ជាតិ
សង្គមជាតិ
វចនានុក្រមខ្មែរមួយទៀត ត្រូវបានបង្កើតឡើង ដោយបន្ថែមពាក្យថ្មីៗ
01, Sep 2021 , 1:40 pm        
រូបភាព
វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ដែលទើបនឹងបោះពុម្ព (រូបពីរាជបណ្ឌិត្យសភាកម្ពុជា)
វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ដែលទើបនឹងបោះពុម្ព (រូបពីរាជបណ្ឌិត្យសភាកម្ពុជា)
កម្ពុជា មានវចនានុក្រមថ្មីមួយបន្ថែមទៀត ដែលមានឈ្មោះជាផ្លូវការថា «វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន»។ វចនានុក្រមថ្មីនេះ មាន២ភាគ ដោយភាគទី១ ដែលរាប់ពីអក្សរក ដល់អក្សរន ត្រូវបានរៀបចំរួចរាល់ហើយ និងបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈ ចាប់ពីចុងខែសីហា ឆ្នាំ២០២១ទៅ ខណៈភាគទី២ ដែលរាប់ពីអក្សរប ដល់អក្សរអ មិនទាន់រួចរាល់នោះទេ។



មិនខុសពីសង្គមប្រទេសដទៃឡើយ សង្គមកម្ពុជា មានការវិវត្តទៅមុខ ដោយអ្វីៗ មានការប្រែប្រួល រួមទាំងអក្សរសាស្រ្ត ក៏មានការប្រែប្រួលដែរ។ ពាក្យខ្លះ ទើបនឹងកើតឡើងថ្មី ពាក្យខ្លះ ខុសពីសម័យមុន ហើយពាក្យខ្លះ មានការផ្លាស់ប្តូរ។ ពាក្យថ្មីៗ ដែលទើបនឹងកើត និងកំពុងត្រូវបានប្រជាជនប្រើប្រាស់ គឺមិនមានក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត ឡើយ។ ទាំងនេះ គឺជាមូលហេតុចម្បង ដែលជំរុញឲ្យក្រុមអ្នកជំនាញផ្នែកអក្សរសាស្រ្តនិងសង្គមវិទ្យានៅរាជបណ្ឌិត្យកម្ពុជា ធ្វើបច្ចុប្បន្នភាពលើវចនានុក្រម រហូតសម្រេចបង្កើតវចនានុក្រមភាសាខ្មែរបច្ចុប្បន្នឡើង ដើម្បីឲ្យស្របទៅតាមការនិយាយស្តីនិងការប្រើប្រាស់ភាសារបស់មនុស្សនាពេលបច្ចុប្បន្ន។


វចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបោះពុម្ពលើកទី៥ កាលពីឆ្នាំ១៩៦៧

ពាក្យថ្មី ដល់ទៅខ្ទង់ពាន់ពាក្យឯណោះ ដែលត្រូវបានបញ្ចូលក្នុងវចនានុក្រមភាសាខ្មែរបច្ចុប្បន្នភាគទី១។ ឧទាហរណ៍៖ កំណើនសេដ្ឋកិច្ច និង ចត្តាឡីស័ក ជាដើម គឺជាពាក្យថ្មី ដែលមានក្នុងវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន តែមិនមានក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបោះពុម្ពលើកទី៥ កាលពីឆ្នាំ១៩៦៧ ឡើយ។ តែបើនិយាយត្រឹមពាក្យកំណើន និង ពាក្យសេដ្ឋកិច្ច គឺមានក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។

លោកបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ប្រធានក្រុមការងារគម្រោងនៃបច្ចុប្បន្នកម្មវចនានុក្រមខ្មែរ និងជាបុគ្គលចម្បងក្នុងការដឹកនាំការងារបង្កើតវចនានុក្រុមភាសាខ្មែរបច្ចុប្បន្ន មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«ពាក្យ ដែលក្មួយឮគេប្រើពេញទឹកពេញដី ហើយក្មួយបើក [វចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត] មើលទៅ អត់ឃើញ អាហ្នឹងហើយ សុទ្ធតែជាពាក្យថ្មី។ អ្វី ដែលអត់មានក្នុងវចនានុក្រមព្រះអង្គ យើង ធ្វើឲ្យមានឡើង [ក្នុងវចនានុក្រមថ្មីរបស់យើង] អាហ្នឹងហើយ ហៅថា បច្ចុប្បន្នកម្ម»។


បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ អ្នកដឹកនាំរៀបចំវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន

កម្ពុជា នៅតែយកវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលមកដល់ឆ្នាំ២០២១នេះ មានអាយុកាល៥៤ឆ្នាំប្លាយទៅហើយនោះ ធ្វើជាគោល និងធ្វើជាមូលដ្ឋានដើម។ ការបង្កើតវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ក៏យកវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ធ្វើជាគោលដែរ។

