ជាតិ
លោក វ៉ាង យី នឹងប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោ ឱ្យកម្ពុជា នៅក្នុងដំណើរទស្សនកិច្ច
08, Sep 2021 , 2:15 pm        
រូបភាព
រូបពីហ្វេសប៊ុកសហព័ន្ធបាល់ទាត់កម្ពុជា
រូបពីហ្វេសប៊ុកសហព័ន្ធបាល់ទាត់កម្ពុជា
ភ្នំពេញ៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នឹងទស្សនកិច្ចកម្ពុជា និងប្រទេសផ្សេងទៀត នៅតំបន់អាស៊ាន ពីថ្ងៃទី១០ ដល់១៥ កញ្ញា។ លោក វ៉ាង យី នឹងប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោ ឱ្យកម្ពុជា នៅក្នុងដំណើរទស្សនកិច្ច។




ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាននិយាយថា លោក វ៉ាង យី និងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមពិធីប្រកាសទទួល និងប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃទី១២ កញ្ញា។ 
 
ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ដែលមានកញ្ចប់ថវិកាចំណាយសាងសង់ចន្លោះពី ១០០លាន ទៅ ២០០លានដុល្លារអាមេរិក ហើយថវិកាមួយភាគធំ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ 
 
ពហុកីឡដ្ឋានជាតិមរតកតេជោ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា ដែលស្ថិតនៅសង្កាត់សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ សំណង់អគារនេះ សាងសង់ឡើងក្រោម ទិសដៅបៃតង «Green Sport» ។ ក្នុងនោះសំណង់អគារតែ ៣០ភាគរយប៉ុណ្ណោះ ខណៈ៧០ភាគរយទៀត ជាតំបន់បៃតង ដោយមានដើមឈើ ស្មៅ និងទឹកជាដើម ។ ជាពិសេសការកាត់បន្ថយប្រើប្រាស់ថាមពលអគ្គិសនី ដោយប្រើប្រាស់បច្ចេកទេសរចនាប្លង់ ដែលមានខ្យល់ចេញចូល និងពន្លឺព្រះអាទិត្យចេញចូលគ្រប់កន្លែង។
 
កីឡដ្ឋានក៏មានរចនាសណ្ឋាគារចំនួន ៣៤បន្ទប់, ហាងលក់ទំនិញសម្លៀកបំពាក់កីឡា ឧបករណ៍ សម្ភារកីឡាគ្រប់ប្រភេទ និងផលិតផលផ្សេងៗ, មានកន្លែងកម្សាន្តសម្រាប់កុមារ, សាលហាត់កីឡា និងមានច្រកសុវត្ថិភាពច្រើន សម្រាប់រំដោះមនុស្ស ៦ម៉ឺននាក់ ក្នុងរយៈពេលតែ ៧នាទីទឪតផង។ ពហុកីឡដ្ឋានជាតិទំនើបមួយនេះ ក៏ត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ផងដែរ។ 
 
ក្រៅពីទស្សនកិច្ចនៅកម្ពុជា លោក វ៉ាង យី ក៏គម្រោងទៅប្រទេស វៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូង។ បើតាមទូរទស្សន៍រដ្ឋចិន CGTV ដំណើរទស្សនកិច្ចនៅក្នុងប្រទេសតំបន់អាស៊ាននេះ គឺដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគម្រោង«ផ្លូវមួយ ខ្សែក្រវ៉ាត់ » និង«សហគមវាសនារួមគ្នាតែមួយ» ដើម្បីផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកដែរ។
 
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជុំវិញដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិននេះបានទេ។ 
កាលពីខែតុលា ឆ្នាំ២០២០កន្លងមក លោក វ៉ាង យី ក៏បានមកទស្សនកិច្ចនៅកម្ពុជាដែរ ។ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិន នាពេលនោះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីផ្សារសេរីទ្វេរភាគី (FTA) ទៀតផង។
 
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA នេះ ភាគីចិន បានផ្តល់ឱ្យទំនិញកម្ពុជា ចំនួន៣៤០មុខ ដែលភាគច្រើនជាផលិតផលកសិកម្ម ទទួលបានការអនុគ្រោះពន្ធ៩៥ភាគរយ ពោលគឺកម្ពុជា ត្រូវបង់ពន្ធត្រឹមតែ៥ភាគរយប៉ុណ្ណោះ។ ចំណែកមុខទំនិញ ដែលចិនគិតពន្ធនាំចូលពីកម្ពុជា គឺជាប្រភេទគ្រឿងចក្រ និងយានយន្តផ្សេងៗ។
 
ជាមួយនឹងគ្នានេះ កម្ពុជា ក៏បានផ្ដល់ការអនុគ្រោះពន្ធនាំចូលមុខទំនិញពីចិនដែរ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ កម្ពុជា បានអនុគ្រោះលើផលិតផលចិន រួមមាន ដែក គ្រឿងបន្លាស់ គ្រឿងបង្គុំ និង គ្រឿងចក្រធំជាដើម។
 
រដ្ឋាភិបាលកម្ពុជា រំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA នឹងធ្វើឱ្យការនាំចេញរបស់កម្ពុជាទៅចិន មានកំណើន២៥ភាគរយបន្ថែមទៀត។
 
តាមរយៈ FTA នេះ ប្រទេសចិនបានផ្ដល់ឱ្យមុខទំនិញនៃផលិតផលកសិកម្មរបស់កម្ពុជាទាំងអស់ ត្រូវបង់ពន្ធនាំចូលទីផ្សារចិនត្រឹមតែ៥ភាគរយប៉ុណ្ណោះ។
 
គួរបញ្ជាក់ថា ប្រមុខការទូតចិនរូបនេះ ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាច្រើនលើកហើយ ដោយនៅឆ្នាំ១៩៩៨ ក្នុងនាមជាជំនួយការរដ្ឋមន្ត្រីការបរទេស និងក្នុងតំណែងជារដ្ឋមន្ត្រី កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៦៕
 

Tag:
 វ៉ាង យី
  ចិន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com