ជាតិ
ពីនេះ ពីនោះ
បឹងទន្លេសាប អាចក្លាយពីបឹងសម្បូរត្រី ទៅជាបឹងសម្បូរតែអ្នកនេសាទ?
02, Sep 2021 , 8:59 am        
រូបភាព
ទិដ្ឋភាពពីលើអាកាសនៃភូមិបណ្តែតទឹក និងវត្ដកំពង់ឃ្លាំង ដែលមានទឹកព័ន្ធជុំវិញ។ រូបភាព៖ ឈុត ឈាណា
ទិដ្ឋភាពពីលើអាកាសនៃភូមិបណ្តែតទឹក និងវត្ដកំពង់ឃ្លាំង ដែលមានទឹកព័ន្ធជុំវិញ។ រូបភាព៖ ឈុត ឈាណា
ដោយ:
សៀមរាប៖ កំពង់ឃ្លាំង គឺជាភូមិអណ្តែតទឹកមួយ នៅលើវាលទំនាបលិចទឹក នៃបឹងទន្លេសាប ដែលមានទីតាំងស្ថិតនៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល ៣៥ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ នៅក្នុងភូមិ មានផ្ទះដែលសាងសង់នៅលើសសរឈើកម្ពស់ ១០ ម៉ែត្រផុតពីដី ដើម្បីការពារពីគ្រោះទឹកជំនន់នារដូវវស្សា។ កំពង់ឃ្លាំង គឺជាសហគមន៍ធំជាងគេនៅក្នុងអាងបឹងទន្លេសាប។ នៅក្នុងរូបភាពទី១ ថតនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២០ បង្ហាញ ទិដ្ឋភាពពីលើអាកាស នៃទូកដែលចតនៅរាយប៉ាយ, វត្តកំពង់ឃ្លាំង និងផ្ទះដែលមានជើងសសរខ្ពស់ៗ តម្រៀបគ្នាតាមបណ្តោយដៃបឹងទន្លេសាប។

 
ការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួត និងទំនប់វារិអគ្គិសនីនៅខ្សែទឹកខាងលើ ត្រូវបានគេចាត់ទុកថា បាននាំឱ្យទឹកបឹងទន្លេសាប ធ្លាក់ចូលក្នុងកំណត់ត្រាកម្រិតទឹកទាប និងបណ្តាលឱ្យផលនេសាទត្រីធ្លាក់ចុះ។ បន្ថែមពីលើនេះ ជំងឺរាតត្បាតកូវីដ -១៩ ក៏បានធ្វើឱ្យបាត់បង់ប្រាក់ចំណូល ដែលប្រជាជនធ្លាប់រកបានពីភ្ញៀវទេសចរចូលមកក្នុងភូមិ បន្ទាប់ពីទស្សនាប្រាសាទអង្គរដ៏ល្បីល្បាញរួចមក។ ក្នុងរូបភាពទី ២ បង្ហាញពីរូបព្រះពុទ្ធនៅមុខវត្តកំពង់ឃ្លាំង ដែលគង់ពេញជំហរ បែរព្រះភក្ត្រទៅរកទិសព្រះអាទិត្យកំពុងរះ ពីបឹងទន្លេសាបនាពេលព្រលឹម។
 

ព្រះពុទ្ធរូបនៅមុខវត្តកំពង់ឃ្លាំង ដែលគង់ពេញជំហរ បែរព្រះភក្ត្រទៅរកទិសព្រះអាទិត្យកំពុងរះ ពីបឹងទន្លេសាបនាពេលព្រលឹម។ រូបភាព៖ ឈុត ឈាណា
 
ការបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ ហាក់ដូចជាបានដាក់សម្ពាធបន្ថែមលើចំនួនបរិមាណស្តុកត្រីក្នុងបឹង តាមវិធីផ្សេងៗ ដោយជំរុញឱ្យប្រជាជនក្នុងតំបន់ ផ្តោតលើការចិញ្ចឹមជីវិតរបស់ពួកគេលើការនេសាទ និងការធ្វើកសិកម្ម។ ពួកគេចាប់ផ្តើមរបរកសិកម្ម ដោយឈូសឆាយព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប ដើម្បីដាំដំណាំ។ ការណ៍នេះ បានធ្វើឱ្យបរិមាណព្រៃលិចទឺក ដែលជាទីជម្រកសំខាន់សម្រាប់មច្ឆជាតិ ត្រូវបានកាត់បន្ថយ។ ដោយសារការនេសាទត្រីកាន់តែលំបាក អ្នកនេសាទកាន់តែច្រើ់ន ងាកមកប្រកបរបរកសិកម្មវិញ ដែលជាលទ្ធផលបណ្តាលឱ្យមានការបាត់បង់ជម្រកព្រៃលិចទឹកដែលជាទីជម្រកសំខាន់សម្រាប់មច្ឆជាតិបន្ថែមទៀត។
 
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សូមអំពាវនាវដល់អ្នកនេសាទ និងប្រជាជនដែលរស់នៅក្បែរបឹងទន្លេសាប សូមមេត្តាយកចិត្តទុកដាក់ ចំពោះគ្រប់សកម្មភាពដែលអាចបង្កមហន្តរាយដល់ព្រៃលិចទឹក និងត្រីដែលរស់នៅទីនោះ។ បើមិនដូច្នោះទេ យើងនឹងធ្វើឱ្យបឹងទន្លេសាប ក្លាយទៅជាបឹងដែលសម្បូរតែអ្នកនេសាទ តែខ្សត់ត្រីមិនខាន។ សូមចូលរួមទាំងអស់គ្នា និងជួយទ្រទ្រង់ព្រៃលិចទឹក ដើម្បីការពារបរមាណស្តុកត្រី និងរក្សាបឹងទន្លេសាប និងទន្លេមេគង្គឱ្យមានសុខភាពល្អ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com