កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ារ៉ាឡាំពិក៖ កីឡាករម៉ាឡេស៊ីឈ្នះមេដាយមាស ប៉ុន្តែត្រូវដកចេញវិញ ដោយសារទៅប្រកួតយឺតម៉ោង
02, Sep 2021 , 3:06 pm        
រូបភាព
ដោយ: រួបរួម
កីឡាករចោលដុំ​ដែក​ម៉ាឡេស៊ី Muhammad Ziyad Zolkefli បាន​ឈ្នះក្នុងតំណែងមេដាយ​មាស​វិញ្ញាសា F20 Class កាលពីថ្ងៃអង្គារ ប៉ុន្តែ​ក្រោយ​មក​គណៈកម្មការប៉ារ៉ាឡាំពិក​ ក្រុងតូក្យូ បាន​សម្រេច​ដកសិទ្ធិ​អត្តពលិក​រូបនេះវិញ​ ក្រោម​ហេតុ​ផលថា គេ​បានទៅប្រកួត​យឺតពេល។ នេះបើតាម​ការផ្សាយ​របស់ AP។

 
លោក Craig Spence អ្នក​នាំពាក្យ​គណៈកម្មការអូឡាំពិក​អន្តរជាតិ (IPC) បាន​និយាយថា Zolkefli រួមទាំង​កីឡាករ​ពីររូបទៀត គឺ​កីឡាករអេក្វាឌ័រ Jordi Patricio និងកីឡាករអូស្ត្រាលី Todd Hodgetts ត្រូវបាន​អនុញ្ញាតឲ្យ​ប្រកួត​ ក្រោយ​ពួក​គេ​ទៅ​យឺត​ម៉ោង​ដែលបាន​កំណត់។
 
លោក​បានពន្យល់ថា៖ «ពួក​គេយឺតពេល ប៉ុន្តែអាចមានហេតុផលជាក់លាក់​ណាមួយ ដូច្នេះយើងបាន​អនុញ្ញាត​ឲ្យពួក​គេ​ប្រកួត​សិន មុនពេល​វែក​ញែក​រក​ហេតុផល​តាម​ក្រោយ»។
 
ទោះបីជាយ៉ាងណាក៏ដោយ អង្គភាព​ World Para Athletics នៅតែ​យល់ឃើញថា ការសម្រេច​ចិត្ត​ដកសិទ្ធិ​ ក្រោយ​ការ​ប្រកួត ពិតជាហេតុផល​មិន​សមរម្យ​ឡើយ​ ហើយ​ការប្តឹង​តវ៉ា​ក៏មិន​ត្រូវបានទទួល​យកថែមទៀត។
ការដក​សិទ្ធិនេះ នាំឲ្យ​កីឡាករ​អ៊ុយក្រែន Maksym Koval ក្លាយជាម្ចាស់មេដាយមាស ហើយ​មិត្តរួមជាតិគេ Oleksandr Yarovyi បាន​មេដាយ​ប្រាក់ និង​កីឡាករ​ក្រិក Efstratios Nikolaidis បាន​មេដាយ​សំរឹទ្ធ។
 
លោក​ Spence បាន​បញ្ជាក់ថា លោក​បាន​ឃើញសារ​វាយ​ប្រហារជាច្រើននៅ​លើបណ្តាញសង្គម ជាពិសេស​ការ​វាយ​ប្រហារដោយផ្ទាល់​​ទៅ​លើ​កីឡាករអ៊ុយក្រែន។ «ខ្ញុំសូមទោស ច្បាប់គឺជាច្បាប់។ ការសម្រេច​ចិត្ត​បាន​កើតឡើង​ហើយ។ មិនមែនជាកំហុស​របស់កីឡាករអ៊ុយក្រែនទេ តែដោយសារកីឡាករ​ម៉ាឡេស៊ី បានទៅ​ប្រកួតយឺតពេល»។
 
បើតាមអ្នកនាំពាក្យ​រូបនេះ កីឡាករម៉ាឡេស៊ី អេក្វាឌ័រ និង​អូស្ត្រាលី បានទៅយឺត៣នាទី ដោយគ្រាន​ហេតុផលជាក់លាក់ ខណៈអត្តពលិក​ផ្សេងទៀត បាន​ទៅ​មុន​ម៉ោង​រហូត​ដល់ទៅ​៥នាទី៕


 

Tag:
 ប៉ារ៉ាឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com