កីឡាអន្តរជាតិ
អន្តរជាតិ
មុនប្រកួតទល់ប្រេស៊ីល Arturo Vidal ទៅភ្លក្សអាហារស្នាដៃចុងភៅល្បីល្បាញមួយរូប នាទីក្រុងឌូបៃ
03, Sep 2021 , 8:29 am        
រូបភាព
រូបភាព៖Goal India
រូបភាព៖Goal India
មុនប្រកួតទល់ប្រេស៊ីល នៅថ្ងៃទី៣ កញ្ញានេះ កីឡាករ Arturo Vidal ខ្សែបម្រើជម្រើសជាតិស៊ីលី បានទៅភ្លក្សអាហារស្នាដៃចុងភៅល្បីល្បាញមួយរូបនាទីក្រុងឌូបៃ ដែលបង្ហាញពីភាពរីករាយ សម្រាប់ជីវិតឯកជន សម្រាកចុងសប្ដាហ៍។



ខ្សែបម្រើវ័យ៣៤ឆ្នាំ ដែលលេងឲ្យក្រុម Inter Milan របស់លីគកំពូលអ៊ីតាលីរូបនេះ បានបង្ហោះវីដេអូនៅលើបណ្តាញសង្គម Instagram ប្រហែល៣០វិនាទី កាលពីថ្ងៃទី១ កញ្ញា ដោយរូបគេបានធ្វើម្ហូបជាមួយចុងភៅសញ្ជាតិតួកគីដ៏ល្បីឈ្មោះមួយរូបគឺ លោក CZN Burak។ 
 
ស្របពេលដែលបង្ហោះវីដេអូជាមួយចុងភៅ CZN Burak កីឡាករខ្សែបម្រើរូបនេះក៏បានសរសេរដូច្នេះថា៖«អរគុណខ្លាំងណាស់មិត្តភក្កិសម្រាប់ម្ហូបពេលល្ងាចដ៏ឆ្ងាញ់មួយនេះ។ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានមកដល់ភោជនីដ្ឋានរបស់អ្នកផ្ទាល់ក្នុងទីក្រុងឌូបៃនេះ។ អាហារពិតជាឆ្ងាញ់ខ្លាំងណាស់ ហើយអ្នកគឺជាមនុស្សល្អបំផុតមួយរូប»។
 
អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍នោះ គឺក្រុមជម្រើសជាតិស៊ីលី ត្រូវយកចិត្តទុកដាក់លើការហ្វឹកហាត់ ដើម្បីឆ្លងការវគ្គជម្រុះពានរង្វាន់ World Cup 2022 ប៉ុន្តែបែរជាអតីតខ្សែបម្រើក្លិបអ្នកមានបុណ្យ Barcelona រូបនេះ យកពេលវេលាធ្វើដំណើរកម្សាន្តចុងសប្ដាហ៍ ជាលក្ខណឯកជនទៅវិញ។
 
ក្រោយពីបញ្ចប់ដំណើរកម្សាន្តនាទីក្រុងឌូបៃរួចមក Vidal ក៏បានធ្វើដំណើរទៅកាន់ជំរុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិស៊ីលី នាប្រទេសរបស់ខ្លួន ដើម្បីត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិប្រេស៊ីល ក្នុងវគ្គជម្រុះ World Cup 2022 ដើម្បីដណ្ដើមកៅអីទៅប្រកួតនៅប្រទេសកាតា៕

© រក្សាសិទ្ធិដោយ thmeythmey.com