កីឡាអន្តរជាតិ
អន្តរជាតិ
Raducanu ក្លាយជាកីឡាការិនីវាយកូនបាល់អង់គ្លេសដំបូងបំផុត ឈានដល់វគ្គផ្តាច់ព្រ័ត្រ US Open
10, Sep 2021 , 5:29 pm        
រូបភាព
Emma Raducanu បានក្លាយជាកីឡាការិនីវាយកូនបាល់វ័យក្មេងអង់គ្លេសដំបូងបំផុត ក្នុងប្រវត្តិសាស្ត្រ ដែលអាចឈានដល់វគ្គផ្តាច់ព្រ័ត្រ US Open។ Raducanu បានទម្លាក់ Maria Sakkari នៅជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅទីលានក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក។



កីឡាការិនីដ៏ស្រស់ស្អាត វ័១៨ឆ្នាំរូបនេះ បានដើរលើផ្លូវនៃក្តីសុបិនរបស់ខ្លួនក្នុងជ័យជម្នះ ៦-១ និង ៦-៤ លើកីឡាការិនីលំដាប់ទី១៧ពិភពលោក Sakkari ជាមួយការបង្ហាញទេពកោសល្យដ៏អស្ចារ្យ និងមិនគួរឱ្យជឿ។
 
បន្ទាប់ពីឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Raducanu បានជាស្ត្រីជនជាតិអង់គ្លេសដំបូងគេ ដែលអាចបង្ហាញខ្លួន ក្នុងវគ្គផ្តាច់ព្រ័ត្រឯកត្តជនកីឡាវាយកូនបាល់កម្រិតពិភពលោក ក្នុងរយៈពេល ៤៤ ឆ្នាំ។
  


«ពេលវេលាប្រកួត US Open នៅញូវយ៉កបានកន្លងផុតទៅលឿនណស់។ ខ្ញុំបានព្រឹត្តិព្រាងពីមួយថ្ងៃទៅមួយថ្ងៃ ហើយបីសប្តាហ៍ក្រោយមកខ្ញុំបានឈានដល់វគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំពិតជាមិនជឿខ្លួនឯងទេ»។ នេះជាការអះអាងរបស់ Raducanu ដោយបញ្ជាក់ថា ចូលដល់វគ្គនេះ មិនស្រួលទេ ពោលគឺបន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះចំនួន ៣ លើក រហូតដល់វគ្គចាប់ឆ្នោត។
Raducanu នឹងត្រូវតទល់ជាមួយ Leylah Fernandez នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ Grand Slam នៅទឹកដីអាមេរិកឆ្នាំ២០២១នេះ នៅថ្ងៃទី១១ ខែកញ្ញា។
 
សូមបញ្ជាក់ថា Virginia Wade វ័យ៧៦ឆ្នាំដែលមានវត្តមាននៅក្នុងជំនួបរវាង Raducanu និង Sakkari ជាស្ត្រីដំបូងគេរបស់អង់គ្លេស ដែលឈានដល់វគ្គផ្តាច់ព្រ័ត្រ US Open នៅឆ្នាំ១៩៦៨ និងវគ្គផ្តាច់ព្រ័ត្រ Wimbledon នៅឆ្នាំ១៩៧៧៕
 

Tag:
 Emma Raducanu
  US Open
  Grand Slam
© រក្សាសិទ្ធិដោយ thmeythmey.com