ជាតិ
ពីនេះ ពីនោះ
«ពស់ប្រមោយដំរី» ដែលជាសត្វកម្រ អាចរស់បាន ៦ឆ្នាំ
10, Sep 2021 , 8:59 am        
រូបភាព
 ពស់ប្រមោយដំរី (Elephant Trunk Snake)។ រូបភាព Vince Adam Photography ។
ពស់ប្រមោយដំរី (Elephant Trunk Snake)។ រូបភាព Vince Adam Photography ។
«ពស់ប្រមោយដំរី» ជាអម្បូរឧរគសត្វរស់នៅក្នុងទឹក គ្មានពិស រស់បានអាយុពី៥ ទៅ៦ឆ្នាំ។ ពស់ប្រភេទនេះពណ៌ត្នោត ហើយភាគច្រើនមានក្បាលសំប៉ែត នៅតាមបណ្ដោយពោះពណ៌លឿងស្រាល ស្បែកយារ និងមានស្រកាដូចបន្លាតូចល្អិតៗ។ ជាទូទៅពស់នេះ អាចមានប្រវែងជាង ២ម៉ែត្រ ប៉ុន្តែពស់ញីវិញ អាចមានទំហំខ្លួនធំជាងពស់ឈ្មោល ២ដងឯណោះ។


យោងតាមប្រភព SoftSchools.com ពស់ប្រភេទនេះ នៅតាមបណ្ដាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍រួមមាន កម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ វារស់នៅក្នុងទឹកសាប ដែលមានសីតុណ្ហភាពឧណ្ហៗ តាមតំបន់ខ្សាច់នៃទន្លេ ប្រឡាយ បឹង តំបន់ទឹកសាបលាយទឹកប្រៃជិតសមុទ្រ និងតំបន់ដីសណ្ដជាដើម។ 
 
យោងតាមប្រភពដដែល របៀបរស់នៅរបស់សត្វនេះវិញ វាចំណាយពេញមួយជីវិតរបស់វានៅក្នុងទឹក ច្រើនជាងលើកគោកដោយសារស្បែកយារ ពិបាកបំលាស់ទី។ ដូច្នេះការរស់នៅក្នុងទឹក ផ្ដល់ភាពងាយស្រួលជាង។ ទោះបីជាវាចំណាយពេលច្រើនរស់ក្នុងទឹកពិតមែន តែវាឡើងមកលើគោក ៤០នាទីម្ដង នៅពេលវាអស់ខ្យល់ក្នុងសួត។ ការចិញ្ចឹមជីវិតរបស់ពស់នេះ គឺវាចេញរកស៊ីតែពេលយប់ ដោយការប្រមាញ់សត្វជាអាហារ ដូចជាត្រី និងពពួកល្មូនផ្សេងទៀត។ វិធីសាស្ត្រប្រមាញ់សត្វរបស់វា គឺការលាក់ខ្លួន ក្នុងការចាំឆ្មក់ចាប់ ចំណីរបស់វាតែម្ដង។ 
 
ចំពោះការបង្កកំណើតសត្វពស់នេះ មានភាពខុសពីពស់មួយចំនួន។ ខុសគ្នាត្រង់ថា វាទុកស៊ុតនោះក្នុងខ្លួន រហូតញាស់ជាកូន ទើបវាបញ្ចេញមកក្រៅ។ ការបង្កកំណើតម្ដងៗ វាអាចបង្កើតកូនបានពី ៦ ទៅ ១៧ក្បាល ក្រោយការផើម ៦ខែ ទៅ ៧ខែ។ 
  

 ពស់ប្រមោយដំរី (Elephant Trunk Snake)។ រូបភាព Vince Adam Photography ។

យ៉ាងណាមិញ ពស់ប្រមោយដំរីនេះ លោក សុខ វិជ្ចា អ្នកបច្ចេកទេសក្នុងសួនកេសរកូល សុខ អាន ភ្នំគូលែន អះអាងថា នៅកម្ពុជាពស់ប្រភេទនេះជាសត្វកម្រ ដែលមានវត្តមាននៅតាមតំបន់ទឹកប្រៃលាយទឹកសាប ខេត្តកោះកុង និងទន្លេសាប ជាដើម។ 
 
លោក សុខ វិជ្ជា បន្ថែមដូច្នេះថា៖«ពស់ហ្នឹងយើងកម្រឃើញ នៅកម្ពុជា តែបើយើងនិយាយពីព្រៃនៅទូទាំង South Asia(អាស៊ីអាគ្នេយ៍)ទាំងមូលគឺវាសម្បូរវិញ។ អ៊ីចឹងបានន័យថា ជួនកាលវត្តមាននៅប្រទេសយើងតិច តែនៅឥណ្ឌូនេស៊ី វាអាចច្រើនជាង»។ 
 
បើតាមការបង្ហោះ លើទំព័រហ្វេសប៊ុក លោក សុខ វិជ្ជា ពស់ប្រមោយដំរី ជាប្រភេទពស់កម្រឃើញ និងរងគ្រោះពីការការជួយដូរ ដោយសារស្បែកវាមានតម្លៃថ្លៃ។ 
ក្នុងមួយឆ្នាំៗពស់ប្រមោយដំរីរាប់ពាន់ក្បាល ត្រូវបានគេសម្លាប់ យកស្បែកជាវត្ថុធាតុដើមក្នុងឧស្សាហកម្ម និងមួយចំណែកទៀតគេយកសាច់។ ចំពោះចំនួនពស់នេះវិញ មានច្រើនទើបមិនឃើញមានឈ្មោះ របស់ពួកវាក្នុងបញ្ជីសត្វ ដែលជិតផុតពូជ៕
 
 
 
 

Tag:
 ThmeyThmey25
  ពស់ប្រមោយដំរី
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com