ពាក្យទាំងឡាយ ក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត នៅតែត្រូវបញ្ចូលទៅក្នុងវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន។ តែពាក្យខ្លះ ក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលមិនសូវនិយមប្រើប្រាស់នាពេលសព្វថ្ងៃនេះ គឺមិនត្រូវបានបញ្ចូលទៅក្នុងវចនានុក្រមភាសាខ្មែរបច្ចុប្បន្នឡើយ។

លោកព្រឹទ្ធាចារ្យ ព្រុំ ម៉ល់ ដែលជាស្ថាបនិកម្នាក់នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់ថា៖«បើពាក្យហ្នឹង គេឈប់ប្រើហើយ យើងដកចេញ។ មិនដកចេញទៅណាទេ គ្រាន់តែយើង មិនដាក់ចូលក្នុងវចនានុក្រមយើង»។

ការបង្កើតវចនានុក្រមភាសាខ្មែរបច្ចុប្បន្នឡើង នឹងធ្វើឲ្យកម្ពុជា មានវចនានុក្រមសម្បូរបែប ដូចតាមបណ្តាប្រទេសផ្សេងៗ។

ភាសាវិទូ ព្រុំ ម៉ល់ ដែលរៀនចប់ថ្នាក់បណ្ឌិតផ្នែកភាសាវិទ្យានៅប្រទេសបារាំង ថ្លែងថា៖«ស្រុកបារាំង គេមានវចនានុក្រមគេរាប់ហុកសិបឯណោះ។ អ្នកណាគេចង់ធ្វើ ធ្វើទៅ ឲ្យតែគោរពអក្ខរាវិរុទ្ធ...។ វចនានុក្រមនីមួយៗ មិនមែនសុទ្ធតែធ្វើតាមគ្នាទេ»។

លោកបណ្ឌិត ហ៊ាន សុខុន ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា បង្ហាញការយល់ឃើញរបស់លោក ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖«ខ្ញុំ គិតថា មិនមានអី ធ្វើឲ្យជ្រួលច្របល់ ថា យកតាមនេះ យកតាមនោះទេ ព្រោះ [បណ្ឌិតសភាចា្យ ព្រុំ ម៉ល់] គាត់ បង្កើត [វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន] មកហ្នឹង គាត់ យកតាមគោលការណ៍របស់សម្តេច ជួន ណាត»។

លោកបណ្ឌិត សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ផ្តល់ទស្សនទានមកកាន់សារព័ត៌មានថ្មីៗថា៖«ប្រទេសណាក៏ដោយ ដែលជឿនលឿន ដូចជា អង់គ្លេស ជាដើម ត្រឹម២ឆ្នាំ ៣ឆ្នាំ គេ Update [វចនានុក្រម] ហើយ គេ បន្ថែមពាក្យថ្មីៗ។ យើង និយាយថា ជាការវិវត្តនៃភាសា។ នៅស្រុកគេ ជួនកាល គេ ធ្វើ [វចនានុក្រម] ជាបុគ្គល ជាក្រុមបញ្ញវន្ត ជួនកាលរដ្ឋ ជាអ្នកធ្វើ។ គេ មិនមានទោមនស្សអីទេ ឲ្យតែប្រើបានជាប្រយោជន៍»។

ក្រុមអ្នកជំនាញផ្នែកអក្សរសាស្រ្តនិងសង្គមវិទ្យានៅរាជបណ្ឌិត្យសភាកម្ពុជា បានចំណាយពេលអស់ប្រមាណ៤ឆ្នាំ ចាប់តាំងពីអំឡុងឆ្នាំ២០១៧មក ទម្រាំតែអាចធ្វើឲ្យវចនានុក្រមភាសាខ្មែរបច្ចុប្បន្នភាគទី១ លេចរូបរាងឡើង និងបោះពុម្ពឲ្យប្រើប្រាស់ជាផ្លូវការ។ វចនានុក្រមភាសារខ្មែរបច្ចុប្បន្នភាគីទី១ មានកម្រាស់ជិត៤០០ទំព័រ និងមានមេពាក្យជាង៧,៤ពាន់។ 

