កីឡាអន្តរជាតិ
អន្តរជាតិ
Boateng ជាប់ចោទពីបទដាល់អតីតមិត្តស្រី និងរងពិន័យជាង២លានដុល្លារ
10, Sep 2021 , 9:29 pm        
រូបភាព
Jerome Boateng អតីតខ្សែការពារ Bayern Munich ត្រូវបានរកឃើញថា ប្រើហិង្សាលើអតីតមិត្តស្រីខ្លួន។ ក្រោមបទចោទនេះខ្សែការពារដែលផ្លាស់ទៅ Lyon ត្រូវបង់ប្រាក់ពិន័យ ១,៥ លានផោន (២,០៨លានដុល្លារអាមេរិក)។


បើតាមការផ្សាយរបស់កាសែត BBC ខ្សែការពារជម្រើសជាតិអាល្លឺម៉ង់រូបនេះ បានបដិសេធថា មិនបានធ្វើបាបម្តាយកូនស្រីភ្លោះរបស់ខ្លួន ឱ្យរងរបួសនោះឡើយ។ អតីតមិត្តស្រី Boateng ឈ្មោះ Sherin S បានដាក់ពាក្យបណ្តឹង ដោយចោទអតីតកីឡាករ Man City ថា បានវាយដំលើខ្លួនអំឡុងឈ្លោះប្រកែកគ្នា នៅថ្ងៃសម្រាកលំហែកាយ កាលពីឆ្នាំ ២០១៨។
 
Sherin បានប្រាប់តុលាការនៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ថា Boateng ដែលជួយជម្រើសជាតិអាល្លឺម៉ង់ឈ្នះ World Cup ឆ្នាំ ២០១៤ បានដាល់នាងយ៉ាងខ្លាំង ហើយនាងស្ទើរដាច់ខ្យល់មួយរំពិចនោះ។


 
ក្រោមច្បាប់អំពើហិង្សាក្នុងគ្រួសាររបស់អាល្លឺម៉ង់ Boateng វ័យ៣៣ឆ្នាំ អាចជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។ យ៉ាងណាក៏ដោយ នៅក្នុងតុលាការ សាក្សីរបស់ខ្សែការពារឆ្នើម Bayern Munich រូបនេះបានពិពណ៌នាខុសពីអ្វីដែលនាង Sherin រៀបរាប់។ សាក្សីរៀបរាប់ថា Boateng មិនបានដាល់អតីតមិត្តស្រីរបស់គេទេ តែបានយកប្រអប់មួយតូចគប់ប៉ុណ្ណោះ អំឡុងឈ្លោះប្រកែកគ្នា នាវិស្សមកាលនៅការ៉ាអ៊ីប ក្នុងខែកក្កដាឆ្នាំ ២០១៨។
 
បើទោះកិច្ចផុតពីការដាក់ពន្ធនាគារ ប៉ុន្តែ Boateng តម្រូវឱ្យបង់ប្រាក់ជំងឺចិត្តជាង២លានដុល្លារ ទៅកាន់អតីតមិត្តស្រី ដែលមានកូនស្រីភ្លោះជាមួយខ្លួនផងនោះ។
Boateng ដែលឈ្នះពានរង្វាន់ចំនួន២២ នៅ Bayern Munich រួមទាំង Champions League ២ ដង និង Bundesliga ៩ សម័យកាល បានផ្លាស់ទៅ Lyon នៃលីគកំពូលបារាំង ដោយគ្មានតម្លៃផ្ទេរ បន្ទាប់ពីកិច្ចសន្យារបស់គេផុតកំណត់កាលពីថ្មីៗនេះ៕
 

Tag:
 Jerome Boateng
© រក្សាសិទ្ធិដោយ thmeythmey.com