ជាតិ
សង្គមជាតិ
រដ្ឋាភិបាល បដិសេធសំណើក្រុមហ៊ុនឯកជន ដែលសុំទិញបឹង១ពាន់ហិកតានៅល្វាឯម
02, Sep 2021 , 4:36 pm        
រូបភាព
បឹងវាលសំណាប ក្នុងឃុំបារុង ស្រុកល្វាឯម (រូបពីស្នងការនរគបាលខេត្តកណ្ដាល)
បឹងវាលសំណាប ក្នុងឃុំបារុង ស្រុកល្វាឯម (រូបពីស្នងការនរគបាលខេត្តកណ្ដាល)
ភ្នំពេញ៖ ក្រុមហ៊ុនឯកជនមួយ ឈ្មោះក្រុមហ៊ុនសំណង់ ឈ្នះឈ្នះ បានស្នើសុំទិញដីរដ្ឋទំហំ១ពាន់ហិកតា ដែលដីនោះ គឺជាបឹង ស្ថិតក្នុងឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល តែរដ្ឋាភិបាល មិនលក់ឲ្យ។ ការបដិសេធសំណើសុំទិញផ្ទៃបឹង១ពាន់ហិកតានេះ ធ្វើឡើងតាមរយៈលិខិតរបស់លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលចេញជំនួសលោក ប៊ិន ឈិន ជារដ្ឋមន្រ្តី។

 
 
តាមរយៈលិខិតនោះ រដ្ឋាភិបាល លើកមូលហេតុថា ការបដិសេធសំណើសុំទិញរបស់ក្រុមហ៊ុនសំណង់ ឈ្នះឈ្នះ គឺដើម្បីទុកបឹងធម្មជាតិ សម្រាប់បម្រើប្រយោជន៍សាធារណៈ និងរក្សាទឹក។ រដ្ឋាភិបាល បញ្ជាក់ថា៖«ចាំបាច់ត្រូវរក្សាទុកបឹងនេះ ហើយរកវិធីជីកឲ្យបានជ្រៅដើម្បីរក្សាទឹក»។ 
 
ជាមួយគ្នានេះដែរ រដ្ឋាភិបាល ថែមទាំងប្រាប់ក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកណ្ដាល ឲ្យបញ្ឈប់ទទួល ឬលើកសំណើទិញលក់ដីតំបន់នេះ ទៅរដ្ឋាភិបាលតទៀត។
 
លិខិតរបស់លោក ហ៊ីង ថូរ៉ាក់ស៊ី ដែលចុះហត្ថលេខានៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានផ្ញើទៅកាន់បុគ្គលសំខាន់ៗ៤រូប រួមមាន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និង លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។
 
លោក គង់ សោភ័ណ្ឌ ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះថា បឹង ដែលក្រុមហ៊ុនសំណង់ ឈ្នះឈ្នះ សុំទិញ គឺបឹងវាលសំណាប។ បើតាមលោកអភិបាលខេត្តកណ្តាល បឹងវាលសំណាបនេះ មានផ្ទៃទំហំ១ពាន់ហិកតា ហើយក្រុមហ៊ុនសំណង់ ឈ្នះឈ្នះ សុំទិញទាំងមូលតែម្តង។ 
 
ក្រុមហ៊ុនសំណង់ ឈ្នះឈ្នះ ស្នើសុំទិញផ្ទៃបឹង១ពាន់ហិកតានេះ​ ក្រោមហេតុផលថា ដើម្បីអភិវឌ្ឍជាទីក្រុងរណបបែបទំនើប និងហេដ្ឋារចនាសម្ព័នសំខាន់ៗផ្សេងទៀត៕ 
 
 

Tag:
 សង្គម
  កណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com