កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាកររូបណាខ្លះ ដែលគ្រងអាវលេខ៧ នៅMan Utd ទទួលបានជោគជ័យ?
03, Sep 2021 , 3:46 pm        
រូបភាព
បច្ចុប្បន្ននេះ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ Cristiano Ronaldo បានត្រឡប់មកគ្រងអាវលេខ៧ របស់ខ្លួន នៅក្លិប ManChester United វិញ ក្រោយពីចាកចេញអស់រយៈពេល១២ឆ្នាំ។ ម្ចាស់អាវលេខ៧រូបនេះ ជាកីឡាករជោគជ័យម្នាក់ នៅអំឡុងពេលលេងឱ្យ Man Utd រយៈពេល៦ឆ្នាំ ហើយត្រូវបានជាប់ជាកីឡាករល្អលើពិភពលោកផងដែរ។



គិតត្រឹមឆ្នាំ២០២១នេះ មានកីឡាករឆ្នើម ១១រូបហើយ ដែលបានពាក់អាវលេខ៧ លេងឱ្យក្រុមបិសាចក្រហម Man Utd។ ក្នុងចំណោមកីឡាករទាំង១១រូបនេះ គឺមានតែកីឡាករ៥រូបប៉ុណ្ណោះ ដែលមានភាពលេចធ្លោ និងជោគជ័យនៅក្នុងក្លិបមួយនេះ។
 
កីឡាករ ៥ រូប ដែលគ្រងអាវលេខ៧ នៅ Man Utd ជោគជ័យ៖

ខ្សែបម្រើសញ្ជាតិអៀឡង់ខាងជើង George Best ជាអ្នកគ្រងអាវលេខ៧ដំបូងគេ នៅ Man Utd ។ George Best បានប្រកបអាជីពនៅ Man Utd រយៈពេល១១ឆ្នាំ ចាប់ពី១៩៦៣ ដល់១៩៧៤ ដោយបង្ហាញខ្លួនបាន ៤៧០លើក និងស៊ុតបញ្ចូលទី១៧៩គ្រាប់ សម្រាប់ក្រុមបិសាចក្រហម។ កីឡាករ ដែលមាន រហ័ស្សនាម « fifth Beatle » រូបនេះ ធ្លាប់បានជួយឱ្យ Man Utd ឈ្នះពាន First Division (មុនប្ដូរឈ្មោះមក Premier League នៅឆ្នាំ១៩៩២) ចំនួនពីរលើក នៅឆ្នាំ១៩៦៤-៦៥ និងឆ្នាំ១៩៦៦-៦៧, ពាន Charity Shield ឬ Football Associate Community Shield នៅឆ្នាំ១៩៦៥ និង១៩៦៧ និង European Cup ឬ UEFA Champion League នៅឆ្នាំ១៩៦៨ផងដែរ។


 
ក្រៅពីនេះ George Best ក៏ធ្លាប់ឈ្នះពានរង្វាន់ Ballon d'Or នៅឆ្នាំ១៩៦៨ នៅអំឡុងពេលលេងឱ្យ Man Utd និងទទួលបានពានផ្សេងៗជាង១០ទៀតផងដែរ។ George Best បានទទួលមរណភាពនៅឆ្នាំ២០០៥ ។ ដើម្បីជាការគោរពដល់កីឡាករឆ្នើមរូបនេះ ក្លិប Man Utd ក៏បានសង់រូបសំណាកកីឡាករ George Best (ឆ្វេង) រួមទាំងកីឡាករ២រូបទៀត គឺ Denis Law (កណ្ដាល) និង Bobby Charlton (ស្ដាំ) នៅខាងក្រៅទល់មុខកីឡដ្ឋាន Old Traffordទៀតផង។ មិនតែប៉ុណ្ណោះ អាកាសយានដ្ឋាននៅទីក្រុង Belfast នៅប្រទេសអៀឡង់ខាងជើង ក៏មានរំលេចឈ្មោះ George Best នៅលើស្លាកអាកាសយានដ្ឋានផងដែរ។
  




