កីឡាអន្តរជាតិ
អន្តរជាតិ
IOC ហាមកូរ៉េខាងជើងមិនឱ្យចូលរួមអូឡាំពិកប៉េកាំង២០២២ ព្រោះអវត្តមានអូឡាំពិកតូក្យូ
09, Sep 2021 , 10:44 am        
រូបភាព
កូរ៉េខាងជើងត្រូវបានព្យួរការងារពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) រហូតដល់ចុងឆ្នាំ ២០២២ បន្ទាប់ពីពួកគេមិនបញ្ជូនអត្តពលិកទៅអូឡាំពិកតូក្យូឆ្នាំ២០២០។ ការព្យួរនេះ មានន័យថា កូរ៉េខាងជើងនឹងខកខានចូលរួមកីឡារដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ និងមិនទទួលបានប្រាក់ឧបត្ថម្ភគាំទ្រផងដែរ។


លោក Thomas Bach ប្រធាន IOC ប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃទី៨ ខែកញ្ញាថា គណៈកម្មាធិការអូឡាំពិកជាតិនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (PRK NOC) ត្រូវបានផ្អាករហូតដល់ដំណាច់ឆ្នាំ ២០២២ ដោយសារការសម្រេចចិត្តឯកតោភាគី មិនចូលរួមអូឡាំពិករដូវក្តៅក្រុងតូក្យូ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
បើតាមលោក Bach ការសម្រេចនេះមានន័យថាគណៈកម្មាធិការអូឡាំពិកកូរ៉េខាងជើង (NKOC) នឹងមិនទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងអំឡុងពេលព្យួរការងារនោះទេ ហើយនឹងកាត់កងការគាំទ្រ ដែលត្រូវបានព្យួរកាលពីមុនដោយសារទណ្ឌកម្មផង។
 
ទោះយ៉ាងណាប្រធាន IOC រូបនេះ នៅតែរក្សាសិទ្ធិក្នុងការសម្រេចចិត្តលើអត្តពលិកកូរ៉េខាងជើងណាមួយ ដែលមានលក្ខណៈគ្រប់គ្រាន់ ក្នុងការបង្ហាញខ្លួននៅក្រុងប៉េកាំងឆ្នាំ ២០២២ និងពិចារណាឡើងវិញ អំពីរយៈពេលនៃការព្យួរការងាររបស់ប្រទេសនេះដែរ។
 
កូរ៉េខាងជើង ជាប្រទេសតែមួយគត់ ដែលមិនបញ្ជូនអត្តពលិកទៅកាន់អូឡាំពិកក្រុងតូក្យូ ដែលធ្វើឡើងពីថ្ងៃទី២៣ កក្កដា ដល់ថ្ងៃទី៨ ខែសីហា ដោយសារហេតុផលបារម្ភពីជំងឺកូវីដ-១៩ ខណៈដែល IOC ព្រមានថា ប្រទេសនេះ នឹងរងផលវិបាកជុំវិញការមិនចូលរួមព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោក ដែលរៀបចំ៤ឆ្នាំម្តងនេះ។
 
IOC ថែមទាំងបានពិភាក្សារកដំណោះស្រាយ រួមទាំងការផ្តល់វ៉ាក់សាំងដល់អត្តពលិក និងប្រជាជនកូរ៉េខាងជើងទៀតផង ប៉ុន្តែវិធានការទាំងនេះត្រូវបាន PRK NOC ច្រានចោល៕
 

Tag:
 IOC
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com