អន្តរជាតិ
១១កញ្ញា ជាហេតុការណ៍ភេរវកម្មលើអគារពាណិជ្ជកម្មនៅអាម៉េរិក
11, Sep 2021 , 11:19 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ត្រលប់ទៅ ២០ឆ្នាំមុន វាមានព្រឹត្តិការណ៍ដ៏ក្តៅគគុកមួយ ដែលប្រជាជនអាម៉េរិក ក៏ដូចជាថ្នាក់ដឹកនាំប្រទេសមហាអំណាចមួយនេះ មិនអាចបំភ្លេចបាន។ កាលនោះ ភេរវករចំនួន ១៩រូប ដែលមានពាក់ព័ន្ធជាមួយក្រុមអាល់កៃដា បានបញ្ជាយន្តហោះបុកអាគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក រួមទាំងមន្ទីរបញ្ចកោណផង។ នេះគឺជាការវាយប្រហារដ៏អាក្រក់បំផុតនៅលើទឹកដីអាម៉េរិក។

 
នៅចន្លោះម៉ោង ៧ និង ៥៩នាទី ទៅ ៨ និង ៤២នាទីព្រឹក យន្តហោះដឹកអ្នកដំណើរចំនួន ៤គ្រឿង បានហោះចេញពីអាកាសយានដ្ឋានចំនួន ៣ ក្នុងនោះមានដូចជា អាកាសយានដ្ឋានក្រុង Boston រដ្ឋ Los Angeles, អាកាសយានដ្ឋានក្រុងវ៉ាស៊ីនតោន និងអាកាសយានដ្ឋានក្រុងNewark រដ្ឋNew Jersey។ បន្ទាប់ពីហោះឡើង យន្តហោះទាំង ៤គ្រឿងនោះ ត្រូវបានក្រុមភេរវករចំនួន ១៩រូប ប្លន់យក។ អ្នកទាំងនោះ សុទ្ធតែមានពាក់ព័ន្ធជាមួយក្រុមអាល់កៃដា ដែលជាក្រុមភេរវករដ៏ល្បីមួយ និងមានវត្តមាននៅអាហ្វហ្កានីស្ថាន, ប៉ាគីស្ថាន និងតំបន់ផ្សេងទៀត។ 
 
បន្ទាប់ពីប្លន់បានយន្តហោះទាំងនោះ ប្រតិបត្តិការវាយប្រហាររបស់ក្រុមភេរវករលើដែនដីអាម៉េរិក បានចាប់ផ្តើម។ នៅវេលាម៉ោង ៨ និង ៤៦នាទីព្រឹក យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានបុកអាគារពាណិជ្ជកម្មផ្នែកខាងជើង (North Tower)។ មនុស្សចំនួន ៩២នាក់ ដែលមានវត្តមានលើយន្តហោះ គឺស្លាប់ទាំងអស់។ នៅម៉ោង ៩ និង៣នាទីព្រឹក ពោលគឺប៉ុន្មាននាទីបន្ទាប់ប៉ុណ្ណោះ យន្តហោះមួយគ្រឿងទៀត បានបើកបុកអាគារពាណិជ្ជកម្មផ្នែកខាងត្បូង (South Tower)ទៀត។ គ្រានោះ លោកប្រធានាធិបតីអាម៉េរិក George W. Bush កំពុងមានវត្តមាននៅសាលាមួយកន្លែងក្នុងរដ្ឋ Florida។ មនុស្សចំនួន ៦៥នាក់ នៅលើយន្តហោះ បានទទួលមរណភាពទាំងអស់។ 
 
ការវាយប្រហារ មិនទាន់បានបញ្ចប់ឡើយ ព្រោះយន្តហោះចំនួនពីរគ្រឿងទៀត មិនទាន់បំពេញបេសកម្មរបស់ខ្លួន។ នាវេលាម៉ោង ៩ និង ៣៧នាទីព្រឹក យន្តហោះមួយគ្រឿង បានបើកបុកមន្ទីរបញ្ចកោណអាម៉េរិក​ (Pentagon)។ មនុស្សចំនួន ៦៤នាក់លើយន្តហោះ ក៏ត្រូវបានស្លាប់ដែរ។ ចំណែកមន្ទីរបញ្ចកោណ បានខូចខាតតែមួយជ្រុងប៉ុណ្ណោះ។ 
 
