ជាតិ
បទសម្ភាសន៍
លោក អ៊ឹម សុខរិទ្ធី ពន្យល់ពីអត្ថន័យនៃកិច្ចពិធីបួងសួងផ្សេងៗតាមជំនឿរបស់ខ្មែរ
30, Aug 2021 , 8:59 am        
រូបភាព
សៀមរាប៖ កន្លងមក ធ្លាប់មានការយល់ច្រឡំចំពោះកិច្ចពិធីពីរ គឺពិធីបួងសួងសុំ មុនរៀបចំកិច្ចការតាមការដ្ឋានផ្សេងៗ និងពិធីក្រុង ឬប្រុងពាលី។ តាមពិតទៅ ពិធីទាំងអស់សុទ្ធសឹងជាជំនឿប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរ តែគេក៏ត្រូវដឹងពីអត្ថន័យពិតប្រាកដ នៃពិធីនេះដែរ។

 
ព័ត៌មានពិស្ដារ សូមស្ដាប់ការពន្យល់របស់លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ដូចតទៅនេះ៖ 

 
អ្នកស្រាវជ្រាវ និងបុរាណវិទូ លោក អ៊ឹម សុខរិទ្ធី បានព្យាយាមពន្យល់ និងវែកញែកច្បាស់លាស់ចំពោះពិធីនៃកិច្ចទាំងពីរ។ ទីមួយ ពិធីបួងសួងសុំមុនរៀបចំកិច្ចផ្សេងៗ។ ពិធីនេះតែងធ្វើនៅពេលព្រឹក ក្នុងបំណងដើម្បីសុំការអនុញ្ញាតដើម្បីដំណើរការងារផ្សេងៗ ដ្បិតថា ក្នុងជំនឿខ្មែរគេជឿថា មានក្រុមអមនុស្សដែលរស់នៅក្នុងបរិយាកាសដូចមនុស្សដែរ គ្រាន់តែគេមើលមិនឃើញ។ ដូច្នេះ ការរៀបចំពិធីនេះ ក្នុងន័យសុំការអនុញ្ញាត ខ្លាចប៉ះពាល់ ឬជូនជាដំណឹងថា គេនឹងរៀបចំជួសជុល ឬសាងសង់អ្វីមួយនៅទីតាំងនោះ។
 
នៅតំបន់ប្រាសាទនាខេត្តសៀមរាប ពិធីនេះ តែងរៀបចំនៅមុន មានការបើកការដ្ឋានជួសជុលនៅទីតាំងណាមួយ ក្នុងន័យថែរក្សា សុវត្ថិភាពដល់កម្មករ ឬឱ្យការងារទាំងមូលសម្រេចបានជោគជ័យជាផ្លែផ្កា។ ជំនឿនេះក៏ធ្វើឡើងនៅតាមតំបន់ផ្សេងដែរ ដូចជាការសាងសង់ផ្ទះ សំណង់ផ្សេងៗ។ល។ ប្រជាពលរដ្ឋជឿថា បើពុំបានរៀបចំ ដូចខុសឆ្គងរឿងអ្វីមួយយ៉ាងដូច្នោះដែរ ហើយមានអារម្មណ៍ថា នៅមិនសុខស្រណុកជាដើម។


 
កន្លងមក គេតែងយល់ច្រឡំចំពោះពិធីនេះ ជាមួយពិធីប្រុងពាលី តាមពិតទៅវាជាពិធីផ្សេងគ្នាដាច់ដោយឡែកពីគ្នា។ លោក អ៊ឹម សុខរិទ្ធី ពន្យល់បន្តថា ប្រុងពាលី គឺរៀបចំឡើងនៅពេលថ្ងៃបាក់រសៀលមិនសូវមានពន្លឺថ្ងៃ ហើយតែងមានការបាំងឆ័ត្រផង ដែលមានការនិយមនិយាយតាមគ្នាថាទាក់ទងនឹងរឿងស្ដេចពាលី។ ដូច្នេះ ពិធីដែលធ្វើនៅពេលព្រឹក ពុំអាចហៅថាជាពិធីប្រុងពាលីបានឡើយ។ 
 
គ្រឿងដង្វាយដែលគេតែងឃើញនៅក្នុងពិធីបួងសួង រួមមាន ក្បាលជ្រូក មាន់ស្ងោ ផ្លែឈើ ទឹក ភេសជ្ជៈ ពិសេសនោះ គឺស្រាស ដែលពុំអាចខ្វះបានក្នុងពិធីនេះ។ ស្រាស ជាមធ្យោបាយភ្ជាប់មនុស្សទៅទេព ឬអមនុស្ស ដើម្បីឲ្យមនុស្សនិយាយជាមួយបាន។ ទន្ទឹមនឹងនោះក៏មានការរៀបចំទាក់ទងនឹងសាសនាផងដែរទាំងសាសនាព្រះពុទ្ធ និងព្រហ្មញ្ញ ដូចជា ជម ស្លាធម៌ បាយសី ទាន ធូប។ 


 
សម្រាប់ការរៀបចំពិធីនៅប្រាសាទអង្គរវត្ត គឺមានអន្ថន័យវិសេសវិសាលជាងគេ ដ្បិតទាក់ទងនឹងទេពមួយអង្គ ដែលគេជឿថា ជាស្ដេចឬជាគ្រូនៃសំណង់ទាំងអស់ មានឈ្មោះថា ព្រះពិស្ណុកា។ លោកសាស្រ្ដចារ្យ អ៊ឹម សុខរិទ្ធី ពន្យល់ថា ពិស្ណុកា ជាទេពនៃស្ថាបត្យកម្ម វិស្វកម្ម ហត្ថកម្ម ទេពនៃជាងគ្រប់យ៉ាង។ ដូច្នេះហើយរាល់ការងារទាក់ទងនឹងដំណើរការសាងសំណង់ សិប្បកម្ម ត្រូវមានការសុំ ការបូជាចំពោះទេពអង្គនេះជាមុនសិន ប្រៀបដូចនឹងល្ខោន ភ្លេងមុននឹងសម្តែង គេតែងសំពះគ្រូ ឬហោមរោងជាមុន៕




 

Tag:
 ពិធីបួងសួង
  ជំនឿ
© រក្សាសិទ្ធិដោយ thmeythmey.com