ជាតិ
កម្ពុជា បន្តចរចាជាមួយអូស្រ្តាលី ដើម្បីបញ្ជូនពលករទៅធ្វើកសិកម្ម ក្រោយទទួលបានភ្លើងខៀវ
01, Sep 2021 , 8:59 pm        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈការងារ។ រូបថត៖​ហ្វេសប៊ុក ក្រសួងការងារ
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈការងារ។ រូបថត៖​ហ្វេសប៊ុក ក្រសួងការងារ
ដោយ៖ អន ស្រីណុច
 
ភ្នំពេញ៖ ក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ នឹងចរចាជាមួយអូស្រ្តាលី ដើម្បីបញ្ជូនពលករទៅធ្វើការងារផ្នែកកសិកម្ម ។ រដ្ឋាភិបាលអូស្ត្រាលី ក៏កំពុងពិភាក្សាអំពីការផ្តល់ទិដ្ឋាការកសិកម្ម ( Australian Agriculture Visa)  ជាមួយបណ្តាប្រទេសជាដៃគូនានា ផងដែរ។

 
កម្ពុជា ក៏ស្ថិតនៅក្នុងប្រទេសជាដៃគូពិភាក្សាជាមួយរដ្ឋាភិបាលអូស្ត្រាលី អំពីការផ្ដល់ទិដ្ឋាការកសិកម្មអូស្ត្រាលី( Australian Agriculture Visa)   នេះដែរ។ នេះបើតាមក្រសួងការងារ ដោយបានបញ្ជាក់ថា ក្រសួងនឹងចរចាជាមួយរដ្ឋាភិបាលអូស្ត្រាលី ដើម្បីបញ្ជូនពលករខ្មែរទាំង២ភេទ ទៅធ្វើការងារផ្នែកកសិកម្មនៅទីនោះ។ 
 
«ក្រសួងការងារ នឹងបន្តសហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងការចរចាជាមួយរដ្ឋាភិបាលអូស្ត្រាលី ដើម្បីឱ្យមានការទទួលយកពលករ ទេសន្តរប្រវេសន៍ពីកម្ពុជាក្រោមទិដ្ឋាការអន្តរកម្មអូស្ត្រាលី»។ នេះជាការអះអាងរបស់ក្រសួងការងារ នៅក្នុងសេចក្ដីជូនដំណឹង កាលពីថ្ងៃទី៣០ សីហា។ 
 
បើតាមក្រសួងការងារ កិច្ចការចរចាដើម្បីបញ្ជូនពលករកម្ពុជា ទៅធ្វើការងារផ្នែកកសិកម្មនៅប្រទេសអូស្ត្រាលីនេះ គឺត្រូវបានជជែកពិភាក្សាទ្វេរភាគី តាំងពីឆ្នាំ២០១៧មកម្លេះ ប៉ុន្តែទើបតែទទួលបានភ្លើងខៀវ ពីរដ្ឋាភិបាលអូស្រា្តលី កាលពីពេលថ្មីៗនេះ។ 
 
ទន្ទឹមនឹងការទទួលបានភ្លើងខៀវពីរដ្ឋាភិបាលអូស្រ្តាលីនេះ ក្រសួងការងារ ក៏ឆ្លៀតក្រើនរំឭកឱ្យពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់ការផ្សព្វផ្សាយជ្រើសរើស និងបញ្ជូនពលករខ្មែរ ទៅធ្វើការនៅប្រទេសអូស្ត្រាលី តាមរយៈទីភ្នាក់ងារ ឬអង្គភាពជ្រើសរើសជាដើម។ ការដាស់តឿនរបស់ក្រសួងការងារនេះ គឺដោយសារតែរដ្ឋាភិបាលអូស្ត្រាលី ពុំទាន់សម្រេចក្នុងការផ្តល់ទិដ្ឋាការជូនកម្ពុជានៅឡើយទេ។
 
បើតាមក្រសួងការងារកម្ពុជា រាល់ការបញ្ជូនពលករទៅធ្វើការងារនៅក្រៅប្រទេស គឺត្រូវតែមានកិច្ចសន្យាត្រឹមត្រូវ ដែលទទួលស្គាល់ដោយក្រសួងការងារ ។ ជាមួយគ្នានេះ ក្រសួងមានសមត្ថកិច្ចក្នុងការគ្រប់គ្រងលើការបញ្ជូនពលករខ្មែរ ទៅធ្វើការនៅបរទេស ដោយធ្វើកិច្ចសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ៕
 

Tag:
 ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com