កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ផ្តើមរឹតបន្តឹងអ្នកចូលកីឡដ្ឋាន ដោយពិនិត្យប័ណ្ណចាក់វាក់សាំងកូវីដ-១៩
08, Sep 2021 , 8:29 am        
រូបភាព
ក្លិប Manchester United នឹងចាប់ផ្តើមត្រួតពិនិត្យប័ណ្ណចាក់វាក់សាំងកូវីដ-១៩ លើអ្នកចូលរួមការប្រកួតនៅ Old Trafford គិតចាប់ពីជំនួបទល់នឹង Newcastle United ក្នុងក្របខណ្ឌ Premier League ចុងសប្តាហ៍នេះតទៅ។


អ្នកគាំទ្រដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ត្រូវបង្ហាញលិខិតបញ្ជាក់ចាក់វ៉ាក់សាំង និងតេស្តអវិជ្ជមានកូវីដ-១៩ ក្នុងរយៈពេល ៤៨ ម៉ោងមុនការប្រកួត។
 
នៅខែកក្កដា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសពីផែនការបញ្ជាក់ប័ណ្ណវ៉ាក់សាំងនៅកន្លែង ដែលមានហ្វូងមនុស្សប្រមូលផ្តុំច្រើន រួមទាំងកីឡដ្ឋានដែលមានសមត្ថភាពផ្ទុកអ្នកគាំទ្រលើសពី ២០,០០០នាក់ឡើងទៅ។
 
គិតមកទល់ពេលនេះ បិសាចក្រហម ជាក្រុមចុងក្រោយបង្អស់ ដែលណែនាំការត្រួតពិនិត្យប័ណ្ណចាក់វ៉ាក់សាំងក្នុងការប្រកួតនៅក្របខណ្ឌលីគកំពូលអង់គ្លេសនៅរដូវកាល ២០២១-២២ នេះ។ Man Utd ប្រកាសថា អ្នកគាំទ្រត្រូវតែត្រៀមខ្លួន ដើម្បីបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំងពេញលេញ ឬមានតេស្តអវិជ្ជមានជំងឺកូវីដ-១៩ មុនអនុញ្ញាតចូលកីឡដ្ឋាន។
 
បើតាមការផ្សាយរបស់កាសែត BBC មិនត្រឹមតែការប្រកួតនៅ Premier League ទេ Man Utd គ្រោងពិនិត្យប័ណ្ណចាក់វ៉ាក់សាំងទាំងការប្រកួតក្របខណ្ឌអឺរ៉ុប Champions League នៅ Old Trafford ថែមទៀត។
 
សេចក្តីថ្លែងការណ៍ Man Utd បានបន្ថែមទៀតថា រដ្ឋាភិបាលអង់គ្លេសនឹងបញ្ជាឱ្យអ្នកពាក់ព័ន្ធ ត្រួតពិនិត្យប័ណ្ណបញ្ជាក់អ្នកចាក់វ៉ាក់សាំងសម្រាប់អ្នកចូលរួមព្រឹត្តិការណ៍ធំៗ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២១ តទៅ៕
 

Tag:
 Manchester United
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com