ការវាយប្រហារទាំង ៣លើកនេះ បានធ្វើឱ្យអាម៉េរិក បិទដែនអាកាសរបស់ខ្លួនទាំងអស់ នៅម៉ោង ៩ និង៤៥នាទី ខណៈយន្តហោះដែលប្រតិបត្តិការទាំងអស់ ត្រូវបញ្ជាឱ្យចុះចត។ ទន្ទឹមនេះ រដ្ឋាភិបាលអាម៉េរិក ក៏បានបញ្ចាឱ្យជម្លៀសមន្រ្តីនៅសេតវិមាន និងសភាផងដែរ។ 
 
អាគារពាណិជ្ជកម្មផ្នែកខាងត្បូង នៅវេលាម៉ោង ៩ និង ៥៩នាទីព្រឹក បានបាក់រលំ។ នាវេលា ១០ និង ៣នាទី យន្តហោះមួយគ្រឿង បានធ្លាក់នៅរដ្ឋ Pennsylvania បន្ទាប់ពីមានការប្រតាយប្រតប់រវាងក្រុមភេរវករ និងអ្នកដំណើរ ដែលបានដឹងដំណឹងពីការវាយប្រហារនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងមន្ទីរបញ្ចកោណ។ អ្នកដំណើរ ក្នុងយន្តហោះមួយនេះ បានបាត់បង់ជីវិតទាំងអស់។ ក្រោយមកសមាជិកក្រុមអាល់កៃដា បានប្រកាសថា យន្តហោះមួយគ្រឿងនោះ មានបំណងវាយប្រហារលើវិមាន US Capitol។ នៅម៉ោង ១០ និង ២៨នាទី អាគារពាណិជ្ជកម្មផ្នែកខាងជើង ក៏បានដួលរលំផងដែរ។ 
 
ការវាយប្រហារនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០០០នាក់ ខណៈសមាជិកកងពន្លត់អគ្គិភ័យនៃទីក្រុងញូវយ៉ក ចំនួន ៣៤៣នាក់ បានបាត់បង់ជីវិតដែរ ដោយសារតែព្យាយាមជួយសង្រ្គោះជីវិតមនុស្ស។ ធូលី និងកម្ទេចដែលចេញពីការដួលរលំអាគារពាណិជ្ជកម្ម បានធ្វើឱ្យប៉ះពាល់សុខភាពប្រជាជនអាម៉េរិកយ៉ាងខ្លាំង។ មនុស្សជាច្រើនពាន់នាក់ បានប្រឈមនឹងជំងឺផ្លូវដង្ហើម ក៏ដូចជាជំងឺមហារីក។ 
 
ការវាយប្រហារនេះ បានជះផលប៉ះពាល់ដ៏អាក្រក់ដល់សេដ្ឋកិច្ចអាម៉េរិក។ នៅថ្ងៃដំបូងបន្ទាប់ពីការវាយប្រហារ ទីផ្សារពាណិជ្ជកម្មចំនួន ៧,១ភាគរយបានធ្លាក់ចុះ។ គ្រាន់តែនៅក្នុងទីក្រុងញូវយ៉កតែមួយប៉ុណ្ណោះ ការងារជាង ១៤ម៉ឺនកន្លែង ត្រូវបាត់បង់នៅមួយខែដំបូង។ ប្រាក់ខែក្នុងរយៈពេល ៣ខែដំបូង ចំនួន ២,៨ពាន់លានដុល្លារ ក៏បាត់បង់ដែរ។ វិស័យអាកាសចរណ៍ និងដឹកជញ្ជូន បានបាត់បង់ការងារចំនួន ៦០ភាគរយ។ 
 
