កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីពិការភ្នែកម្នាក់ ទទួលបានសំណើសុំរៀបការពីអ្នករត់នាំផ្លូវខ្លួន
05, Sep 2021 , 6:59 am        
រូបភាព
ដោយ: ធីតា
កីឡាការិនីអត្តពលកម្មពីកោះកាប់វែរ Keula Nidreia Pereira Semedo បានធ្លាក់ចេញពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិញ្ញាសារត់សាប់ (Sprint) T11 ចម្ងាយ១០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូ ប៉ុន្តែនាងបានទទួលសំណើដ៏ភ្ញាក់ផ្អើល ពី​មគ្គុទេសក៍ដែលរត់នាំផ្លូវខ្លួន នោះគឺចិញ្ចៀនសុំរៀបការ។

 
Pereira Semedo បានបញ្ចប់ចំណាត់ថ្នាក់ចុងក្រោយគេ ក្នុង Heat របស់ខ្លួន តែក្រោយការប្រកួត នាងមិនបានខកចិត្តនោះឡើយ ដោយអ្នករត់នាំផ្លូវខ្លួ ន គឺ Manuel Antonio Vaz da Veiga បានលុតជង្គង់នៅលើទីលាន ជាមួយនឹងចិញ្ចៀនសុំរៀបការ។
 
ជាមួយនឹងក្តីរំភើបរីករាយ Pereira Semedo បានផ្តល់ចម្លើយ «Yes» ដល់ Vaz da Veiga ។ អ្នកទាំងពីរបានឱបគ្នា ហើយបានប្រែក្លាយទីលានប្រកួត ទៅជាកន្លែងអបអរស្នេហារបស់អ្នកទាំងពីរ ជាមួយនឹងសំឡេងទះដៃយ៉ាងកងរំពង។
 
«សូមអ្នកទាំងពីរ រត់ជាមួយគ្នាពេញមួយជីវិត!»។ នេះជាការជូនពរជ័យពីបណ្តាញសង្គម Twitter ផ្លូវការ ប្រចាំព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក។
 
Pereira Semedo ដែលពិការភ្នែក បានចាប់ផ្តើមប្រឡូកក្នុងកីឡាអត្តពលិក តាំងពីអាយុ១៥ឆ្នាំ ហើយបានប្រឡូកក្នុងឆាកអន្តរជាតិ សម្រាប់កាប់វែរ ចាប់តាំងពីឆ្នាំ២០០៥មក ហើយក៏ទើបបានទទួលបាន ឥស្សរិយយស Medal of Sports Merit ប្រចាំប្រទេស កាលពីឆ្នាំ២០១២​ដែរ។
 
Vaz de Veiga បានបញ្ជាក់ថា កីឡដ្ឋានគឺជាកន្លែងដ៏ល្អបំផុត ព្រោះវាចាត់ទុកដូចជាផ្ទះទីពីររបស់ Pereira Semedo យ៉ាងដូច្នោះដែរ។ «យើងនៅជាមួយគ្នា១១ឆ្នាំ ដូច្នេះខ្ញុំគិតថា វាជាពេលវេលាដ៏ល្អបំផុត»។
 
រីឯកីឡាការិនី Pereira Semedo វិញ បានបង្ហាញពីអារម្មណ៍ដ៏រំភើបរបស់ខ្លួន ប្រាប់អ្នកសារព័ត៌មាន។ «ខ្ញុំមានបំណងចាកចេញពីកីឡា ប៉ុន្តែពេលនេះ ខ្ញុំទទួលបានកម្លាំងចិត្តបន្ថែម។ គាត់ គឺតែងតែនៅក្បែរខ្ញុំជានិច្ច»។
 

នាការប្រកួតវិញ្ញាសារត់សាប់ T11-ចម្ងាយ១០០ម៉ែត្រ កាលពីថ្ងៃទី៣០ ខែសីហា Pereira Semedo បានបញ្ចប់ចំណាត់ថ្នាក់លេខ៤ ក្នុង Heat ជាមួយនឹងថិរវេលា ១៥.៥៣វិនាទី ដែលជាកំណត់ត្រាល្អរបស់ខ្លួន ប្រចាំរដូវកាល។
 
សម្រាប់វិញ្ញាសានេះ កីឡាការិនីវេណេស៊ុយអេឡា Linda Patricia Perez Lopez ឈ្នះមេដាយមាស។ រីឯកីឡាការិនីចិន Liu Cuiqing បានមេដាយប្រាក់ ដោយមិនមានមេដាយសំរឹទ្ធនោះឡើយ៕
 
 
 

Tag:
 ប៉ារ៉ាឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com