics  ហើយមួយម៉ោងក្រោយ មក កីឡាការិនី Lora Fachie ដែលជាភរិយា ក៏បានឈ្នះមេដាយមាសផងដែរលើវិញ្ញាសា Tandem B-3000m Pursuit។ ប្តីប្រពន្ធដែលកម្សោយគំហើញ (Visually Impaired) ទាំងពីរ បានរត់ឱបគ្នាដោយក្តីរំភើប និងរំជួលចិត្ត នាពិធីបំពាក់មេដាយ។

 
Neil Fachie អាយុ៣៧ឆ្នាំ ពីក្រុង Aberdeen បានឈ្នះមេដាយមាសលើវិញ្ញាសា Tandem B-1000m Time Trial ដោយកីឡាករ James Ball ពីចក្រភពអង់គ្លេសដូចគ្នា ខណៈមេដាយសំរឹទ្ធបានទៅលើកីឡាករបារាំង Raphael Beaugillet។ ការសម្រេចបានក្នុងថិរវេលា ៥៨.០៣៨ ក៏ធ្វើឲ្យ Neil បានបំបែកពិភពលោករបស់គេផ្ទាល់ ដែលធ្វើបានក្នុងថិរវេលា ៥៩.២៧៨ កាលពីឆ្នាំ២០១៩ ផងដែរ។
 
មួយម៉ោងក្រោយ កីឡាការិនី Lora Fachie អាយុ៣២ឆ្នាំពីក្រុងឡុងដ៍ ដែលជាភរិយារបស់ Neil ក៏ឈ្នះមេដាយ មាសលើវិញ្ញាសា Tandem B-3000m Pursuit ដោយនាំមុខកីឡាការិនីអៀរឡង់ Katie-George Dunlevy និងកីឡាការិនីអង់គ្លេសមួយទៀត គឺ Sophie Unwin។ ការសម្រេចបានក្នុងថិរវេលា ៣:១៩.៤៨៣ ធ្វើឲ្យ Lora ក្លាយជាម្ចាស់កំណត់ត្រាពិភពលោក និងប៉ារ៉ាឡាំពិកក្នុងពេលតែមួយ។
 
គូស្វាមីភរិយាដែលតំណាងឲ្យចក្រភពអង់គ្លេស ទាំងពីរបានរត់ទៅឱបគ្នាដោយក្តីរំភើបរីករាយនាពិធីបំពាក់ មេដាយ ។ «ក្រោយជោគជ័យខ្លួនឯងហើយ ខ្ញុំបានឃើញភរិយាឈ្នះមេដាយមាសបន្ថែមទៀត ពិតជាមានអារម្មណ៍អស្ចារ្យ ខ្លាំង។ វ៉ាវ ពិតជាថ្ងៃពិសេសមែន។ យើងមិនអាចបំភ្លេចបានឡើយ»។ កីឡាករ Neil បានរៀបរាប់យ៉ាងដូច្នេះប្រាប់ អ្នកសារព័ត៌មាន។
 
តំណាងឲ្យចក្រភពអង់គ្លេស Neil បានឈ្នះមេដាយជាច្រើនក្នុងព្រឹត្តិការណ៍អន្តរជាតិ ហើយមុនបានមេដាយមាសប៉ារ៉ាឡាំពិកនៅតូក្យូ អត្តពលិករូបនេះ ក៏បានឈ្នះមេដាយមាស១ ប្រាក់១ នៅក្រុងឡុងដ៍ឆ្នាំ២០១២ និងប្រាក់១នៅក្រុង Rio de Janeiro ឆ្នាំ២០១៦ ផងដែរ រីឯ Lora ធ្លាប់ឈ្នះមេដាយមាស១ និងសំរឹទ្ធ១នៅ Rio de Janeiro និងជើងឯកក្នុងព្រឹត្តិការណ៍ជាច្រើនទៀត៕
 
 

Tag:
 ប៉ារ៉ាឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com