កីឡាអន្តរជាតិ
អន្តរជាតិ
អ្នក​គាំទ្រក្រៅដី អាច​មើលការប្រកួតផ្ទាល់ ក្របខណ្ឌអឺរ៉ុប បាន​វិញហើយ
08, Sep 2021 , 11:10 am        
រូបភាព
អ្នកគាំទ្រអាចធ្វើដំណើរទៅទស្សនាក្រុមខ្លួនក្នុងការប្រកួតក្របខណ្ឌអឺរ៉ុប UEFA Champions League, Europa League និងពានថ្មី Europa Conference League នៅក្រៅដីវិញហើយ ក្រោយសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានលុបចោលបម្រាម។


UEFA បានដាក់បម្រាមមិនឱ្យអ្នកគាំទ្រទៅទស្សនាការប្រកួតនៅពានរង្វាន់កំពូលអឺរ៉ុប ក្រោយការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩។ ប៉ុន្តែក្រោយជំងឺនេះធូរស្បើយ និងមានចំនួនប្រជាជនអឺរ៉ុបបានទទួលការចាក់វ៉ាក់សាំងបង្កាក្នុងចំនួនច្រើន ស្ថាប័នគ្រប់គ្រងកីឡាមួយនេះបានសម្រេចអនុញ្ញាឱ្យអ្នកគាំទ្រទាំងក្នុងដៃ និងក្រៅដីចូលកីឡដ្ឋានវិញ។
 
ទោះយ៉ាងណាក៏ដោយ ការចូលរួមរបស់អ្នកគាំទ្រនៅតែស្ថិតក្រោមការរឹតត្បិតរបស់រដ្ឋាភិបាលជាតិនៅក្នុងប្រទេសម្ចាស់ផ្ទះនីមួយៗ ដើម្បីចៀសវាងការផ្ទុះការចម្លងជំងឺរាតត្បាតនេះ។
 
UEFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «ដោយពិចារណាលើច្បាប់និងបទបញ្ជាផ្សេងៗដែលអាចអនុវត្តបាននៅទូទាំងដែនដីរបស់សហព័ន្ធខ្លួន UEFA បានសម្រេចឱ្យអ្នកគាំទ្រចូលកីឡដ្ឋានសម្រាប់ពានរង្វាន់អឺរ៉ុបចាប់ពីសប្តាហ៍ក្រោយទៅ»។
 
អ្នកគាំទ្រនៅក្រៅប្រទេសមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតនៅអ៊ឺរ៉ុបចាប់តាំងពីរដូវកាល ២០២០-២១ ម្លេះ។ ប៉ុន្តែក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League និង Europa League នៅខែឧសភាកន្លងទៅ UEFA បានអនុញ្ញាតឱ្យមានអ្នកគាំទ្រដោយកំណត់ចំនួនតិចតួចប៉ុណ្ណោះ៕
 

Tag:
 UEFA Champions League
  Europa League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com