ភ្នំពេញ៖ កម្ពុជា ប្តេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាង៦៤លានតោន នៅក្នុងក្នុងវិស័យព្រៃឈើ ថាមពល ឧស្សាហកម្ម កសិកម្ម និងការគ្រប់គ្រងសំណល់ នៅត្រឹមឆ្នាំ២០៣០ ។ នេះជាការបញ្ជាក់តាមប្រព័ន្ធវីដេអូរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះ។ វេទិកានេះ រៀបចំដោយប្រទេសចិន ក្រោមមូលបទ«ថាមពល អាកាសធាតុ បរិស្ថាន»។
ក្នុងសុន្ទរកថាថតទុកជាង៩នាទីនោះ សម្ដេច ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ៖«ដ្បិតតែ កម្ពុជាជាប្រទេសដែលមានកម្រិតនៃការអភិវឌ្ឍទាប រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញា ចិត្តខ្ពស់ និងកំណត់យកបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈគោល នយោបាយដ៏សំខាន់ និងសម្រាប់រយៈពេលវែង»។
ក្រៅពីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមដោះស្រាយបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ប្រមុខរដ្ឋាភិបាល ក៏ទទួលស្គាល់ថាបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុនេះ នៅតែជាបញ្ហាប្រឈមដ៏ចម្បង និងក្ដៅគគុកសម្រាប់មនុស្សជាតិទាំងមូល។ បញ្ហានេះ បានបន្តគំរាមកំហែងដល់សុខភាពមនុស្ស សន្តិសុខស្បៀង ហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ីជារួម តាមរយៈការបង្កនូវគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ និងភ្លើងឆេះព្រៃជាដើម។
សម្រាប់សម្តេច ហ៊ុន សែន បញ្ហាទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ នៃការធ្វើបដិវត្តន៍ថាមពលឱ្យបានលឿន និងប្រកបដោយយុត្តិធម៌ និងសមធម៌ ដើម្បីផ្លាស់ប្តូរពីការផលិត និងប្រើប្រាស់ថាមពលដែលបញ្ចេញកាបូនច្រើនទៅក្នុងបរិយាកាស ឆ្ពោះទៅការផលិត និងប្រើប្រាស់ថាមពលស្អាត អាចកកើតឡើងវិញ និងមានប្រសិទ្ធភាពជាងមុន។
យ៉ាងណាក៏ដោយ ការដោះស្រាយបញ្ហាថាមពល អាការធាតុ និងបរិស្ថាន គឺជាកិច្ចដ៏លំបាកមួយ ដែលទាមទារឱ្យមានការចូលរួមប្រកដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ក្នុងន័យនេះ សម្តេច ហ៊ុន សែន បានអំពាវឱ្យមានការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតឱ្យបាននូវអនាគតបៃតងរួមគ្នាមួយ ប្រកបដោយចីរភាព និងជាពិសេសការប្តេជ្ញាចិត្តផ្នែកនយោបាយ ក្នុងការចូលរួមឱ្យអស់លទ្ធភាពពីគ្រប់ប្រទេសទាំងអស់។
«ខ្ញុំក៏សូមលើកទឹកចិត្តឱ្យមានការជួយគ្នាទៅវិញទៅមក ប្រកបដោយស្មារតីសាមគ្គីភាព ជាពិសេសតាមរយៈការផ្ទេរបច្ចេកវិទ្យា និងការផ្តល់ហិរញ្ញប្បទាន ជាពិសេសទៅដល់បណ្តាប្រទេសដែលមានធនធានទាប»។ នេះជាការបន្ថែមរបស់សម្តេច នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានបន្តដោយការសាទរចំពោះគំនិតផ្តួចផ្តើមបង្កើតផែនការពាណិជ្ជកម្មទីផ្សារជួញដូរកាបូន នៅក្នុងប្រទេសចិនផងដែរ ខណៈកម្ពុជាបានចូលរួមដោយជោគជ័យក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត អស់ពេលជាច្រើនឆ្នាំមកហើយនោះ។
សម្រាប់ប្រមុខរដ្ឋាភិបាល ឥណទានកាបូនជាប្រភពធនធានហិរញ្ញប្បទានប្រកដោយចីរភាព ដ៏សំខាន់មួយសម្រាប់កម្ពុជា នៅក្នុងសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយកម្ពុជាស្វាគមន៍ការចូលរួមក្នុងភាពជាដៃគូជាមួយបណ្តាប្រទេស និងវិស័យឯកជន ចំពោះឥណទានកាបូននេះ។
គួរកត់សម្គាល់ថា កម្ពុជាចាប់ផ្តើមលក់ឥណទានកាបូនចាប់តាំងពីឆ្នាំ២០១៦មក ហើយគិត ត្រឹមឆ្នាំ២០២០ កម្ពុជាទទួលបានថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូន។ បច្ចុប្បន្នកម្ពុជាកំពុង រកដៃគូផ្សេងៗ ដើម្បីទិញកាបូនដែលបំភាយចេញពីព្រៃឈើនៅតាមតំបន់ការពារធម្មជាតិនានា ដែលនៅសេសសល់ច្រើនផងដែរ៕