កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ក្រុមម៉ារ៉ុក ត្រូវបញ្ជូនចេញពីហ្គីណេ ក្រោយមានរដ្ឋប្រហារនៅក្នុងប្រទេសនេះ
06, Sep 2021 , 12:06 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ារ៉ុក ត្រូវបានបញ្ជូនចេញពីហ្គីណេ ខណៈខ្លួនត្រូវប្រកួតជម្រុះ World Cup ក្រោយមានដំណឹងថា មានការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅរដ្ឋធានីកូណាគ្រី។



ម៉ារ៉ុក ត្រូវប៉ះម្ចាស់ផ្ទះហ្គីណេ ក្នុងការប្រកួតជម្រុះកីឡាបាល់ទាត់ពិភពលោកតំបន់អាហ្វ្រិកពូល I នៅថ្ងៃទី៦ ខែកញ្ញានេះ។ យ៉ាងណា បន្ទាប់ពីផ្ទុះអាវុធយ៉ាងខ្លាំងជាច្រើនម៉ោង នៅជិតវិមានប្រធានាធិបតីហ្គីណេ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) និងភាគីអាហ្រ្វិកសម្រេចផ្អាកការប្រកួតនេះតែម្តង។
 
បើទោះជំនួបនេះត្រូវផ្អាកក្តី ប៉ុន្តែក្រុមនិងគណៈប្រតិភូម៉ារ៉ុក បានជាប់នៅក្នុងសណ្ឋាគារក្នុងក្រុងកូណាគ្រី អំឡុងពេលមានការប្រយុទ្ធគ្នា និងស្នូរកាំភ្លើងស្ទើរតែពេញមួយថ្ងៃ នៅថ្ងៃទី៥ ខែកញ្ញា។ 
 
សមាជិកក្រុមម៉ារ៉ុក ដែលរួមមានកីឡាករសំខាន់កំពុងប្រកបអាជីពនៅលីគកំពូលអឺរ៉ុប ស្ថិតស្ថានភាពវ៉ឹកវរនោះមានប្រធានក្រុម Roman Saiss ខ្សែបម្រើក្រុម Wolves ខ្សែការពារ Achraf Hakimi របស់ Paris Saint-Germain កីឡាករ Adam Masina និង Imran Louza របស់ Watford និង Ilias Chair and ខ្សែប្រយុទ្ធក្រុម QPR ជាដើម។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង L'Equipe គ្រូបង្វឹកម៉ារ៉ុកលោក Vahid Halilhodzic អះអាងថា ស្ថានទូតប្រទេសហ្គីណេ បានព្យាយាមរៀបចំការធ្វើដំណើរសម្រាប់សមាជិកខ្លួន ចេញពីប្រទេសនេះដោយសុវត្ថិភាព។
 
បន្ទាប់ពីប៉ះទង្គិចគ្នាដោយប្រើអាវុធពេញមួយថ្ងៃ ដែលគេជឿជាក់ថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីហ្គីណេ លោក Alpha Condé ចេញពីតំណែង ទីបំផុតក្រុមម៉ារ៉ុក និងមន្រ្តីការប្រកួត ត្រូវបានគេនាំទៅព្រលានយន្តហោះ ក្រោមការអនុញ្ញាតជាពិសេសដើម្បីចាកចេញ។
 
បើតាមការចុះផ្សាយរបស់កាសែត BBC ក្រុមទាហានដែលមានបំណងផ្តួលរំលំរដ្ឋាភិបាល បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាតិរបស់ហ្គីណេ ហើយអះអាងថាពួកគេបានរំលាយរដ្ឋាភិបាល បើទោះបីជាក្រសួងការពារជាតិប្រទេសនេះ និយាយថា ការប៉ុនប៉ងដណ្តើមអំណាច ត្រូវបានរារាំងដោយកងកម្លាំងប្រធានាធិបតីហ្គីណេ៕
 

Tag:
 World Cup
  ហ្គីណេ
  រដ្ឋប្រហារ
© រក្សាសិទ្ធិដោយ thmeythmey.com