កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup តំបន់អាស៊ី៖ ចិន និងវៀតណាមបន្តចាញ់ ឯជប៉ុនរកបាន៣ពិន្ទុលើកដំបូង
08, Sep 2021 , 9:43 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិចិន និងវៀតណាម បន្តចាញ់ក្នុងការប្រកួតវគ្គជម្រុះ World Cup តំបន់អាស៊ីជុំទី៣ពូល B ខណៈជប៉ុនរកបានជ័យជម្នះលើកដំបូង។ អូស្ត្រាលី និងអារ៉ាប៊ីសាអូឌីតរកបាន៦ពិន្ទុពេញ ពីការប្រកួត២លើក។


ចិន បានប្រកួតចាញ់ជប៉ុនក្នុងលទ្ធផល ១-០ នៅជំនួបលើកទី២ពូល B នៅថ្ងៃទី៧ ខែកញ្ញា។ នេះជាបរាជ័យលើកទី២ បន្ទាប់ពីពួកគេចាញ់អូស្ត្រាលីនៅជំនួបបើកឆាក ៣-០។ ចិនស្ថិតនៅបាតតារាងក្នុងពូលដោយគ្មានពិន្ទុរាប់ និងមានសំណល់គ្រាប់បាល់ដក៤គ្រាប់។
 
ដោយឡែក ជប៉ុនវិញ ក៏ទើបទទួលបានជ័យជម្នះលើកដំបូងដែរ បន្ទាប់ពីពួកគេបរាជ័យនៅជំនួបបើកឆាកក្រោយចាញ់អូម៉ង់ ១-០។ ជប៉ុនមាន៣ពិន្ទុ ពីការប្រកួត២លើក ឈរនៅលេខរៀងទី៣ក្នុងតារាងពូល B។
 
វៀតណាម ដែលលេចធ្លោខ្លាំងនៅវគ្គជម្រុះនៅជុំទី២ ធ្វើមិនបានល្អទេសម្រាប់វគ្គជម្រុះជុំទី៣។ ក្រុមតែមួយគត់ពីតំបន់អាស៊ានមួយនេះ បន្តចាញ់ជាលើកទី២ក្រោមថ្វៃជើង ក្រុមអូស្ត្រាលីក្នុងលទ្ធផល ១-០។ កាលពីជំនួបបើកឆាកពូល B វៀតណាមចាញ់អារ៉ាប៊ីសាអូឌីត ៣-១។ បរាជ័យទាំងពីរប្រកួតនេះ នាំឱ្យវៀតណាមស្ថិតនៅចំណាត់ថ្នាក់ទី៥ គ្មានពិន្ទុរាប់ និងមានសំណល់គ្រាប់បាល់ដក៣គ្រាប់។ 
 
អូស្ត្រាលីដែលឈ្នះទាំងពីរប្រកួតឈរនៅកំពូលតារាងពូល B មាន៦ពិន្ទុពេញ ខណៈអារ៉ាប៊ីសាអូឌីតស្ថិតនៅលេខ២មាន៦ពិន្ទុដូចគ្នា បន្ទាប់ពីពួកគេបន្តឈ្នះអូម៉ង់ ១-០ នៅជំនួបទី២។ អូម៉ង់ឈរនៅលេខរៀងទី៤ មាន៣ពិន្ទុ បន្ទាប់ពីប្រកួតឈ្នះ១ និងចាញ់១។
 
សម្រាប់វគ្គជម្រុះពានរង្វាន់កីឡាបាល់ទាត់ពិភពលោកតំបន់អាស៊ីពូល A វិញ អ៊ីរ៉ង់បានយកឈ្នះអ៊ីរ៉ាក់ ៣-០ ឯកូរ៉េខាងត្បូងឈ្នះលីបង់ ១-០ និងអេមីរ៉ាតអារ៉ាប់រួមស្មើស៊ីរី ១-១។ អ៊ីរ៉ង់ ឈរលេខ១ពូល A មាន៦ពិន្ទុពេញ តាមពីក្រោយដោយកូរ៉េខាងត្បូងដែលមាន៤ពិន្ទុ។ អេមីរ៉ាតអារ៉ាប់រួមនៅលេខ៣មាន២ពិន្ទុ ស៊ីរីលេ៤មាន១ពិន្ទុ ស្មើក្រុមលេខ៥លីបង់ និងអ៊ីរ៉ាក់នៅបាតតារាងមាន១ពិន្ទុ៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com