កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Verstappen ឡើងឈរកំពូលតារាង F1 ជំនួស Hamilton វិញ ក្រោយឈ្នះនៅហូឡង់
06, Sep 2021 , 7:59 pm        
រូបភាព
Max Verstappen ប្រជែងឈ្នះម្ចាស់ការពារតំណែងជើងឯក Lewis Hamilton ដើម្បីបញ្ចប់ទីមុនគេក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One ក្នុងកម្មវិធី Dutch Grand Prix ប្រទេសហូឡង់។ ជ័យជម្នះនេះក៏បានជួយ Verstappen ដែលបើកឱ្យ Red Bull នាំមុខ Hamilton របស់ Mercedes ដើម្បីនាំមុខកំពូលតារាង F1 វិញ។



ក្រោមក្រសែភ្នែកអ្នកគាំទ្រនៅផ្ទះខ្លួនឯងក្នុងប្រទេសហូឡង់ចំនួន ៦៥០០០នាក់ ចំណោមអ្នកគាំទ្រសរុប៧០០០០នាក់ នាការប្រណាំង F1 រដូវកាលឆ្នាំ២០២១ នៅថ្ងៃទី៥ ខែកញ្ញា Verstappen បានសម្រេចទីមុនគេដោយប្រើថេរវេលា ១ម៉ោង ៣០នាទី និង៥វិនាទី តាមពីក្រោយដោយគូប្រជែង Hamilton និង Valtteri Bottas របស់ក្រុម Mercedes។
 
ជ័យជម្នះនាការប្រណាំងនៅទីលានទី១៣នេះ បានជួយអ្នកប្រណាំងសញ្ជាតិហូឡង់ឡើងទៅឈរកំពូលតារាង F1 វិញ ដោយនាំមុខអ្នកប្រណាំងអង់គ្លេស Hamilton ចំនួន៣ពិន្ទុ។
  


ឆ្លងកាត់ការប្រណាំង១៣លើក ឈ្នះ៧លើក Verstappen រកបាន ២២៤,៥ពិន្ទុ តាមពីក្រោយដោយ Hamilton ដែលឈរលេខ២មាន២២១,៥ពិន្ទុ។ លេខ៣ Bottas មិត្តរួមក្រុម Mercedes ស្ថិតនៅលេខរៀងទី៣រកបាន១២៣ពិន្ទុ។
 
យ៉ាងណាក៏ដោយ ផ្នែកគ្រឿងម៉ាស៊ីន Mercedes នៅតែនាំមុខក្នុងតារាងបណ្តោះអាសន្នជាមួយពិន្ទុសរុប ៣៤៤,៥ ខណៈក្រុម Red Bull នៅលេខ២មាន ៣៣២,៥ពិន្ទុ និង Ferrari នៅលេខរៀងទី៣ទទួលបាន១៨១,៥ពិន្ទុ។
 
ការប្រណាំងបន្ទាប់ និងជាទីលានទី១៤រដូវកាល២០២១នេះ នឹងធ្វើនៅទឹកដីប្រទេសអ៊ីតាលី ក្នុងកម្មវិធី Italy Grand Prix នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១៕
 

Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com