កីឡាអន្តរជាតិ
អន្តរជាតិ
Kong Bopha កីឡាបារាំងដើមកំណើតវៀតណាម ខកឱកាសឈ្នះមេដាយប៉ារ៉ាឡាំពិក
03, Sep 2021 , 9:41 am        
រូបភាព
ដោយ: រួបរួម
ក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកក្រុងតូក្យូ កីឡាករតេក្វាន់ដូបារាំងដើម​កំណើតវៀតណាម ដែលមានឈ្មោះថា Kong Bopha បាន​រងការ​ខកចិត្ត នាការប្រកួតដណ្តើម​មេដាយសំរឹទ្ធវិញ្ញាសា K44-61 គីឡូក្រាម កាលពីល្ងាចទី២ ខែកញ្ញា ដោយបាន​ចាញ់​អត្តពលិកពីគណៈកម្មការ​ប៉ារ៉ាឡាំពិករុស្ស៊ី Daniil Sidorov ក្នុងលទ្ធផល ៣៣-២៣។

 
នា​ការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រ កីឡាករបារាំង Kong Bopha បានចាញ់កីឡាករអេហ្ស៊ីប Mohamed Elzayat ២០-១០ តែបាន​យកឈ្នះកីឡាករអ៊ូសបេគីស្ថាន Zukhriddin Tokhirov ៣៧-២៤ នៅវគ្គ Repechage សម្រាប់ឱកាសទី២។ 
 
ឈាន​ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សម្រាប់ឱកាសទី២ (Repechage) កីឡាករវ័យ​៤០​ឆ្នាំរូបនេះ បាន​បន្តយកឈ្នះកីឡាករ​អាស៊ែរបៃហ្សង់ Imamaddin Khalilov ក្នុងលទ្ធផល ២៩-២៦ ប៉ុន្តែឈាន​ដល់វគ្គ​ដណ្តើម​មេដាយ​សំរឹទ្ធ គេ​បាន​ចាញ់​កីឡាករ ពីគណៈកម្មការប៉ារ៉ាឡាំពិករុស្ស៊ី Daniil Sidorov ៣៣-២៣។


 
សម្រាប់​វិញ្ញាសា K44-61 គីឡូក្រាម នេះ កីឡាករប្រេស៊ីល Nathan Cesar Sodario Torquato ឈ្នះមេដាយមាស កីឡាករអេហ្ស៊ីប Mohamed Elzayat បាន​មេដាយប្រាក់ រីឯកីឡាករពីគណៈកម្មការប៉ារ៉ាឡាំពិករុស្ស៊ី Daniil Sidorov និង​កីឡាករ តួកគី Mahmut Bozteke បានមេដាយសំរឹទ្ធស្ទួន។
 
កីឡាករបារាំង Kong Bopha បានត្រឹមចំណាត់ថ្នាក់​លេខ​៥ស្ទួន ជាមួយ​កីឡាករអ៊ីតាលី Antonio Bossolo និងមានចំណាត់ថ្នាក់​ល្អជាងគូប្រជែង​៤នាក់ទៀត។
 
កើតនៅប្រទេសវៀតណាម Kong Bopha បានទៅរស់នៅប្រទេសបារាំង តាំងពីអាយុ៣ឆ្នាំ។ កាលនៅក្មេងអត្តពលិករូបនេះ ចូលចិត្តមើលភាពយន្តរបស់ Jacky Chan, Bruce Lee និង Jean Claude Van Damme ដែលធ្វើឲ្យគាត់មានចំណាប់លើសិល្បៈក្បាច់គុន ជាពិសេសប្រដាល់។
 
កាលពីអាយុ១៨ឆ្នាំ គាត់បានរងគ្រោះថ្នាក់ពិការដៃទាំងសងខាង ដោយសារតែគ្រាប់បែកកែច្នៃមួយ របស់មិត្តភក្តិខ្លួននៅក្នុងសង្កាត់។ បន្ទាប់ពីគ្រោះថ្នាក់ បុប្ផា បានប្តូរពីកីឡាប្រដាល់ ទៅហាត់តេក្វាន់ដូវិញ ដោយប្រើពេល២៥ម៉ោង ក្នុង១សប្តាហ៍។ 
 
 
ចាប់ពីឆ្នាំ២០០៩ Kong Bopha បានឈ្នះមេដាយមាសពិភពលោក ៤លើក និងជើងឯកអឺរ៉ុប២លើក។ តាមពិតទៅ អ្វីដែលមិត្ត​អ្នកអាន​ចាប់អារម្មណ៍បំផុតនោះ គឺឈ្មោះ គង់ បុប្ផា ដោយ​ស្រដៀងនឹងឈ្មោះខ្មែរ តែ​សារព័ត៌មាន​ថ្មីៗ មិនមាន​ព័ត៌មានលម្អិតឡើយ។ បើតាមសារឆ្លើយឆ្លងមួយនៅ​លើបណ្តាញសង្គម Instagram កីឡាកររូបនេះ អះអាងថា គាត់មានដើម​កំណើត​វៀតណាម ហើយ​ឪពុក​ខ្លួនបាន​កើត និងធ្លាប់​​រស់នៅ​កម្ពុជា។ 
 
តាមរយៈគណនីហ្វេសប៊ុក​របស់ខ្លួន កីឡាកររូបនេះ ក៏ធ្លាប់បានបង្ហោះរូបថត ស្តីពីដំណើរកម្សាន្ត​នៅ​កម្ពុជា កាលពីឆ្នាំ​២០១៧​ដែរ ដោយគេបាន​ទៅដល់ខេត្តកំពត និងកោះរុងសន្លឹម ក្នុងខេត្តព្រះសីហនុ៕
 



Tag:
 ប៉ារ៉ាឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com