Bryan Robson ក៏ជាកីឡាករលេចធ្លោមួយរូបដែរ ក្នុងអំឡុងពេលលេងឱ្យ Man Utd នៅក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ដែលចូលមក Old Trafford ។ Bryan Robson លេងឱ្យ Man Utd ចំនួន៤៦១ប្រកួត ស៊ុតបញ្ចូលទីបាន ៩៩គ្រាប់ ពីឆ្នាំ១៩៨១ ដល់១៩៩៤ ។ អតីតខ្សែបម្រើ ពាក់អាវលេខ៧ ដែលមានរហស្សនាមថា « Captain Marvel» រូបនេះ បានជួយឱ្យ Man Utd ឈ្នះពានរង្វាន់ Premier League ពីរលើកជាប់គ្នា នៅឆ្នាំ១៩៩២-៩៣ និង១៩៩៣-៩៤, ពាន FA Cup ៣លើក (នៅឆ្នាំ១៩៨២-៨៣, ១៩៨៤-៨៥, ១៩៨៩-៩០) , League Cup (១៩៩១-៩២), Charity Shield ឬ Football Associate Community Shield (១៩៨៣ និង១៩៩៣) និង European Cup ឬ UEFA Champion League (១៩៩០-៩១)ផងដែរ។ ក្រៅពីនេះ អតីតកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ក៏បានឈ្នះពានផ្ទាល់ខ្លួនជិត២០ ទៀតដែរ។ បច្ចុប្បន្នវីរៈបុរស Man Utd រូបនេះ មានវ័យ៦៤ឆ្នាំ។


  
Eric Daniel Pierre Cantona ក៏ជាកីឡាករគ្រងអាវលេខ៧ ដោយទទួលបានជោគជ័យនៅក្លិបបិសាចក្រហម អំឡុងពេលឆ្នាំ១៩៩២ ដល់១៩៩៧។ អតីតកីឡាករសញ្ជាតិបារាំងរូបនេះ បានបង្ហាញខ្លួនឱ្យ Man Utd ១៨២ប្រកួត ដោយរកគ្រាប់បាល់ បាន៨២គ្រាប់។ រយៈពេល៥ឆ្នាំ នៅ Man Utd កីឡាករដែលមានអត្តចរិកកាចបន្តិចរូបនេះ បានបង្ហាញទម្រង់លេងលេចធ្លោ ដែលនាំឱ្យក្លិបបិសាចក្រហមឈ្នះពាន Premier League ៤លើក (នៅឆ្នាំ១៩៩៣, ១៩៩៤ , ១៩៩៦ និង១៩៩៧), ពាន FA Cup ២លើក (នៅឆ្នាំ១៩៩៤ និង១៩៩៦) , Charity Shield ឬ Football Associate Community Shield (១៩៩៣, ១៩៩៤ និង១៩៩៦)។ ជាមួយគ្នា Eric Cantona វីរៈបុរស Man Utd ដែលមានវ័យ៥៥ឆ្នាំរូបនេះ ក៏ឈ្នះពានផ្ទាល់ខ្លួន អំឡុងពេលជោគជ័យនេះ ជិត២០ផងដែរ។

 
ក្រោយពេលដែល Eric Cantona ចាកចេញពី Man Utd នោះ អតីតខ្សែបម្រើសញ្ជាតិអង់គ្លេស David Beckham ដែលកាលណោះពាក់អាវលេខ២៤ បានប្ដូរមកពាក់អាវលេខ៧ វិញម្ដង។ ក្នុងតួនាទីម្ចាស់អាវលេខ៧នេះ Beckham ក៏ធ្វើបានល្អដែរ ក្នុងការនាំក្រុមទៅកាន់ភាពជោគជ័យ ដោយឈ្នះពានរង្វាន់ជាង១០។ ពានរង្វាន់ ដែលទទួលបានអំឡុងពេល Beckham រួមរស់ជាមួយ Man Utd នោះរួមមាន Premier League ៦លើក (នៅឆ្នាំ១៩៩៦, ១៩៩៧, ១៩៩៩, ២០០០, ២០០១ និង២០០៣) ពាន FA Cup ២លើក (នៅឆ្នាំ១៩៩៦ និង១៩៩៩) , Charity Shield ឬ Football Associate Community Shield (១៩៩៦ និង១៩៩៧) ,UEFA Champion League នៅឆ្នាំ១៩៩៩ និង International Cup ឆ្នាំ១៩៩៩។ ចំណែកពានរង្វាន់ផ្ទាល់ខ្លួនវិញ អតីតខ្សែបម្រើឆ្នើមសញ្ជាតិអង់គ្លេស វ័យ៤៥រូបនេះ មានជាង២០ ក្នុងដៃ។ រួមរស់ជាមួយMan Utd រយៈពេល៨ឆ្នាំ ពីឆ្នាំ១៩៩៥ ដល់២០០៣ នោះ អតីតខ្សែបម្រើឆ្នើមរូបនេះ បានស៊ុតបញ្ចូលទី៨៥គ្រាប់ នៅក្នុងការបង្ហាញទម្រង់លេង៣៩៤ប្រកួត។
 


