FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo បំបែកកំណត់ត្រាពិភពលោក របស់ Ali Daei ក្រោយរកបាន២គ្រាប់ទៀត ឱ្យក្រុមព័រទុយហ្គាល់
02, Sep 2021 , 10:17 am        
រូបភាព
ខ្សែប្រយុទ្ធឆ្នើមវ័យ៣៦ឆ្នាំ Cristiano Ronaldo បានបំបែកកំណត់ត្រាពិភពលោករបស់ Ali Daei ក្រោយជួយឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ យកឈ្នះក្រុមអៀឡង់ ដោយលទ្ធផល២ទល់១ នៃវគ្គជម្រុះពានរង្វាន់ World Cup 2022 ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅប្រទេសកាតា។



២គ្រាប់របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ គឺរកបានដោយ Ronaldo ក្នុងការប្រើក្បាលតែតបាល់បញ្ចូលទីក្រុមអៀឡង់ នៅចុងវគ្គទី២ នៃការប្រកួត គឺនៅទី៨៩ និង៩០ បូក៦នាទី ។ តាមពិតទៅ Ronaldo អាចមានឱកាសធ្វើបាន Hat Trick ដែរ ប៉ុន្តែរូបគេបែរជាខកខានទៅវិញ ដោយសារស៊ុតបាល់ប៉េណាល់ទី មិនចូលនៅនាទី១៥ ដើមតង់ទី១ មុនពេលកីឡាករJohn Egan ស៊ុតបញ្ចូលទី១គ្រាប់ ជួយឱ្យអៀឡង់ នាំមុខព័រទុយហ្គាលបណ្ដោះអាសន្ននេះ។
 
តែយ៉ាងណាការវាយបករបស់ព័រទុយហ្គាល់ ដែលសម្រេចបានដោយ Ronaldo ទាំង២គ្រាប់នេះ បានជួយឱ្យរូបគេក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ សម្រាប់ជម្រើសជាតិ ហើយបានបំបែកកំណត់ត្រាពិភពលោក របស់អតីតខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei ផងដែរ។
 
គិតត្រឹមការប្រកួតនេះ ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ Ronaldo បានលេងឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ចំនួន១៨០លើក ដោយស៊ុតបញ្ចូលទីបាន១១១គ្រាប់ លើសគ្រាប់បាល់ Ali Daei ចំនួន២គ្រាប់។ Ali Daei ដែលលេងឱ្យក្រុមជម្រើសជាតិអ៊ីរ៉ងពី១៩៩៣ ដល់២០០៦ នោះរកគ្រាប់បាល់បាន១០៩គ្រាប់។
 
កន្លងមកRonaldo បានបំបែកកំណត់ត្រាអ្នកស៊ុតបញ្ចូលទីច្រើនជាងក្នុងព្រឹត្តិការណ៍អឺរ៉ុបនេះ ពីអតីតខ្សែប្រយុទ្ធបារាំងលោក Michel Platini រួចទៅហើយ។ មកដល់ពេលនេះ Ronaldo រកបាន១៣គ្រាប់ ដោយនាំមុខ Platini ដែលរកបាន៩គ្រាប់។ មិនតែប៉ុណ្ណោះ Ronaldo ក៏ក្លាយជាកីឡាកររកគ្រាប់បានច្រើនជាងគេបំផុតលើលោកបូកបញ្ចូលគ្នាទាំងនៅពានអឺរ៉ុប Euro និង World Cup សរុប២០គ្រាប់ នាំមុខអតីតខ្សែប្រយុទ្ធអាល្លឺម៉ង់ Miroslav Klose ដែលធ្វើបាន១៩គ្រាប់។
 
ខាងក្រោមនេះជាកីឡាករទាំង១១រូបដែលរកគ្រាប់ស៊ុតបញ្ចូលទីឱ្យក្រុមជម្រើសជាតិច្រើនជាងគេក្នុងការប្រកួតអន្តរជាតិ៖
១- Cristiano Ronaldo (ព័រទុយហ្កាល់) ១០៩គ្រាប់ ក្នុងការបង្ហាញខ្លួន១៨០ប្រកួត
២- Ali Daei (អ៊ីរ៉ង់) ១០៩គ្រាប់ ក្នុងការបង្ហាញខ្លួន១៤៩ប្រកួត
៣- Mokhtar Dahari (ម៉ាឡេស៊ី) ៨៩គ្រាប់ ក្នុងការបង្ហាញខ្លួន១៤២ប្រកួត
៤- Ferenc Puskás (ហុងគ្រី) ៨៤គ្រាប់ ក្នុងការបង្ហាញខ្លួន៨៥ប្រកួត
៥- Godfrey Chitalu (សំប៊ី) ៧៩គ្រាប់ ក្នុងការបង្ហាញខ្លួន១១១ប្រកួត
៦- Hussein Saeed (អ៊ីរ៉ាក់) ៧៨គ្រាប់ ក្នុងការបង្ហាញខ្លួន១៣៧ប្រកួត
៧- Pelé (ប្រេស៊ីល) ៧៧គ្រាប់ ក្នុងការបង្ហាញខ្លួន៩២ប្រកួត
៨- Ali Mabkhout (អេមីរ៉ាតអារ៉ាប់រួម) ៧៦គ្រាប់ ក្នុងការបង្ហាញខ្លួន៩២ប្រកួត
៩- Lionel Messi (អាហ្សង់ទីន) ៧៦គ្រាប់ ក្នុងការបង្ហាញខ្លួន១៥១ប្រកួត
១០- Kunishige Kamamoto (ជប៉ុន) ៧៥គ្រាប់ ក្នុងការបង្ហាញខ្លួន៧៦ប្រកួត
១១- Bashar Abdullah (កូវ៉ែត) ៧៥គ្រាប់ ក្នុងការបង្ហាញខ្លួន១៣៤ប្រកួត៕
 

Tag:
 បាល់ទាត់
  Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com