ស្របគ្នានោះ ការខូតខាតនៃមជ្ឈមណ្ឌលពាណិជ្ជកម្មមានទំហំ ៦០ពាន់លានដុល្លារ ខណៈថ្លៃសម្អាតកន្លែងខូតខាតមានចំនួន​ ៧៥០លានដុល្លារ។ ក្រៅពីការខូតខាត អាម៉េរិក ត្រូវគិតគូរដល់ជនរងគ្រោះថែមទៀត។ ចាប់ពីឆ្នាំ ២០០១ ដល់ ២០០៤ សំណងទំហំ ៧ពាន់លានដុល្លារ ត្រូវបានផ្តល់ឱ្យគ្រួសារជនរងគ្រោះ និងអ្នករបួសក្នុងការវាយប្រហារនោះ។ 
 
ការបង្កើតច្បាប់សន្តិសុខជាតិ
 
ដោយបារម្ភពីការវាយប្រហាររបស់ក្រុមភេរវករ និងលិខិតម្យ៉ាងដែលមានផ្ទុកជំងឺឆ្លង អាម៉េរិក បានអនុម័តច្បាប់សន្តិសុខជាតិ នៅក្នុងឆ្នាំ២០០២។ ច្បាប់នេះផងដែរ បានបង្កើតក្រសួងសន្តិសុខជាតិ (Department of Homeland Security) ដើម្បីទប់ស្កាត់ភេរវកម្ម សន្តិសុខតាមព្រំដែន ការចំណាកស្រុក និងការទប់ស្កាត់គ្រោះមហន្តរាយជាដើម។ 
 
ការផ្លាស់ប្តូរការធ្វើដំណើរតាមផ្លូវអាកាស
 
មុនហេតុការណ៍ថ្ងៃទី១១ ខែកញ្ញា ការត្រួតពិនិត្យនៅអាកាសយានដ្ឋាន មិនតឹងរ៉ឹងខ្លាំងពេកឡើយ។ អាកាសយានដ្ឋាន មិនសូវរឹតបន្តឹងសន្តិសុខ ខណៈកន្លែងត្រួតពិនិត្យក៏មិនវែងខ្លាំងដែរ។ ប៉ុន្តែវាត្រូវបានបញ្ចប់ ដោយសារការវាយប្រហារលើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។ 
 
មិនត្រឹមតែនៅអាម៉េរិកប៉ុណ្ណោះទេ អាកាសយានដ្ឋាននៅប្រទេសផ្សេងទៀត ក៏បានរឹតបន្តឹងសន្តិសុខផងដែរ ដើម្បីការពារសន្តិសុខ និងទប់ស្កាត់សកម្មភាពភេរវកម្ម។ វិធានការសន្តិសុខនោះមានដូចជា អ្នកដំណើរ អាចនឹងត្រូវបានស្នើឱ្យដោះខ្សែរក្រវ៉ាត់ និងយកវត្ថុផ្សេងទៀតចេញពីកាប៉ូប ដើម្បីត្រួតពិនិត្យ ឬស្កេន។ ស្បែកជើង ក៏អាចដោះនៅកន្លែងត្រួតពិនិត្យសន្តិសុខផងដែរ។ ចំណែកកូនកាំបិត អាចនឹងដកហូត ដើម្បីសុវត្ថិភាពលើយន្តហោះ។ 
 
ទ្វារកន្លែងអ្នកបើកបរយន្តហោះ ត្រូវបានរឹតបន្តឹង ដើម្បីការពារហេតុការណ៍ផ្សេងៗ។ មុនព្រឹត្តិការណ៍ ថ្ងៃទី១១ ខែសីហា ពហុនិការអាចមានសោរសម្រាប់ចាក់ទ្វារនោះ។ ដើម្បីទប់ស្កាត់ករណីប្លន់យន្តហោះ ឬសកម្មភាពគំរាមកំហែងផ្សេងៗ ប្រព័ន្ធបិទបើកទ្វារ អនុញ្ញាតឱ្យតែអ្នកបើកបរយន្តហោះតែមួយគត់ អាចបើកបាន៕
 

Tag:
 អាមេរិក
  អាល់កៃដា
© រក្សាសិទ្ធិដោយ thmeythmey.com