អន្តរជាតិ
យោធាហ្គីណេ ចាប់ខ្លួនប្រធានាធិបតី ហើយ​ប្រកាសលុបចោលរដ្ឋាភិបាល
06, Sep 2021 , 2:59 pm        
រូបភាព
ប្រជាជនហ្គីណេ អបអរតាមផ្លូវក្រោយយោធាធ្វើរដ្ឋប្រហារ។ រូបថត AFP
ប្រជាជនហ្គីណេ អបអរតាមផ្លូវក្រោយយោធាធ្វើរដ្ឋប្រហារ។ រូបថត AFP
កងកម្លាំងទាហានពិសេសហ្គីណេនៅថ្ងៃទី៥ ខែកញ្ញាបានប្រកាសតាមកញ្ចក់ទូរទស្សន៍រដ្ឋ ថា ខ្លួនទម្លាក់ប្រធានាធិបតី អាល់ហ្វា កុងដេ (Alpha Conde) ចេញពីតំណែង​ និងប្រកាសលុបចោលរដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលជាតិ ព្រមទាំងប្រកាសដាក់បម្រាមគោចរទូទាំងប្រទេសផងដែរ។ សហគមន៍ អន្តរជាតិ បានថ្កោលទោសទង្វើក្រុមយោធាហ្គីណេ ហើយព្រមានថាពីអស្ថិរភាពក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ។

 
«ពួកយើងបានរំលាយរដ្ឋាភិបាលនិ ងស្ថាប័នរបស់ពួកគេអស់ហើយ»។ វរសេនីយ៍ Mamady Doumbouya មេដឹកនាំក្រុមយោធាដែលដឹកនាំរដ្ឋប្រហារអះអាងបែបនេះតាមកញ្ចក់ទូរទស្សន៍រដ្ឋ RTG នៅថ្ងៃទី៥ ខែកញ្ញា។ លោកក៏​បន្តថា ​មូលហេតុនៃការទម្លាក់ប្រធានាធិបតី អាល់ហ្វា កុងដេ បណ្ដាលមកពីភាពក្រីក្រនៅក្នុងប្រទេសកើនឡើង និងអំពើពុករលួយក្នុងស្ថាប័នរដ្ឋ។
 
មេដឹកនាំក្រុមយោធារូបនេះក៏បានបញ្ជាក់ថា ទូទាំងប្រទេសនឹងត្រូវដាក់ក្នុងបម្រាមគោចរចាប់ពីថ្ងៃទី៥ ខែសីហារហូតដល់មានការជូនដំណឹងបន្ថែម និងការជំនួសអភិបាលតំបន់ទាំងដោយដោយក្រុមយោធាវិញ។ ពួកគេក៏នឹងសរសេររដ្ឋធម្មនុញ្ញនៃប្រទេសឡើងវិញដែរ។
 
ជាសញ្ញានៃការដណ្ដើមអំណាច នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ស្នូរកាំភ្លើងបានផ្ទុះឡើងនៅជិតវិមាន ប្រធានាធិបតីក្នុងរដ្ឋធានីកូណាគ្រី។ ​មួយម៉ោងក្រោយមក គេក៏ឃើញមានវីដេអូផ្សព្វផ្សាយតាម បណ្ដាញសង្គមដែលបង្ហាញពីលោក កុងដេ នៅក្នុងបន្ទប់មួយដែលព័ទ្ធជុំវិញដោយក្រុមយោធានៅ កន្លែងមួយដែលមិនត្រូវបានបញ្ជាក់ឡើយ។
 
ជុំវិញហេតុការណ៍នេះ អង្គការសហប្រជាជាតិ បានថ្កោលទោសចំពោះការឡើងកាន់អំណាចរបស់ក្រុម យោធា។ ជាមួយគ្នានេះ ក្រសួងការបរទេសអាម៉េរិក បានចេញសេចក្តីថ្លែងការណ៍មួយដែល ថ្កោលទោសនិងព្រមានក្រុមយោធាថា អំពើហិង្សា និងការកែប្រែរដ្ឋធម្មនុញ្ញដែលនឹងរឹតតែបំផ្លាញ សន្តិភាព និងស្ថិរភាពនៅហ្គីណេបន្ថែមទៀត។
 
គួរបញ្ជាក់ថា ប្រធានាធិបតី​ កុងដេ បានឈ្នះឆ្នោតអាណត្តិទីបីកាលពីខែតុលាឆ្នាំ២០២០ បន្ទាប់ពី ផ្លាស់ប្តូររដ្ឋធម្មនុញ្ញដើម្បីអនុញ្ញាតឱ្យលោកឈរឈ្មោះម្តងទៀត ខណៈលោកកាន់តំណងពីរអាណត្តិហើយនោះ។ ការបង្កើតរដ្ឋធម្មនុញ្ញថ្មី បង្កឱ្យមានការតវ៉ាយ៉ាងខ្លាំង។ លើសពីនេះ នៅរយៈពេលប៉ុន្មាន សប្តាហ៍ចុងក្រោយនេះ រដ្ឋាភិបាលបានបង្កើនពន្ធយ៉ាងខ្លាំងដើម្បីបំពេញថវិការដ្ឋ និង​បានដំឡើងថ្លៃ ប្រេងឥន្ធនៈចំនួន២០ភាគរយទៀតផង៕
 
 
 
 

Tag:
 ហ្គីណេ
© រក្សាសិទ្ធិដោយ thmeythmey.com