ការចាកចេញរបស់ Beckham ពី Man Utd ទៅចូលរួមជាមួយ Real Madrid នាឆ្នាំ២០០៣ នោះ បាននាំឱ្យមានវត្តមានខ្សែបម្រើប្រយុទ្ធ Cristiano Ronaldo មកជំនួសអាវលេខ៧នេះ។
Cristiano Ronaldo ដែលកាលណោះទើបមានអាយុ១៨ឆ្នាំ ត្រូវបាន Sir Alex Ferguson នាំយកពីក្លិប Sporting Lisbon មកចូលរួមជំរុំធំនៅក្លិប Man Utd នាឆ្នាំ២០០៣ ដល់២០០៩។ រយៈពេល៦ឆ្នាំនៃការរួមរស់ជាមួយ Man Utd ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យ សម្រាប់ក្លិប មិនខុសពីរៀមច្បងមុនៗ ដែលគ្រងអាវលេខ៧ដែរ។ រូបគេបានរកគ្រាប់១១៨គ្រាប់ ក្នុងការប្រកួត១៩២លើក។ Ronaldo បានជួយឱ្យ Man Utd លើកពាន Premier League ៣លើកជាប់គ្នា (ពីឆ្នាំ២០០៧ដល់២០០៩) , ពាន FA Cup ឆ្នាំ២០០៤ , ពាន EFL Cup ឬ Carabao Cup ឆ្នាំ២០០៦ និង២០០៩,  Football Associate Community Shield ឆ្នាំ២០០៧ ,UEFA Champion League ឆ្នាំ២០០៨ និង FIFA Club World Cup ឆ្នាំ២០០៨។
  


មកដល់ពេលនេះ Ronaldo បានឈ្នះពានរង្វាន់ Ballon d'Or ៥លើក , ពានកីឡាករល្អលើពិភពលោក១លើក និងកីឡាករល្អបំផុតរបស់ FIFA ២លើក រួមទាំងពានប្រមាណ២០ផ្សេងទៀត ពីស្ថាប័នបាល់ទាត់អន្តរជាតិធំៗ។ 
 
ក្រៅពីខ្សែបម្រើឆ្នើម ពាក់អាវលេខ៧ នៅក្លិប Man Utd ទាំង៥នាក់ ខាងលើ ដែលតែត្រូវបានគេចារទុកនៅក្នុងសៀវភៅប្រវត្តិសាស្ត្រមាសប្រចាំឆ្នាំនៅក្លិបនេះ ក៏មានខ្សែបម្រើ និងប្រយុទ្ធ ៦រូបផ្សេងទៀត ហាក់ដូចជាមិនជោគជ័យឡើយ។
 
កីឡាករ៦ ដែលគ្រងអាវលេខ៧ នៅ Man Utd មិនសូវទទួលបានជោគជ័យ៖

បន្ទាប់ពី Cristiano Ronaldo ចាកចេញទៅ អតីតខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Michael Owen ក៏បានចូលមក Man Utd ដោយពាក់អាវលេខ៧នេះដែរ។ ប៉ុន្តែអំឡុងពេលលេង៣ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់២០១២នោះ Owen បានលេងឱ្យ Man Utd តែ៣១ប្រកួតប៉ុណ្ណោះ ដោយរកបាន៥គ្រាប់ ដោយសាររូបគេជាប់មានបញ្ហារបួសញឹកញាប់ នៅគ្រានោះ។ ដ្បិតមិនសូវបានលេងច្រើនក្តី ប៉ុន្តែវត្តមាន Owen ពេលនោះ ស្របពេល Man Utd លើកពាន Premier League នៅឆ្នាំ២០១១, ពាន League Cup និង ពាន FA Community Shield នៅឆ្នាំ២០១០ដែរ។ មុនមកចូលរួមនៅ Man Utd អតីតខ្សែប្រយុទ្ធអង់គ្លេសរូបនេះ គឺបានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្លិប Liverpool ដោយជួយឱ្យក្លិបនេះលើកពានជាច្រើន ហើយរូបគេក៏ធ្លាប់ឈ្នះពាន Ballon d'Or នៅឆ្នាំ២០០១ដែរ។ ក្រៅពីពាននេះ Michael Owen ឈ្នះពាន១៥ទៀតផង។


  

ចំណែក Antonio Valencia ក៏ធ្លាប់គ្រងអាវលេខ៧ នៅ Man Utd រយៈពេលខ្លីដែរ។ ប៉ុន្តែដោយសារដឹងថាទម្រង់លេងខ្លួន ហាក់មិនសូវល្អ ដែលមិនសាកសមពាក់អាវលេខ៧នេះ ទើបរូបគេ សម្រេចចិត្តប្ដូរមកពាក់អាវលេខ២៥វិញ។ រយៈពេល១០ឆ្នាំលេងឱ្យ Man Utd ពីឆ្នាំ២០០៩ដល់២០១៩ ខ្សែបម្រើសញ្ជាតិអេក្វាឌ័ររូបនេះ បានបង្ហាញខ្លួន២៤១លើក រកបាន១៧គ្រាប់។ ដ្បិតមិនសូវជោគជ័យលើការពាក់អាវលេខ៧ក្តី តែខ្សែបម្រើស្លាបស្ដាំរូបនេះ ក៏បានរួមចំណែកឱ្យ ក្រុមបិសាចក្រហមឈ្នះពាន Premier League ៣លើក FA Cup និង Europa League ១លើកដូចគ្នា រួមទាំងពាន League Cup ២លើក និងពាន FA Community Shield ៣លើកដែរ ។