វចនានុក្រមភាសាខ្មែរបច្ចុប្បន្នភាគទី២ ត្រូវបានរំពឹងថា អាចធ្វើរួច និងបោះពុម្ពឲ្យប្រើប្រាស់ក្នុងរយៈពេលប្រមាណ៣ឆ្នាំទៀត គឺអាចដល់ឆ្នាំ២០២៤។ តាមពិត ភាគទី២ គឺមានតួអក្សរច្រើនជាងភាគទី១។ តែដោយសារក្រុមអ្នកជំនាញ បានឆ្លងកាត់ការងារលើភាគទី១ ដែលធ្វើឲ្យពួកគេ មានបទពិសោធហើយនោះ ដូច្នេះ សម្រាប់ការធ្វើភាគទី២ នឹងអាចចំណាយពេលតិចជាងការធ្វើភាគទី១។

លោកបណ្ឌិតភាសាវិទ្យា ព្រុំ ម៉ល់ ប្រាប់ថា៖«ក្មួយអើយ ធ្វើពិបាកណាស់។ ជាមធ្យម ១ថ្ងៃ ធ្វើបានតែ ២០ពាក្យអីប៉ុណ្ណឹងទេ។ អ៊ីចឹងបានវា យូរណាក្មួយ។ កាលខ្ញុំ មិនទាន់ធ្វើ ខ្ញុំថា វចនានុក្រម ស្រួលធ្វើ ដល់ធ្វើទៅ អ្ហូ៎! ដូចអូសឫស្សីបញ្ច្រាសអ៊ីចឹង»។

ដោយសារមិនទាន់រួចរាល់ ក្រុមអ្នកជំនាញ មិនទាន់អាចកំណត់បានទេថា វចនានុក្រមភាសាខ្មែរបច្ចុប្បន្នភាគទី២ នឹងមានកម្រាស់ប៉ុន្មានទំព័រ ហើយមេពាក្យ មានចំនួនប៉ុន្មាន។ ក្រុមអ្នកជំនាញ អាចត្រឹមសន្និដ្ឋានថា ភាគទី២ អាចនឹងមានកម្រាស់ក្រាស់ជាង និងមានពាក្យច្រើនជាងភាគទី១តិចតួច។

ក្រុមអ្នកជំនាញ ប៉ាន់ស្មានក្រៅផ្លូវការថា មេពាក្យក្នុងវចនានុក្រមភាសាខ្មែរបច្ចុប្បន្នទាំង២ភាគ អាចនឹងមានចំនួនប្រហាក់ប្រហែលនឹងមេពាក្យក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ទាំង២ភាគដែរ។ យ៉ាងណា ក្រុមអ្នកជំនាញ យល់ថា ការប៉ាន់ស្មាននេះ មិនទាន់អាចយកជាការបានទេ ដោយរង់ចាំមើលការបោះពុម្ពចេញមកជាផ្លូវការសិន។ វចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ទាំង២ភាគ មានកម្រាស់ជិត២ពាន់ទំព័រ និងមានមេពាក្យជាង១,៨ម៉ឺន។

បើតាមការផ្សាយលើគេហទំព័ររបស់រាជបណ្ឌិត្យសភាកម្ពុជា វចនានុក្រមភាសាខ្មែរបច្ចុបន្ន ក៏ត្រូវបានដាក់ជាវចនានុក្រមអេឡិចត្រូនិចផងដែរ។

បច្ចុប្បន្ន ក្រុមប្រឹក្សាជាតិភាសាខ្មែរ កំពុងបន្តកិច្ចការងាររៀបចំវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។ មិនសូវខុសពីការបង្កើតវចនានុក្រមភាសាខ្មែរបច្ចុប្បន្ននោះទេ ការរៀបចំរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ គឺបន្ថែមពាក្យថ្មីៗ ចូលទៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។ ការរៀបចំបន្ថែមពាក្យថ្មីចូលទៅក្នុងវចនានុក្រុមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត អាចនឹងរួចរាល់ និងបោះពុម្ពឲ្យប្រើប្រាស់នៅដំណាច់ឆ្នាំ២០២២។

នាថ្ងៃខាងមុខ កម្ពុជា នឹងមានវចនានុក្រម៣ប្រភេទ។ ទី១ វចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលជាវចនានុក្រមដើម ដោយមិនមានការកែប្រែអ្វីទាំងអស់។ ទី២ វចនានុក្រមខ្មែរ ដែលត្រូវបានក្រុមប្រឹក្សាជាតិភាសាខ្មែរ បញ្ចូលពាក្យថ្មី។ ទី៣ វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ដែលដឹកនាំរៀបចំដោយលោកបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់។ ក្រៅពីវចនានុក្រមទាំង៣ប្រភេទនេះ ក៏អាចមានវចនានុក្រមផ្សេងទៀតដែរ ដែលនឹងត្រូវបង្កើតឡើង៕ 

Tag:
 វចនានុក្រមថ្មី
  អក្សរសាស្រ្តខ្មែរ
  ព្រុំ ម៉ល់
© រក្សាសិទ្ធិដោយ thmeythmey.com