កីឡាអន្តរជាតិ
អន្តរជាតិ
Henry ទទួលតួនាទីជាមន្ត្រីបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិកអចិន្ត្រៃយ៍ ដល់ World Cup 2022
01, Sep 2021 , 10:47 am        
រូបភាព
ភ្នំពេញ៖ អតីតខ្សែប្រយុទ្ធសញ្ជាតិបារាំង Thierry Henry ទទួលបានតួនាទីជាមន្ត្រីបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិកអចិន្ត្រៃយ៍ រហូតដល់ World Cup 2022 នៅប្រទេសកាតា។

 
អតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal រូបនេះ បានចូលរួមជាមួយក្រុមការងារលោក Roberto Martinez គ្រូបង្វឹកជម្រើសជាតិបែលហ្ស៊ិក កាលពីការប្រកួត Euro ២០២០មក ហើយទើបបានការផ្តល់ទំនុកបន្ថែមជាមន្ត្រីពេញសិទ្ធិ រហូតដល់ខែធ្នូ ឆ្នាំ២០២២។
 
តាមពិតទៅ Henry ធ្លាប់បានចូលរួមការងារជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិក កាលពីខែសីហា ២០១៦ម្ដងហើយ ក្នុងនាមជាជំនួយការទី២ ខណៈលោក Graeme Jones ជាជំនួយការទី១ គ្រូបង្វឹក លោក Roberto Martinez ។ ក្រុមការងារនេះ បានជួយក្រុមជម្រើសជាតិបែលហ្ស៊ិក ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់បាល់ទាត់ពិភពលោក ២០១៨ផងដែរ។
 
ក្រោយមក អតីតវីរៈបុរសArsenal វ័យ៤៤ឆ្នាំរូបនេះ ក៏បានសម្រេចចិត្តលាឈប់ពីតួនាទីជំនួយការក្រុមបែលហ្ស៊ិក នៅខែតុលា ឆ្នាំ២០១៨ ដើម្បីទៅដឹកនាំក្រុម Monaco នៅ League 1 របស់បារាំង ក្នុងនាមជាអ្នកចាត់ការក្រុម។ ប៉ុន្តែក្រោយមកអតីតខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ក៏ត្រូវបានបណ្ដេញពីតួនាទីអ្នកចាត់ការ នៅខែមករា ២០១៩ ក្រោយដឹកនាំ Monaco ឈ្នះតែ៤ប្រកួតប៉ុណ្ណោះ ខណៈក្រុមស្ថិតនៅក្នុងតំបន់ដែលត្រូវកាត់ចោល។
 
ក្រោយមក Henry បានចូលរួមជាមួយក្រុម Montreal នៅខែវិច្ឆិកាឆ្នាំ ២០១៩ ហើយបានដឹកនាំពួកគេទៅកាន់ការប្រកួតជម្រុះដំបូងរបស់ពួកគេ ។ ក្រោយដឹកនាំមិនបានជោគជ័យទៀត Henry បានដើរចេញពីក្រុមនេះ នៅខែកុម្ភៈ ឆ្នាំ ២០២១ ៕
 

Tag:
 Thierry Henry
  World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com