ជាតិ
អាជ្ញាធរអប្សរា សង់ស្ពានផ្លូវកង់២ទីតាំង សម្រាប់ទេសចរ
10, Sep 2021 , 7:59 am        
រូបភាព
រូបភាពពីអាជ្ញាធរជាតិអប្សរា
រូបភាពពីអាជ្ញាធរជាតិអប្សរា
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមសាងសង់ស្ពានលើកំណាត់ផ្លូវកង់ចំនួន ២ទីតាំង នៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ដែលនិយមធ្វើដំណើរដោយកង់។ ស្ពានផ្លូវកង់នេះ ធ្វើពីបេតុង ដោយទីតាំងទី១ស្ថិតនៅក្នុងសង្កាត់ស្លរក្រាម និងទីតាំងទី២ សង្កាត់នគរធំ ក្រុងសៀមរាប។


នៅរមណីយដ្ឋានអង្គរ ក្រៅពីដើរទស្សនានៅតាមប្រាសាទនានា ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចធ្វើដំណើរតាមមធ្យោបាយកង់ទស្សនាទេសភាពដ៏ស្រស់ស្អាតអមដោយរុក្ខជាតិតូចធំដុះសងខាងផ្លូវ។ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងសុវត្ថិភាពដល់ភ្ញៀវទេសចរ រួមទាំងពលរដ្ឋ សិស្សានុសិស្ស ដែលនិយមធ្វើដំណើរដោយកង់ អាជ្ញាធរជាតិអប្សរា បានសាងសង់ស្ពានលើកំណាត់ផ្លូវកង់ចំនួន ២ទីតាំង។ 
 
បើតាមអាជ្ញាធរជាតិអប្សរា ស្ពានទី១ មានប្រវែង ១៥០ម៉ែត្រ ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម និងស្ពានទី២ មានប្រវែង ២៥ម៉ែត្រ ស្ថិតក្នុងភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ អាជ្ញាធរជាតិអប្សរា អះអាងថា ស្ពាននេះ នឹងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ និងផ្ដល់ជាបទពិសោធន៍ថ្មីដល់អ្នកទស្សនា និងអ្នកនិយមធ្វើដំណើរដោយមធ្យោបាយកង់ ពិសេសសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងសិស្សានុសិស្ស។


   រូបភាពពីអាជ្ញាធរជាតិអប្សរា

សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យប្រើប្រាស់ផ្លូវកង់ប្រវែង ២៣គីឡូម៉ែត្រ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ផ្លូវកង់នេះ មានភាពបត់បែនតាមធម្មជាតិ និងបត់បែនតាមដើមឈើតូចធំ ចាប់ពីចំណុចផ្លូវលំក្បែរកន្លែងត្រួតពិនិត្យសំបុត្រចាស់ លើផ្លូវហ្សាលដឺហ្គោល កាត់តាមក្រោយអង្គរវត្ត កាត់តាមប្រាសាទក្រវ៉ាត់ ឆ្ពោះទៅខាងកើតប្រាសាទបន្ទាយក្ដី កាត់តាមប្រាសាទតាព្រហ្ម រហូតដល់ស្ពានប្រាសាទតាកែវ។ ចំណែកផ្លូវវង់ធំ ផ្លូវកង់នេះផ្តើមពីស្រះស្រង់ កាត់តាមប្រាសាទប្រែរូប រហូតដល់ខ្លោងទ្វារដីឆ្នាំង៕ 
 

 រូបភាពពីអាជ្ញាធរជាតិអប្សរា
 

Tag:
 ទេសចរណ៍
  សៀមរាប
  ផ្លូវកង់
© រក្សាសិទ្ធិដោយ thmeythmey.com