កីឡាជាតិ
ជាតិ
ប៉ារ៉ាឡាំពិក៖ វ៉ាន វ៉ុន ខកឱកាសមេដាយ ប៉ុន្តែបន្តបង្កើនកំណត់ត្រាផ្ទាល់ខ្លួន
01, Sep 2021 , 5:45 pm        
រូបភាព
ដោយ: រួបរួម
កីឡាករ វ៉ាន វ៉ុន បានបញ្ចប់ចំណាត់ថ្នាក់លេខ៧នាការប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡាប្រណាំងរទេះវិញ្ញាសា T54 ចម្ងាយ១០០ម៉ែត្រក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ នេះ។



វ៉ាន វ៉ុន បានប្រើថិរវេលា១៤.២១វិនាទី ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៧ក្នុងចំណោមកីឡាករ៨នាក់នៅវគ្គផ្តាច់ព្រ័ត្រ។ ទោះបីជាយ៉ាងណាក៏ដោយ វ៉ាន វ៉ុន បានបន្តបំបែកកំណត់ត្រាផ្ទាល់ខ្លួន (Personal Best) បន្ថែមទៀតក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក។

កីឡាករថៃ Athiwat Paeng-Nuea បានឈ្នះមេដាយមាសក្នុងថិរវេលា ១៣.៧៦, កីឡាករហ្វាំងឡង់ Leo Pekka Tahti បានមេដាយប្រាក់ (១៣.៨៥) និងកីឡាករម៉ិកស៊ិក Juan Pablo Cervantes Garcia បានមេដាយសំរឹទ្ធ (១៣.៨៧)។

មុនឆ្លងចូលវគ្គផ្តាច់ព្រ័ត្រនេះ អត្តពលិកតែម្នាក់របស់កម្ពុជារូបនេះ បានជាប់ចំណាត់ថ្នាក់លេខ២ក្នុង Heat 1 ជាមួយនឹងថិរវេលា ១៤.៣៩ វិនាទី បន្ទាប់ពីកីឡាករថៃ Athiwat Paeng-Nuea ដែលបានប្រើថិរវេលា ១៤.០០។

កាលពីឆ្នាំ២០១៦ នៅ Rio គេប្រើថិរវេលា ១៥.៤៤។ ក្នុងវិញ្ញាសា Men’s 100m-T54 នេះ វ៉ាន វ៉ុន សម្រេចបានកំណត់ត្រាល្អប្រសើរជាបន្តបន្ទាប់ ដោយក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមអាស៊ី នៅក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ២០១៨ គេបានប្រើថិរវេលា ១៥.០២ ហើយនៅក្នុងព្រឹត្តិការណ៍ World Championships ក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម គេសម្រេចបានក្នុងថិរវេលា ១៤.៥៧។

នេះជាការបង្ហាញខ្លួនលើកទី៦របស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។ លើកដំបូងនៅឆ្នាំ២០០០ កម្ពុជាមានក្រុមបាល់បោះបុរស បន្ទាប់មកបានបញ្ជូនអត្តពលិក២នាក់នៅអាតែន ឆ្នាំ២០០៤ ហើយនៅឆ្នាំ២០០៨ ឆ្នាំ២០១២ និងឆ្នាំ២០១៦ មានអត្តពលិកតែ១រូបប៉ុណ្ណោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com