  
រីឯខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Angel Di Maria វិញ ក៏បានមកលេងឱ្យក្រុមបិសាចក្រហមមួយរដូវកាល នាឆ្នាំ២០១៤-២០១៥ ដែរ ដោយរូបគេរកបាន៣គ្រាប់ ក្នុងការបង្ហាញខ្លួន២៧ប្រកួត។ រយៈពេលខ្លីនៅ Man Utd នេះ មិនបានផ្ដល់ឱកាស Angel Di Maria បង្ហាញពីសមត្ថភាពលេចធ្លោឡើយ។ បច្ចុប្បន្ននេះ Di Maria កំពុងជោគជ័យយ៉ាងខ្លាំងនៅក្លិប Paris Saint-Germain នៃLeague 1 របស់បារាំង ។ រូបគេបានជួយឱ្យក្លិប PSG ឈ្នះពានយ៉ាងច្រើន នៅលីគបារាំងនេះ។


  

មិនខុសពី Di Maria ឡើយ កីឡាករ Memphis Depay ក៏មិនជោគជ័យនៅ Man Utd ក្រោយរួមរស់អស់រយៈពេលពីរឆ្នាំ ពីឆ្នាំ២០១៥ដល់២០១៧ ក្នុងនាមជាម្ចាស់អាវលេខ៧នេះ។ ខ្សែប្រយុទ្ធវ័យក្មេង សញ្ជាតិហូឡង់រូបនេះ បានលេងឱ្យក្រុមបិសាចក្រហម៣៣លើក ដោយស៊ុតបញ្ជូលទីបានតែ២គ្រាប់ប៉ុណ្ណោះ ។ បច្ចុប្បន្នរូបគេកំពុងបន្តអាជីពនៅក្លិប Barcelona នៅក្របខណ្ឌ La Liga ប្រទេសអេស្ប៉ាញ។


  

Alexis Sanchez ក៏មិនអាចបង្ហាញភាពលេចធ្លោដូចគ្នា នៅក្រោយចុះកុងត្រា២ឆ្នាំ ពីឆ្នាំ២០១៨ដល់២០២០។ ខ្សែប្រយុទ្ធស៊ីលីរូបនេះ រកបានតែ៣គ្រាប់ប៉ុណ្ណោះ ក្នុងអំឡុងលេង៣៣ប្រកួតឱ្យMan Utd។ បច្ចុប្បន្នរូបគេកំពុងបន្តអាជីពនៅក្លិប Inter Milan របស់អ៊ីតាលី ក្រោយព្រមព្រៀងទិញពី Man Utd ។

  

ចុងក្រោយនេះ គឺកីឡាករ Edinson Cavani ដែលបានមកលេងនៅក្រុមបិសាចក្រហម កាលពីឆ្នាំ២០២០ ក្រោយផុតកុងត្រាជាមួយ ក្រុម PSG។ រយៈពេលមួយឆ្នាំនេះ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ូហ្គាយ ធ្វើបានល្អគួរសម ដោយអាចរកគ្រាប់បាល់បាន១៧គ្រាប់ ក្នុងការបង្ហាញខ្លួន៣៩លើក ឱ្យMan Utd។ វត្តមាន Cavani បានត្រឹមជួយឱ្យ Man Utd រងជើងឯក Europa League នៅឆ្នាំ២០២០កន្លងមក។

 
ប៉ុន្តែយ៉ាងណាខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ូហ្គាយវ័យ៣៤ឆ្នាំនេះ បានសម្រេចពាក់អាវលេខ២១វិញ ដោយប្រគល់អាវលេខ៧ ឱ្យទៅកីឡាករ Cristiano Ronaldo ដែលត្រឡប់មក Old Trafford។ បច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល វ័យ៣៦ឆ្នាំរូបនេះ បានចុះកុងត្រាលេងឱ្យMan Utd រយៈពេល២ឆ្នាំ។ មុនមកកាន់ Old Trafford នេះ Ronaldo បានប្ដេជ្ញាកសាងប្រវត្តិសាស្ត្រម្ដងទៀត សម្រាប់ក្លិបចាស់ខ្លួនផងដែរ៕
 
 

Tag:
 បាល់ទាត់
  Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com