កីឡាជាតិ
ជាតិ
លីគកំពូលកម្ពុជា៖ បឹងកេត ប៉ះវិសាខា ដើម្បីកៅអីលេខ១ ខណៈណាហ្គាវើលដ៍ ជួបគិរីវង្សសុខសែនជ័យ
10, Sep 2021 , 3:05 pm        
រូបភាព
ភ្នំពេញ៖ ក្រុមចំនួន៦ នឹងត្រូវប្រកួតគ្នា នៅក្នុងការប្រកួតពានរង្វាន់មិត្តហ្វូន ២០២១ នាថ្ងៃទី១១ កញ្ញា។ ក្នុងនោះមានក្រុមនគរបាលជាតិ ត្រូវប្រកួតជាមួយក្រុមព្រះខ័នរាជស្វាយរៀង ខណៈក្រុមណាហ្គាវើលដ៍ត្រូវជួបគិរីវង្សសុខសែនជ័យ។ ចំណែកបឹងកេត ត្រូវប៉ះវិសាខា ដើម្បីកៅអីលេខ១។


ក្រុមនគរបាលជាតិ ត្រូវបើកទ្វារស្វាគមន៍ក្រុមព្រះខ័នរាជស្វាយរៀង នាកីឡដ្ឋានសេវេនអេនជី ។ នារដូវកាលនេះ ក្រុមនគរបាលជាតិ ហាក់ដូចជាដុនដាបបន្តិច ដោយមិនទាន់ស្គាល់ជ័យជម្នះឡើយ ឆ្លងកាត់១០ប្រកួតមកនេះ។ នគរបាលជាតិឈរនៅបាតតារាង ដោយមាន៣ពិន្ទុ ក្រោយចាញ់៧លើក និងស្មើ៣ប្រកួត។ 
 
សម្រាប់ការប្រកួតនេះ អាចជាការលំបាកសម្រាប់នគរបាលជាតិដែរ ព្រោះពួកគេត្រូវប្រឈមមុខជាមួយព្រះខ័នរាជស្វាយរៀង ដែលកំពុងស្រែកឃ្លានជ័យជម្នះ ដើម្បីកៅអីកំពូលតារាង។ ព្រះខ័នរាជស្វាយរៀង ឈរលេខ៤ ក្រោយឆ្លងកាត់១១ប្រកួត ដោយឈ្នះ៧ ស្មើ១ និងចាញ់៣ប្រកួត មាន២២ពិន្ទុក្នុងដៃ។
 
ចំណែកគូរជក់ចិត្តមួយទៀត ដែលត្រូវប្រកួតនៅម៉ោងដំណាលគ្នាដែរនោះ គឺជាការជួបគ្នារវាងក្រុមម្ចាស់ផ្ទះ បឹងកេត និងវិសាខា នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ ។ មួយគូរនេះ គឺកំពុងប្រទាញប្រទង់គ្នាយ៉ាងខ្លាំង នៅក្នុងតារាង ដោយបឹងកេត ឈរនៅលេខ៣ មាន២៤ពិន្ទុ ក្រោយឈ្នះ៨ និងចាញ់៣ប្រកួត។ បឹងកេត តាមពីក្រោយវិសាខា ដែលឈរនៅកំពូលតារាងតែ១ពិន្ទុប៉ុណ្ណោះ។ ចំណែកវិសាខា ជាក្រុមមិនទាន់ស្គាល់ពាក្យថា ចាញ់ឡើយ ក្នុងប្រកួត១១លើកកន្លងមកនេះ ដោយពួកគេឈ្នះ៧ និងស្មើ៤ប្រកួត មាន២៥ពិន្ទុក្នុងដៃ។
 
ដោយឡែកក្រុមគិរីវង់សុខសែនជ័យ ក៏ត្រូវទទួលភ្ញៀវណាហ្គាវើលដ៍ នាកីឡដ្ឋានគិរីវង់សុខសែនជ័យផងដែរ។ ក្រុមទាំងពីរនេះ មានគម្លាតពីគ្នា ចំនួន៧ពិន្ទុ ដោយណាហ្គាវើលដ៍ ឈរលេខ៦ ក្រោយឈ្នះ៥ ស្មើ៤ និងចាញ់១ប្រកួត មាន១៩ពិន្ទុ។ ចំណែកគិរីវង់សុខសែនជ័យ មាន១២ពិន្ទុ ក្រោយឈ្នះ៤ និងចាញ់៦ប្រកួត។
 
ក្រៅពីការប្រកួតនេះ ក៏មានការប្រកួត៣គូទៀត នាថ្ងៃទី១២ កញ្ញាដែរ។ ក្នុងនោះក្រុមព្រៃវែង ត្រូវបើកទ្វារទទួលក្រុមអាស៊ីអឺរ៉ុប នាកីឡដ្ឋានខេត្តព្រៃវែង ។ ចំណែក អគ្គិសនីកម្ពុជា ត្រូវជួបកងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ខណៈអង្គរថាយហ្គឺរ ត្រូវស្វាគមន៍ភ្នំពេញក្រោន ដែលជាក្រុមឈរលេខ២ នាកីឡដ្ឋានអេសអយូ។ ៣គូនេះ នឹងត្រូវប្រកួតម៉ោង៣៖ ៣០នាទីរសៀល ដូចគ្នា។

Tag:
 បឹងកេត
  វិសាខា
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com