ជាតិ
និស្សិតកសិកម្មហាត់ការនៅអ៊ីស្រាអែលចំនួន ៣៨នាក់ បានដល់កម្ពុជាវិញ
30, Aug 2021 , 7:29 am        
រូបភាព
 រូបភាព​ពី​ហ្វេសប៊ុក​លោក​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​
រូបភាព​ពី​ហ្វេសប៊ុក​លោក​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​
ភ្នំពេញ៖ និស្សិតចំនួន ៣៨នាក់ បានបញ្ចប់ការហាត់ការលើវិស័យកសិកម្ម នៅប្រទេសអ៊ីស្រាអែល រយៈពេល២ឆ្នាំ បានវិលត្រឡប់មកកម្ពុជា កាលពីល្ងាចថ្ងៃទី២៧ សីហានេះ។ ជាមួយគ្នានេះ កម្ពុជា គ្រោងបញ្ជូននិស្សិតកសិកម្មចំនួន ២០០នាក់បន្ថែមទៀត ទៅហាត់ការនៅប្រទេសអ៊ីស្រាអែលនាពេលខាងមុខ។ នេះបើតាមលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម ។



ក្រុមនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ៣៨នាក់ ដែលបានហាត់ការរយៈពេល២ឆ្នាំ នៅប្រទេសអ៊ីស្រាអែល បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី២៧ សីហានេះ។ វត្តមាននៃការវិលត្រឡប់មកកាន់មាតុភូមិរបស់ក្រុមនិស្សិតកសិកម្មនេះ បានធ្វើឱ្យលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាទរ និងអបអបចំពោះការខិតខំរបស់ក្រុមនិស្សិត ដែលបានទៅហាត់ការជំនាញកសិកម្មនៅអ៊ីស្រាអែល នាពេលកន្លងមក។ 
 
បើតាមទំព័រហ្វេសប៊ុករដ្ឋមន្រ្តីកសិកម្ម នៅព្រឹកថ្ងៃទី២៧ សីហានេះ ក្រុមនិស្សិតចំនួន ១៣នាក់ផ្សេងទៀត ដែលហាត់ការរយៈពេល២ឆ្នាំ នៅក្នុងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងនិស្សិតហាត់ការរយៈពេល១១ខែ ចំនួន ១៩៧នាក់ នឹងមកដល់កម្ពុជា នៅថ្ងៃទី១០ កញ្ញាខាងមុខ។ 
 
ជាមួយគ្នានេះ កម្ពុជា គ្រោងបញ្ជូនក្រុមនិស្សិតកសិកម្មចំនួន២០០នាក់បន្ថែមទៀត ដើម្បីទៅហាត់ការនៅប្រទេសអ៊ីស្រាអែលនាពេលដ៏ខ្លីខាងមុខ ខណៈបច្ចុប្បន្នក្រុមនិស្សិតទាំងនោះកំពុងបំពេញបែបបទ។ គួរបញ្ជាក់ថា ក្រោយពីការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុនAgrostudies នៃប្រទេសអ៊ីស្រាអែល នាឆ្នាំ២០០៨  សាកលវិទ្យាល័យ បានបញ្ជូននិស្សិតចូលរួមកម្មវិធីហាត់ការ រយៈពេល១១ខែ បានចំនួន១៣ជំនាន់ ដែលមាននិស្សិតសរុបចំនួន ១ ២៧១ នាក់៕ 
 

Tag:
 កសិកម្ម
  និស្សិត
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com