កីឡាជាតិ
ជាតិ
ក្រុមបាល់ទាត់នារីទៅហ្វឹកហាត់នៅចិន ដើម្បីត្រៀមបង្ហាញវត្តមានលើកដំបូងនៅស៊ីហ្គេម
06, Sep 2021 , 9:29 am        
រូបភាព
លោក វ៉ាត់ ចំរើន នាពេលនាំអ្នកសារព័ត៌មានទស្សនាកីឡដ្ឋានមរតក​តេជោ ដែលជាទីកន្លែងរៀបចំការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។​រូបថត គី ចំណារ
លោក វ៉ាត់ ចំរើន នាពេលនាំអ្នកសារព័ត៌មានទស្សនាកីឡដ្ឋានមរតក​តេជោ ដែលជាទីកន្លែងរៀបចំការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។​រូបថត គី ចំណារ
ភ្នំពេញ៖ កម្ពុជា បានត្រៀមក្រុមបាល់ទាត់ជម្រើសជាតិនារីដំបូង សម្រាប់ចូលរួមការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។ នេះបើតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយត្រៀមបញ្ជូនក្រុមនារីទាំង២២នាក់នេះ ទៅហ្វឹកហាត់បន្ថែមរយៈពេល៩០ថ្ងៃ នៅប្រទេសចិន។



កម្ពុជា នឹងមានក្រុមបាល់ទាត់នារីដំបូង សម្រាប់ចូលរួមប្រកួតស៊ីហ្គេមឆ្នាំ២០២៣។ ក្រុមបាល់ទាត់ជម្រើសជាតិនារីនេះ នឹងចេញទៅហ្វឹកហាត់ នៅចុងខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីត្រៀមចូលរួមការប្រកួត ក្នុងនាមជាម្ចាស់ផ្ទះលើកដំបូង។ ក្រុមកីឡាជម្រើសជាតិនារីដំបូងនេះ មាន៧នាក់មកពីក្លិបមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៍ ភ្នំពេក្រោន៧នាក់ ព្រះខ័នរាជស្វាយរៀង៤នាក់ សៀមរាប២នាក់ និងបាត់ដំបង២នាក់។
 
តាមសំដីដែលដកស្រង់ដោយទំព័រហ្វេសប៊ុកផ្លូវការ Cambodia SEA GAMES 2023 លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានលើកឡើងថា ក្រុមនារីទាំង២២នាក់នេះ គឺស្ថិតនៅក្នុងចំណោមក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា សរុប១៣៥នាក់ នៃ១២ប្រភេទកីឡា។ ការចេញទៅហ្វឹកហាត់នាពេលខាងមុខនេះ គឺជាជំនួយឥតសំណងមួយផ្នែករបស់ចិន ក្រៅពីអំពីជំនួយឥតសំណងលើការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ។


 
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា បច្ចុប្បន្នចិនកំពុងរៀបចំទីលាន គ្រូបង្វឹក វិធានការសុខាភិបាល សម្រាប់បង្វឹកដល់ក្រុមជម្រើសជាតិកម្ពុជា។ ក្រុមជម្រើសជាតិកម្ពុជាដែលហ្វឹកហាត់នៅចិននឹងត្រឡប់មកចូលរួមប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ក្រោយបញ្ចប់ ទើបក្រុមជម្រើសជាតិទាំងអស់នឹងបន្តទៅហ្វឹកហាត់នៅចិនបន្ថែម។ 
 
លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងថា៖«យើងមានសុទិដ្ឋិនិយមចំពោះក្រុមបាល់ទាត់នារី ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ហើយការហ្វឹកហាត់នៅប្រទេសចិននេះ គឺក្រុមនារីមានឱកាសបានហ្វឹកហាត់សមជាមួយក្រុមនារីនៅចិន ពីព្រោះនៅចិនមានក្រុមបាល់ទាត់នារីច្រើន»។ 
 
លោកបានបន្ថែមថា៖ «វាជាការហ្វឹកហាត់ត្រៀមបានល្អប្រសើរជាងនៅក្នុងស្រុក ដោយសារយើងមានក្រុមបាល់ទាត់នារីតិចតួច។ កាលណាការប្រមូលផ្តុំហ្វឹកហាត់ បូកផ្សំនឹងការគោរពវិន័យផងនោះ យើងជឿជាក់ថា ក្រុមបាល់ទាត់នារីក៏អាចបង្កើនបានសិទ្ធផលកាន់តែខ្ពស់ទៅតាមនោះដែរ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com