កីឡាជាតិ
ជាតិ
អបអរសាទរ! កីឡាករ វ៉ាន វ៉ុន ឈានទៅវគ្គ​ផ្តាច់ព្រ័ត្រដណ្តើមមេដាយប៉ារ៉ាឡាំពិក
01, Sep 2021 , 9:48 am        
រូបភាព
ដោយ: ថ្មីៗ
វ៉ាន វ៉ុន កីឡាករ​ប្រណាំង​រទេះ T54 ចម្ងាយ​១០០ម៉ែត្រ​របស់កម្ពុជា បាន​ឈាន​ទៅវគ្គ​ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកក្រុង​តូក្យូ ក្រោយ​បញ្ចប់ចំណាត់ថ្នាក់​លេខ​២នៅ​ក្នុង Heat 1។



វិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ១០០ម៉ែត្រមាន អត្តពលិក១៨នាក់ ដែលត្រូវប្រកួតប្រជែងដណ្តើមយកមេដាយ ក្នុងនោះក៏មានវត្តមានម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធ កាលពីឆ្នាំ២០១៦ផងដែរ។  វ៉ាន វ៉ុន ដែលស្ថិតក្នុង Heat 1 ជាមួយកីឡាករអូស្ត្រាលី Luke Bailey កីឡាករឥណ្ឌូណេស៊ី Jaenal Aripin កីឡាករចិន Yang Liu កីឡាករថៃ Athiwat Paeng-Nuea និងកីឡាករហ្វាំងឡង់ Esa-Pekka Mattila។

វ៉ាន វ៉ុន បានបញ្ចប់ទីក្នុងថិរវេលា ១៤.៣៩ បន្ទាប់ពីកីឡាករថៃ Athiwat (១៤.០០)។ វ៉ាន វ៉ុន និង Athiwat ត្រូវឡើងបន្តទៅវគ្គផ្តាច់ព្រ័ត្រ ខណៈកីឡាករ Yang Liu ម្ចាស់មេដាយប្រាក់ឆ្នាំ២០១៦ និងកីឡាករ៣នាក់ទៀត ត្រូវហាលអាវ។

នៅ Heat 2 កីឡាករម៉ិកស៊ិក Juan Pablo Garcia និងកីឡាករចិន Yang Hu ត្រូវឡើង​ទៅវគ្គបន្ត រីឯ Heat 3 មាន​កីឡាករ​ហ្វាំងឡង់ Leo Pekka Tahti (ម្ចាស់មេដាយមាសឆ្នាំ​២០១៦ និងជាម្ចាស់កំណត់ត្រាពិភពលោក) និង​កីឡាករ​ចិន Ying Zhang។ កីឡាករ​ពីររូបទៀតដែលត្រូវឈានទៅវគ្គ​ផ្តាច់ព្រ័ត្រដែរនោះ គឺកីឡាករហូឡង់ Kenny van Weeghel និងកីឡាករ​អូស្ត្រាលី Samuel Carter។

សម្រាប់ វ៉ាន វ៉ុន នេះជាការសម្រេចបានកំណត់ត្រាផ្ទាល់ខ្លួនដ៏ល្អបំផុត ដោយកាលពីឆ្នាំ២០១៦ នៅ Rio គេប្រើថិរវេលា ១៥.៤៤។ ក្នុងវិញ្ញាសា Men’s 100m-T54 នេះ វ៉ាន វ៉ុន សម្រេចបានកំណត់ត្រាល្អប្រសើរជាបន្តបន្ទាប់ ដោយក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមអាស៊ី នៅក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ២០១៨ គេបានប្រើថិរវេលា ១៥.០២ ហើយនៅក្នុងព្រឹត្តិការណ៍ World Championships ក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម គេសម្រេចបានក្នុងថិរវេលា ១៤.៥៧។


អត្ថបទទាក់ទង


© រក្សាសិទ្ធិដោយ thmeythmey.com