កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ ស្នើឱ្យ FIFA បោះបង់ផែនការរៀប World Cup ពីរឆ្នាំម្តង
09, Sep 2021 , 5:28 pm        
រូបភាព
ក្រុមអ្នកគាំទ្រមកពីទូទាំងពិភពលោក ប្រឆាំងនឹងគម្រោងផ្លាស់ប្តូរការរៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup រៀងរាល់២ឆ្នាំម្តង។ ពួកគេទទូចឱ្យសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បោះបង់ផែនការនេះចោលវិញ ដោយរក្សាកម្មវិធី៤ឆ្នាំម្តងដដែល។


អតីតអ្នកចាត់ការក្រុម Arsenal លោក Arsene Wenger ដែលបច្ចុប្បន្នជាប្រធានផ្នែកអភិវឌ្ឍន៍ របស់ FIFA បានអំពាវនាវឱ្យការប្រកួត​​ FIFA World Cup ក្លាយជាព្រឹត្តិការណ៍ដែលធ្វើឡើង២ឆ្នាំម្តងវិញ។ មិនត្រឹមតែលោក Wenger ឡើយ សូម្បីជនល្បីៗមួយចំនួនក្នុងវិស័យកីឡាបាល់ទាត់ ក៏មានបំណងចង់ឱ្យ FIFA ផ្លាស់ប្តូរដំណើរការកម្មវិធីបាល់ទាត់ពិភពលោកមួយនេះពី៤ឆ្នាំ ទៅ២ឆ្នាំវិញផងដែរ។
 
បើទោះមានការស្នើខាងលើ ប៉ុន្តែអង្គការអ្នកគាំទ្រជាតិចំនួន ៥៨ មកពីទូទាំងសហព័ន្ធកីឡាបាល់ទាត់ទាំង៦ អះអាងក្នុងសេចក្តីថ្លែងការណ៍រួមមួយថា អ្នកគាំទ្រភាគច្រើនលើសលប់ប្រឆាំងនឹងគម្រោងផ្លាស់ប្តូររយៈពេលប្រកួត World Cup។ ពួកគេថែមទាំងអំពាវនាវ FIFA ឱ្យលុបផែនការនេះចោលវិញទៀតផង។​ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
«ហេតុអ្វីបានជាចង់បោះបង់ទម្លាប់ជាប្រពៃណីដ៏មានតម្លៃជិតមួយសតវត្សរ៍ ដោយគ្មានការជឿជាក់ថានឹងធ្វើឱ្យកាប្រកួតកម្រិតពិភពលោកប្រសើរឡើងនោះ?»។ នេះជាសំណួររបស់ក្រុម អ្នកគាំទ្រកីឡាបាល់ទាត់ ចោទសួរទៅកាន់អ្នកចង់ប្តូររយៈពេលរៀបចំ World Cup។
 
អ្នកគាំទ្រទាំងអស់នោះយល់ឃើញថា មិនត្រឹមតែមិនអាចធ្វើឱ្យមានភាពប្រសើរឡើងនោះទេ ការផ្លាស់ប្តូរនេះ នឹងគំរាមកំហែងដល់តុល្យភាពរវាងការប្រកួតក្នុងស្រុក និងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗទៀតនាពេលអនាគត។
 
កាលពីដើមសប្តាហ៍កន្លងទៅ លោក Aleksander Ceferin ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានព្រមានថាការរៀបចំ World Cup រៀងរាល់២ឆ្នាំម្តង នឹងធ្វើឱ្យប្រជាប្រិយភាពរបស់បាល់ទាត់ពិភពលោកធ្លាក់ចុះ៕


 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com